ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆោឡោ​ពេញវត្ត​កោះអណ្តែត​ប្រឆាំង​ក្រុមហ៊ុន​ជីកយក​ខ្សាច់​មាត់ស្ទឹង​លក់

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ អាជ្ញា​ធរ​ស្រុក​អង្គ​ស្នួល ​ដឹក​នាំ​ដោយ​លោក​នីម ​នីរ៉ា​ដេត ​កាល​ពី​ព្រឹក​​ថ្ងៃ​ទី​២៥ ឧសភា បាន​ចុះ​ទៅ​ប្រជុំ​​ដោះស្រាយ​​ជា​មួយ​គណៈ​​កម្ម​ការ​អាចារ្យ​ និង​ព្រះសង្ឃ​វត្ត​កោះ​អណ្តែត​ ​បន្ទាប់​ពី​មាន​បណ្តឹង​សុំ​អន្តរាគមន៍​​ឱ្យ​​ហាម​ឃាត់​​ឈ្មួញ​​ដែល​ប៉ុន​ប៉ង​​ជីក​ដី​លក់​ និង​បាន​អះ​អាង​ថា ដី​នោះ​គឺជា​ដី​វត្ត​សុទ្ធ​សាធ​មិន​អាច​ឱ្យ​ឈ្មួញ​ជីក​បាន​ឡើយ

ខេត្តកណ្តាល ៖ អាជ្ញា​ធរ​ស្រុក​អង្គ​ស្នួល ​ដឹក​នាំ​ដោយ​លោក​នីម ​នីរ៉ា​ដេត ​កាល​ពី​ព្រឹក​​ថ្ងៃ​ទី​២៥ ឧសភា បាន​ចុះ​ទៅ​ប្រជុំ​​ដោះស្រាយ​​ជា​មួយ​គណៈ​​កម្ម​ការ​អាចារ្យ​ និង​ព្រះសង្ឃ​វត្ត​កោះ​អណ្តែត​ ​បន្ទាប់​ពី​មាន​បណ្តឹង​សុំ​អន្តរាគមន៍​​ឱ្យ​​ហាម​ឃាត់​​ឈ្មួញ​​ដែល​ប៉ុន​ប៉ង​​ជីក​ដី​លក់​ និង​បាន​អះ​អាង​ថា ដី​នោះ​គឺជា​ដី​វត្ត​សុទ្ធ​សាធ​មិន​អាច​ឱ្យ​ឈ្មួញ​ជីក​បាន​ឡើយ ។

​វត្ត​កោះ​អណ្តែត​​មាន​ទីតាំង​នៅ​ជាប់​មាត់​ស្ទឹង​ ស្ថិត​​ក្នុង​ឃុំ​​ក្រាំង​ម្កាក់ ​ស្រុក​អង្គ​ស្នួល។ ​គណៈ​កម្ម​ការ​​អាចារ្យ និង​ព្រះ​សង្ឃ​​បាន​​ឱ្យ​ដឹង​ថា ​ដីវត្ត​កោះ​អណ្តែត​​នេះ​មានទំហំ​ជិត​២១​ហិកតា ប៉ុន្តែ​ដោយ​សារ​តែ​គ្មាន​ថវិកា​សម្រាប់​ធ្វើ​​​របង​ព័ទ្ធ​ដី​ទាំង​អស់​នោះ ទើប​កន្លង​មក​​រប​ង​ដែល​​ធ្វើ​បាន​ត្រឹម​​តែ​​​ព័ទ្ធ​កុំ​ឱ្យ​គោ​ចូល​ស៊ីដំណាំ​ក្នុង​វត្ត​ប៉ុណ្ណោះ ហើយ​នៅ​សល់​ដី​ខាង​ៗ​ជាប់​​នឹង​មាត់​ស្ទឹង​នៅ​ទំនេរ​​ ។ ​លុះ​នៅ​ពេល​ថ្មីៗ​នេះ ​​ក្រុម​ហ៊ុន​​​យស សុគន្ធារី ​បាន​យក​គ្រឿង​ចក្រ​ទៅ​កាយ​ដី​នៅ​ជិត​ផ្លូវនិង​របង​វត្ត​ ទើប​ព្រះសង្ឃ​​ និងគណៈ​កម្ម​ការ​អាចារ្យ​​ ប្តឹង​សុំ​អន្តរាគមន៍​ពី​អាជ្ញា​ធរ​​ស្រុក​ឱ្យ​មក​​ហាម​ឃាត់​។ ប្រភព​ដដែល​បាន​បន្ត​ថា កន្លង​មក​​ដោយ​មាន​ការ​បារម្ភ​ពី​ការ​បាក់​ដី​ចូល​ស្ទឹង​នាំ​​ដល់​ការ​បាក់​របង​វត្ត​ ព្រះសង្ឃ​បាន​ជួល​​គេ​ឱ្យ​ដាំ​ដើម​ឈើ​តាម​មាត់​ស្ទឹង​ ទើប​គ្មាន​​ការ​បាក់​ដី​។ ម្យ៉ាង​ទៀត​​ដី​ដែល​​ក្រុម​ហ៊ុន​​ដាក់​គ្រឿង​​ចក្រ​ទៅកាយ​នោះ គឺ​ជា​រនាំង​ដ៏​សំខាន់​សម្រាប់​​ការ​ពារ​​ប​រិ​វេណ​វត្ត​ទាំង​មូល​មិន​ឱ្យ​បាក់​ចូល​ស្ទឹង។ ​

