ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនសិស្ស​ម្នាក់​ជូន​ខ្ចៅ​១​ថង់​ធ្វើ​ឱ្យ​អ្នកគ្រូ​ស្ទើរ​ស្រក់​ទឹកភ្នែក ទោះ​ជីវភាព​ខ្វះខាត​ខ្លាំង​ក៏​ដោយ

1 ឆ្នាំ មុន
  • កំពង់ចាម

ពិតជា​មិន​សរសើរ​មិន​បាន ចំពោះ​ទឹកចិត្ត​កូនសិស្ស​រូប​នេះ ទោះបីជា​ខ្លួន​កំពុង​តែ​ពើបប្រទះ​នូវ​ជីវភាព​លំបាក​ក៏​ពិត​មែន ប៉ុន្តែ​កូនសិស្ស​រូប​នេះ​មិន​ខ្វះ​នូវ​ទឹកចិត្ត​នោះ​ឡើយ​។ ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​នេះ កូនសិស្ស​ម្នាក់​បានអោយ​ខ្ចៅ​១​ថង់​ជូន​ដល់​គ្រូបង្រៀន​ជា​

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​មិន​សរសើរ​មិន​បាន ចំពោះ​ទឹកចិត្ត​កូនសិស្ស​រូប​នេះ ទោះបីជា​ខ្លួន​កំពុង​តែ​ពើបប្រទះ​នូវ​ជីវភាព​លំបាក​ក៏​ពិតមែន ប៉ុន្តែ​កូនសិស្ស​រូប​នេះ​មិន​ខ្វះ​នូវ​ទឹកចិត្ត​នោះ​ឡើយ​។ ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​នេះ កូនសិស្ស​ម្នាក់​បានអោយ​ខ្ចៅ​១​ថង់​ជូន​ដល់​គ្រូបង្រៀន​ជា​ឪពុក​ម្តាយ​ទី​២ ដែល​ខិតខំ​ប្រឹងប្រែង​បង្រៀន​ដល់​ប្អូន ធ្វើ​ឱ្យ​អ្នកគ្រូ​រំភើប​ស្ទើរតែ​ស្រក់​ទឹកភ្នែក ខណៈ​ពេល​សិស្ស​បានអោយ​ដោយ​ទឹកចិត្ត​មួយ​នេះ​។

ជា​ការ​ពិត​ណាស់ ខ្ចៅ​មួយ​ថង់​នេះ គឺ​មាន​បងប្អូន​យើង​ចែករំលែក​យ៉ាងច្រើន ក្រោយ​ពេល​អ្នកគ្រូ​បង្រៀន​របស់​សិស្ស​ដែល​មានទឹក​ចិត្តល្អ​ប្រពៃ បាន​ធ្វើការ​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ថា «​ពេល​ចេញលេង ក្មេង​ខ្លះ​ចេញលេង​ខាងក្រៅ​ថ្នាក់រៀន ក្មេង​ខ្លះ​ទៀត​អង្គុយ​លេង​ក្នុង​ថ្នាក់ ចម្លែក​អី​តែ​ពិ​សិទ្ធ គាត់​ដើរមក​ជិត​ខ្ញុំ ហើយ​ក៏​ដើរទៅ​តុ​វិញ រួច​ក៏​ដើរ​ម្ដង​ហើយ​ម្ដងទៀត​ធ្វើ​ឱ្យ​ខ្ញុំ​ឆ្ងល់ ក៏​សួរ​ថា «​កូន​មានរឿង​អី​ចង់​ប្រាប់​អ្នកគ្រូ?​»​។ ពិ​សិទ្ធ​ឆ្លើយ​ថា «​ខ្ញុំ​ចង់​សួរ​អ្នកគ្រូ​ថា អ្នកគ្រូ​ចេះ​ហូប​ខ្ចៅ​ទេ?​» អ្នកគ្រូ​ញញឹម ហើយ​ឆ្លើយ​ថា «​អ្នកគ្រូ​ចេះ ហើយ​ក៏​ចូល​ចិត្ត​ទៀត​ផង​»​។

អ្នកគ្រូ​បង្រៀន​ខាងលើ​បង្ហោះ​ទៀត​ថា «​ពិសិដ្ឋ​ញញឹម​ហើយ​រត់​សំដៅ​តុ​របស់​គាត់​វិញ រួច​យក​ខ្ចៅ​១​ថង់​មក​ហុច​ឱ្យ​ខ្ញុំ បន្ទាប់​មក​ពិសិដ្ឋ​និយាយ​ថា «​ខ្ចៅ​នេះ​ខ្ញុំ​រើស​ពី​ត្រពាំង ស្ងោរ​ឆ្អិន​ហើយ អ្នកគ្រូ​ហូប​ទៅ​»​។ ពិសិដ្ឋ​និយាយ​ទាំង​ទឹកមុខ​ញញឹម ហើយ​សប្បាយ​រីករាយ​ជា​ខ្លាំង​។ អ្នកគ្រូ​ទទួល​ខ្ចៅ​របស់​គាត់ ហើយ​ស្រាយ​ថង់​មើលឃើញ​មាន​ទាំង​បន្លា​ក្រូច​សម្រាប់​ចាក់ ហើយ​ខ្ញុំ​យក​ខ្ចៅ​មក​ចាក់​ញ៉ាំ រួច​ខ្ញុំ​ញញឹម​ដាក់​គាត់​វិញ​។ អ្នកគ្រូ​និយាយ​ទៀត​ថា «​ឆ្ងាញ់​ណាស់​កូន​!»​។ (​គាត់​មិនមែន​ជា​កូន​អ្នកមាន​ទេ គាត់​គឺជា​កូន​អ្នកមាន​ជីវភាព​ទាល់​លំបាក តែ​ទឹកចិត្ត​គាត់​មិន​ទាល់​នោះ​ទេ​)»​។

