ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៤ បុរស​ជនជាតិ​ស្វី​ស ដែល​បាន​បើកបរ​ម៉ូតូ​ធំ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ប្រចាំការ​លើ​ផ្លូវ​ល្បឿន​លឿន​នាំ​ខ្លួន​មក​ធ្វើការ​អប់រំ​ណែនាំ​ផាកពិន័យ និង​ចុះ​កិច្ចសន្យា បន្ទាប់​ពី​បុរស​នោះ​បាន​បើកបរ​ម៉ូតូ​ដោយ​ភាព​ឆ្គាំឆ្គង (​លើកជើង​ដាក់​លើ​ដៃចង្កូត​)…

ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៤ បុរស​ជនជាតិ​ស្វី​ស ដែល​បាន​បើកបរ​ម៉ូតូ​ធំ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ប្រចាំការ​លើ​ផ្លូវ​ល្បឿន​លឿន​នាំ​ខ្លួន​មក​ធ្វើការ​អប់រំ​ណែនាំ​ផាកពិន័យ និង​ចុះ​កិច្ចសន្យា បន្ទាប់​ពី​បុរស​នោះ​បាន​បើកបរ​ម៉ូតូ​ដោយ​ភាព​ឆ្គាំឆ្គង (​លើកជើង​ដាក់​លើ​ដៃចង្កូត​) ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផ្ទាល់ និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ផង​ដែរ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ក៏​បាន​ប្រកាស​ក្រើនរម្លឹក​ជា​ថ្មី អំពី​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន និង​ការ​ចេញចូល​គន្លង​ទាំង ៣​ប្រភេទ នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​គោលការណ៍​សុវត្ថិភាព ការ​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ និង​មិន​ចំណាយពេល​រង់ចាំ​យូរ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​អ្នកបើកបរ​គ្រប់​រូប នៅ​លើ​គ្រប់​ប្រភេទ​ផ្លូវថ្នល់​នឹង​ចូលរួម​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​គ្នា ដើម្បី​កម្ពុជា​មាន​អត្រា​គ្រោះថ្នាក់ និង​អត្រា​បាត់បង់​ជីវិត ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាន់តែ​តិច​ទៅ​ៗ ស្រប​តាម​ផែនការ​ជាតិ​ទសវត្សរ៍​សកម្មភាព សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក ២០២១-២០៣០ ដែល​បាន​ដាក់​ចេញ និង​ផ្សព្វផ្សាយ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ ។

ទន្ទឹម​នឹង​វិធានការ​លើ​អ្នកបើកបរ​ម៉ូតូ​ខាងលើ​នេះ ប៉ូលិស​ចរាចរណ៍ គួរតែ​អនុវត្ត​វិធានការ​អប់រំ​ណែនាំ​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា លើ​អ្នកបើកបរ​មួយ​ចំនួន​ទៀត ពិសេស​លើ​ផ្លូវ​ដែល​មាន​ទ្រូង​ពុះ​ចែកផ្លូវ​ដូច​ជា ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ផ្លូវ​ហាណូយ​-​ភ្នំពេញ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៥ ជាដើម គឺ​អ្នកបើកបរ​ឡាន​មួយ​ចំនួន ពិសេស​ឡាន​ដឹក​ទំនិញ​ធំ​ៗ រួម​ទាំង​ឡាន​កុងតឺន័រ​ផង គឺ​នៅ​បើក​យឺត​ៗ លើ​គន្លង​ខាងឆ្វេង​ដៃ​អែប​នឹង​ទ្រូងផ្លូវ ។ នេះ គឺជា​ការ​យល់​ខុស និង​ល្មើសច្បាប់ ដែល​ត្រូវ​តែ​ផាកពិន័យ​អប់រំ និង​ធ្វើ​កិច្ចសន្យា ។

មែនទែន​ទៅ បើ​អ្នក​បាន​ឆ្លងកាត់​ការ​រៀន​បើកបរ និង​ប្រឡង​យក​បណ្ណ​បើកបរ​តាម​សមត្ថភាព គឺ​ច្បាស់​ជា​ដឹង​ថា នៅ​គន្លង​ខាងឆ្វេង​ដៃ​សម្រាប់​តែ​ការ​បើកបរ​វ៉ា​ជែង និង​អ្នកបើកបរ​ក្នុង​ល្បឿន​លឿន ។ សម្រាប់​អ្នកបើកបរ​យឺត​ៗ ត្រូវ​បើកបរ នៅ​គន្លង​ផ្លូវ​ខាងស្តាំ​ដៃ ។