តាម​ប្រភព​ពី​គណៈកម្ម​ការ​អាចារ្យ​វត្ត​ថា ​វត្ត​នេះ​កើត​​មាន​​តាំងពី​បរម​បុរាណ​មក មិន​តែ​ប៉ុណ្ណោះ​​ក៏មាន​ប្រជា​ពលរដ្ឋ​ខ្លះ​មាន​ដី​នៅ​ជាប់​នោះ​បាន​បរិ​ច្ចាគ​ប្រគេន​​ព្រះ​សង្ឃ​​ និង​មិន​លក់​ដូរ​ឱ្យ​ឈ្មួញ​ជីក​ទេ ​ព្រោះ​ខ្លាច​​បាក់​ដល់​ដី​វត្ត ។​​ ដី​នៅ​ទីនោះ​ជា​ប្រភេទ​ដី​ខ្សាច់​ដែល​ឈ្មួញ​ណា​ឃើញ​ហើយ​ក៏​​ចង់​ទៅ​ជីក​យក​ដែរ ដើម្បី​តែ​ផល​ចំណេញ​​របស់​គេ​ប៉ុណ្ណោះ​ ពួក​គេ​មិន​គិត​ពី​ការ​អន្តរាយ​​​ដល់​វត្ត​អារាមឡើយ ។ ​កន្លង​មក ​ដោយ​សារ​គ្មាន​លទ្ធ​ភាពអភិវឌ្ឍទី​អារាម និង​ផ្លូវ​ថ្នល់​​ ព្រះសង្ឃ​និង​គណៈ​កម្ម​ការ​អាចារ្យ​បាន​អនុ​ញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​មួយ​របស់​លោក​ស៊ិន ​សំអាង ​ជីក​យក​ដី​វត្ត​មួយ​ផ្នែក​លក់​ ព្រោះ​ក្រុម​ហ៊ុន​​នេះ​បាន​សន្យា​ថា កសាង​សមិទ្ធ​ផល​​ក្នុង​វត្ត​ និងធ្វើ​ផ្លូវ​ថ្នល់​ជូន​ប្រជា​ពល​រដ្ឋ ។ លុះ​ពេល​ជីក​​​រួច ​ក្រុម​ហ៊ុន​​នេះ​ក៏​រលាស់​ខ្លួន​ដោយ​យក​​លេស​ថាក្ស័យ​ធន​ ហើយ​​មិន​បាន​ធ្វើ​អ្វីៗ​​ទៅតាម​ការ​សន្យា​របស់​ខ្លួន​​ឡើយ។ ពេល​នេះ​ស្រាប់តែ​​លេច​ចេញ​ក្រុម​ហ៊ុន​មួយ​ទៀត​មក​​ដាក់​គ្រឿង​ចក្រ​កាយ​ទៀត ទើប​​មាន​ការ​ហាម​ឃាត់​ ហើយ​ការ​ហាម​ឃាត់​នេះ​ គឺ​ទុក​សម្រាប់​តែវត្ត​ប៉ុណ្ណោះ។ បើ​​គ្មាន​ការ​​​ការ​ពារ​​ទេ វត្ត នឹង​ត្រូវបាត់​បង់​​ពី​ទី​នោះ​ ព្រោះ​​តែ​ការ​បាក់​ចូល​ទៅ​ក្នុង​ស្ទឹង​មិន​ខាន ។

