ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ឆបោក​តាម​ប្រ​ព​ន្ធ័​បច្ចេកវិទ្យា នៅ​អាគារខុនដូ ឃាត់​ជនសង្ស័យ​០៨​នាក់​ ​ដកហូត​វត្ថុ​តាង​មួយ​ចំនួន

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​អគារ Condo JD polman ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ​ចុះ​ឆែកឆេរ​បង្ក្រាប​ករណី​ឆបោក​តាម​ប្រ​ព​ន្ធ័​បច្ចេកវិទ្យា (Online Scams)…

រាជធានី​ភ្នំពេញ ​៖ ​អគារ Condo JD polman ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ​ចុះ​ឆែកឆេរ​បង្ក្រាប​ករណី​ឆបោក​តាម​ប្រ​ព​ន្ធ័​បច្ចេកវិទ្យា (Online Scams) ​ដោយ​ឃាត់​ជនសង្ស័យ​ជា​ជនបរទេស ចំនួន​០៨​នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាង ​ប្រព្រឹត្ត​បទ​ល្មើស​មួយ​ចំនួន ​។

ប្រតិបត្តិការ​បង្ក្រាប​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ ធ្វើ​ឡើងនៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៦ នៅ​ចំណុច​បន្ទប់​លេខ1316 អាគារ Condo JD polman ស្ថិត​នៅ​ខាងជើង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ នៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយលោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អនុវត្ត​ផ្ទាល់​ដោយ​កម្លាំង​នគរបាល​ជំនាញ​ ផែន​ការងារ​សន្តិសុខ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ ប៊ុ​ន សុ​សិក្ខា ស្នងការ​រង​ទទួល​ផែន សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក​ ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ និង​ក្រោម​ការ​សម្របសម្រួល​នីតិ​ច្បាប់​ដោយ​លោក ​ជា សា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

ជា​លទ្ធផល នៃ​ប្រតិបត្តិការ​បង្ក្រាប​កម្លាំង​អាជ្ញាធរ​ចម្រុះ បាន​ឃាត់ខ្លួន​ជនបរទេស​សរុប ០៨​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ជប៉ុន​ ចំនួន​០៥​នាក់, ចិនតៃវ៉ាន់​ម្នាក់ និង​ចិន​០២​នាក់ ។

កម្លាំង​ជំនាញ​ ក៏​បាន​ធ្វើការ​ដកហូត​សម្ភារៈ និង​វត្ថុ​តាង​ពាក់ព័ន្ធ ​រួម​មាន ៖ ទូរសព្ទ​បម្រើ​ការងារ ចំនួន១៤​គ្រឿង, CPU ចំនួន​០១, Monitor ចំនួន ០១, iPad ចំនួន​០៣​គ្រឿង, អាវ​នគរបាល​ជប៉ុន​ ចំនួន​០៥ និង​មួក​នគរបាល​ជប៉ុន ០២ រួម​ជាមួយ​ឯកសារ​នគរបាល​ក្លែងក្លាយ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ផ្នែក​តាម​កោសល្យ​វិ​ច័យ​របស់​ក្រុម​មន្ត្រី​នគរបាល​ជំនាញ បញ្ជាក់​ថា ៖ ក្រុម​ជនសង្ស័យ​ទាំង​០៨​នាក់ បាន​ប្រើប្រាស់​កម្ពុជា​ ជា​ជម្រក​សម្រាប់​ប្រព្រឹត្តិ​បទល្មើស​ឆក​បោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ក្រោម​រូបភាព​ក្លែង​ជា​សមត្ថកិច្ច​ជប៉ុន និង​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​មាន​បណ្តឹង,​កិច្ចសន្យា និង​ដីការ​ចាប់ខ្លួន ដែល​មាន​គោលដៅ​ប្រព្រឹត្តិ​បទល្មើស​ទៅ​ប្រទេស​ជប៉ុន ។

បច្ចុប្បន្ន ក្រុម​ជនសង្ស័យ ត្រូវ​បា​នប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