អ្នកបើកបរ​ឡាន​មួយ​ចំនួន​នៅ​បើក​យឺត​នៅ​គន្លង​ខាងឆ្វេង​ដៃ ហើយ​គេ​សុំ​ផ្លូវ បើក​ស៊ី​ញ៉ូ​ផង ស៊ី​ផ្លេ​ផង ក៏​នៅ​តែ​មិន​ជៀស​មក​គន្លង​ខាងស្តាំ ដោយ​ទុក​ឱ្យ​អ្នក​វ៉ា​ជែង ត្រូវ​បង្ខំចិត្ត វ៉ា​ខាងស្តាំ​ដៃ​របស់​ខ្លួន​ទៅ​វិញ ។ នេះ​គឺជា​ឥរិយាបថ មិន​សមរម្យ ហើយ​ក៏​មិន​ត្រូវ​តាម​ច្បាប់​ចរាចរណ៍​ឡើយ ។

យ៉ាងណា​ក៏​ដោយ ការ​ផាកពិន័យ អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​លើ​អ្នកបើកបរ ដែល​មាន​ឥរិយាបថ​មិន​សមរម្យ​នេះ​ត្រូវ​បាន​អ្នកខ្លះ​លើក​ឡើង​ថា អាច​នឹង​មិន​រាងចាល​ទេ បើ​ត្រឹមតែ​ធ្វើ​កិច្ចសន្យា​ដែល​នេះ​គ្រាន់តែ​ជា​គោលការណ៍​រដ្ឋបាល​។ ដូច្នេះ​គេ​ចង់ឱ្យ​កែ​ច្បាប់​ចរាចរណ៍ ហើយ​បង្កើន​ទោស​ក្នុង​ការ​ផាកពិន័យ​ឱ្យ​ច្រើន រួម​ទាំង​ការ​ដាក់​ពិន័យ ដោយ​ធ្វើ​ការងារ​សង្គម ដូច​ជា បោសសម្អាត​ផ្លូវ លាង​បង្គន់​សារ​ធារ​ណ និង​កាប់​ឆ្កា​ព្រៃ​ជាដើម​។

ចំណែក​អ្នកបើកបរ​មិន​ថា អ្នកបើកបរ​ម៉ូតូ រ៉ឺ​ម៉ក​ម៉ូតូ តុ​កតុក ឬ​ក៏​ឡាន​ទេ គឺ​ត្រូវ​តែ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍ ស្លាក​សញ្ញា​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​គោរព​ច្បាប់​ចរាចរណ៍​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ព្រមទាំង​មាន​សីលធម៌​ក្នុង​ការ​បើកបរ ដោយ​យោគយល់ និង​អធ្យាស្រ័យ​គ្នា ។ លើស​លោះ​បន្តិចបន្តួច គេ​វ៉ា គេ​ជែង​យើង​ដោយ​ស៊ី​ផ្លេ សុំ​ផ្លូវ​ជាដើម កុំ​ខឹង​គេ អែប​កៀន​ខាង ហើយ​បើកផ្លូវ​ឱ្យ​គេ​ទៅ​មុន​ទៅ ។

ជា​រួម​អ្នកបើកបរ​ទាំងអស់​ត្រូវ​យល់​ច្បាស់​ពី​ការ​ប្រើប្រាស់​ផ្លូវ​អោយ​ត្រឹមត្រូវ​តាម​ច្បាប់ ។ បើសិនជា​យើង​គ្រប់ គ្នា​កែ​ចរិត​គ្រប់​គ្នា​នោះ​ការ​បើកបរ​តាម​ផ្លូវ​នឹង​កាន់តែ​រលូន ហើយ​កាត់​បន្ថយ​បាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ស្លា​.​ប់​តាម​ដងផ្លូវ ។ កម្ពុជា​ត្រូវ​តែ​ជា​ប្រទេស​ដែល​ប្រជាជន​ទាំងអស់​យល់ និង​គោរព​ច្បាប់ បើសិនជា​យើង​ចង់អោយ​ប្រទេស​កាន់តែ​ជឿនលឿន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