ដោយ​ឡែក ​តំណាង​ក្រុម​ហ៊ុន​យស ​សុគន្ធារី បាន​ឱ្យ​ដឹងថា ​ការ​វិនិ​យោគ​នេះ​មាន​ច្បាប់​អនុ​ញ្ញាត​ត្រឹម​ត្រូវ​និង​បង់​ថវិកា​ជូន​រដ្ឋ​​ក្នុង​មួយ​ឆ្នាំៗ​អស់​មិន​តិច​ឡើយ ពេល​​នេះ​ក្រុម​ហ៊ុន​ជីក​ដី គឺ​ធ្វើ​ឡើង​ទៅតាម​តែ​ប្លង់​​ដែលច្បាប់​បាន​អនុ​ញ្ញាត​ប៉ុណ្ណោះ ។ ទោះ​បី​​ជា​បែប​ណា​ ព្រះសង្ឃ​​និង​គណៈ​​កម្ម​ការ​អាចារ្យ​វត្ត​បាន​និយាយថា ការ​វិនិ​យោគ​គ្មាន​ការ​​ហាម​ឃាត់​ទេ ​​ប្រសិន​បើ​រដ្ឋ​ចង់​បាន​ដី​នោះ​យក​ទៅធ្វើ​ជា​សាលា​រៀន​ មន្ទីរ​ពេទ្យ ​ឬ​សំណង់​អ្វី​មួ​យសម្រាប់​​ជា​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​​ នោះគឺ​ប្រាក​ដ​ជា​គ្មាន​ការ​ជំទាស់​​​ឡើយ កុំ​ឱ្យ​តែ​ជីក​យក​អាចម៍​ដី​ទៅ​លក់​ ។

​ទាក់​ទិន​​ទៅ​នឹង​កិច្ច​ប្រជុំ​នោះ​អាជ្ញា​ធរ​ស្រុក​អង្គ​ស្នួល​មាន​ទាំង​មន្ត្រី​ការិយា​ល័យ​​ជំនាញ​សុរិយា​ដី​ផង មិន​ទាន់​រក​ដំណោះ​ស្រាយ​​ចេញរួច​នៅឡើយ​ទេ ។ គណៈ​​កម្ម​ការ​អាចារ្យ​ ប្រជា​ពលរដ្ឋ និង​តំណាង​ក្រុម​ហ៊ុន​​បាន​ដើរ​ពិនិត្យ​មើល​ព្រំដែន​​វត្ត​ចប់​សព្វ​គ្រប់​ហើយ ​ប៉ុន្តែ​ពុំ​ទាន់​មាន​​ដំណោះ​ស្រាយ​បែប​​ណា​នៅឡើយ​ រង់ចាំ​ការ​ប្រជុំ​សម្រេច​​លើក​ក្រោយ​​ទៀត ។ ​ប្រជា​ពល​រដ្ឋ​​និយាយថា ​ក្រុម​ហ៊ុន​​នេះ​រក​ស៊ី​ជីក​ដី​មាត់​ស្ទឹង​នោះ​យូរ​មក​ហើយ។ ពេល​នេះ​​អស់​មួយ​កន្លែង ​​ក៏​បាន​ដាក់​គ្រឿង​​ចក្រ​ជីក​ដល់​ដី​វត្ត​ទៀត។ ប៉ុន្តែ​ទោះ​បី​បែប​ណា​ខាងក្រុម​ហ៊ុន​​នៅតែ​អះ​អាង​ថា ខ្លួន​​មាន​ច្បាប់​​អនុ​ញ្ញាត​​ត្រឹម​ត្រូវ និងជីក​តែ​លើ​ដី​ដែលច្បាប់​អនុ​ញ្ញាត​ឱ្យ​ប៉ុណ្ណោះ ៕