ពិត​ណាស់ ទឹកចិត្ត​បែប​នេះ​កម្រ​មាន​ណាស់ ទោះបីជា​ខ្លួន​ខ្វះខាត​ក៏​ពិតមែន តែ​ទឹកចិត្ត​មិន​បាន​ខ្វះខាត​នោះ​ឡើយ​។ ប៉ុន្តែ​បើ​ងាក​មក​មើល​ការ​សិក្សា​វិញ ប្អូន​ពិសិដ្ឋ ដែល​មានចិត្ត​ល្អ​រូប​នេះ ក៏​មានការ​ខិត​ប្រឹងប្រែង​រៀនសូត្រ ចង់​រៀន​ចេះ​ចង់​ដឹង ខណៈ​ពេល​ជីវភាព​របស់​ប្អូន​មានការ​ខ្វះខាត​យ៉ាង​ខ្លាំង ដោយ​ប្អូន​មាន​អាយុ​៩​ឆ្នាំ​ហើយ ទើបតែ​រៀន​ថ្នាក់​ទី​១​តែ​ប៉ុណ្ណោះ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នកគ្រូ អ៊ូ សុខ​លី​អូន បាន​ប្រាប់​ឱ្យ​ដឹង​ថា «​អ្នកគ្រូ​ពិតជា​ត្រេកអរ​ណាស់ ពេល​កូនសិស្ស​មាន​សន្ដាន​ចិត្តល្អ​គួរ​ជាទី​រាប់អាន​ដូច្នេះ​»​។

អ្នកគ្រូ សុខ​លី​អូន ដែល​ជា​គ្រូបង្រៀន​កូនសិស្ស​នៅ​សាលា​បឋម​សិ​ក្ស​មេ​ម៉ៃ ស្ថិត​ក្នុងភូមិ​មេ​ម៉ៃ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​បន្ត​ថា «​កូនសិស្ស​ដែល​បាន​ច្រក​ខ្ចៅ​អោយ​អ្នកគ្រូ​មួយ​ថង់​នេះ គាត់​មាន​អាយុ​៩​ឆ្នាំ​ហើយ ឈ្មោះ​ថា «​ពិសិដ្ឋ​» គាត់​ទើបតែ​រៀន​ថ្នាក់​ទី​១​ប៉ុណ្ណោះ ដោយ​អាច​ថា នេះ​មក​ពី​ជីវភាព​គ្រួសារ​របស់​គាត់​មានការ​ខ្វះខាត​ខ្លាំង ដោយ​ឪពុក​ម្តាយ​គាត់​ស៊ីឈ្នួល​ឱ្យ​គេ អាច​ថារ​កមួយ​ថ្ងៃ​ចាយ​មួយ​ថ្ងៃ​»​។

អ្នកគ្រូ សុខ លី​អូន បាន​បន្ថែម​ថា «​ជួនកាល ពិសិដ្ឋ ទៅ​តាម​ឪពុក​ម្តាយ​ធ្វើការ​ក៏​មាន ជួនកាល​រើស​កំប៉ុង​តាម​រោងការ​នៅ​ក្នុងភូមិ​ក៏​មាន ដោយ​ហេតុតែ​ចង់​រៀន ចង់​ចេះ​ដូច​គេ ពោល​គឺ​ទឹកចិត្ត​ល្អ ក៏​ដូច​ជា​ការ​ខិតខំ​ប្រឹង​របស់​ប្អូន​រូប​នេះ អាច​ធ្វើ​អោយ​រំភើប​ជំនួស ព្រោះតែ​ការ​ខិតខំ​ប្រឹងប្រែង​»​។

ជា​ចុង​ក្រោយ អ្នកគ្រូ​ពិតជា​អរគុណ​ខ្លាំង​ណាស់ ដោយ​អ្នកគ្រូ​សូម​អោយ​បងប្អូន​សប្បុរសជន​ជួយ​ដល់​គាត់​ផង ដោយសារ ពិសិដ្ឋ មាន​ទឹកចិត្ត​ក្នុង​ការ​រៀនសូត្រ ប៉ុន្តែ​ជីវភាព​ខ្វះខាត​មក​រារាំង​ស្ទះផ្លូវ​ដល់​ប្អូន ចំពោះ​ផ្លូវ​មួយ​នេះ​៕

អត្ថបទ​ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