ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Ancelotti ចោល​ឱកាស​ក្លាយជា​គ្រូ​សាំ​បា​ប្រេ​ស៊ី​ល ខណៈ​ Rooney ត្រូវ​ក្លិប​បណ្តេញ​ចេញពី​តំណែង

3 ខែ មុន

អន្តរជាតិ ៖ រឿង​កក្រើក​ខ្លាំង​ទាក់ទង​នឹង​កៅអី​គ្រូបង្វឹក និង​អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់​បាន​

អន្តរជាតិ ៖ រឿង​កក្រើក​ខ្លាំង​ទាក់ទង​នឹង​កៅអី​គ្រូបង្វឹក និង​អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៤ ដោយ​ក្នុង​នោះ លោក Carlo Ancelotti បោះបង់​ចោល​ឱកាស​ក្លាយជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ដើម្បី​បន្ត​ការ​ដឹកនាំ​ក្រុម Real Madrid ខណៈ​ដែល​លោក Wayne Rooney ត្រូវ​បាន​ក្លិប Birmingham City បណ្តេញ​ចេញពី​តំណែង​អ្នកចាត់ការ​ទូទៅ​។

លោក Carlo Ancelotti បាន​សម្រេច​បន្ត​កុងត្រា​ជាមួយនឹង​ក្លិប Real Madrid ដើម្បី​ដឹកនាំ​ក្រុម​រហស្សនាម «​អធិរាជ​ស​» រហូត​ដល់​ឆ្នាំ ២០២៦ បើ​ទោះបីជា​ទទួល​បានការ​ផ្តល់​ជូន​ពិសេស ដើម្បី​ដឹកនាំ​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​យ៉ាងណា​ក៏​ដោយ​។

កាលពី​ខែកក្កដា ឆ្នាំ ២០២៣ របាយការណ៍​ជា​ច្រើន​បាន​ចេញផ្សាយ​ថា គ្រូបង្វឹក​ជនជាតិ​អ៊ី​តា​លី​វ័យ​៦៤​ឆ្នាំ ត្រូវ​បាន​អះអាង​ថា នឹង​ក្លាយជា​គ្រូបង្វឹក​ជនបរទេស​ដំបូង​គេ​ក្នុង​រយៈពេល​ជិត​៦០​ឆ្នាំ ដែល​បង្វឹក​ក្រុម​ប្រេ​ស៊ី​ល មុន​ពេល​ដែល​រូប​លោក​សម្រេច​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid​។

លោក Ancelotti បាន​ថ្លែង​ថា «​អ្នក​រាល់គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយនឹង​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល​។ ខ្ញុំ​ចង់​អរគុណ​គាត់​ចំពោះ​ការ​ស្រលាញ់​រាប់អាន និង​ការ​ចាប់អារម្មណ៍​ដែល​គាត់​បាន​បង្ហាញ​ចំពោះ​ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​ចង់​បន្ត​នៅ​ទី​នេះ​ជាមួយ Real Madrid ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​បន្ត​កុងត្រា​ថ្មី​។ ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូបង្វឹក Madrid រហូត​ដល់​ឆ្នាំ ២០២៦ ហើយ​សង្ឃឹមថា ខ្ញុំ​អាច​បន្ត​នៅ​ឆ្នាំ ២០២៧ និង ២០២៨ ព្រោះ​ខ្ញុំ​ចង់​បន្ត​នៅ​ទី​នេះ​»​។

លោក Carlo Ancelotti ត្រូវ​បាន​ចាត់ទុកជា​គ្រូបង្វឹក​ដ៏​ល្បីល្បាញ និង​ជោគជ័យ​បំផុត​ម្នាក់ បន្ទាប់​ពី​ដឹកនាំ​ក្លិប​កំពូល​ៗ​ជា​ច្រើន​នៅ​អឺរ៉ុប រួម​មាន Juventus, AC Milan, Chelsea, PSG, Real Madrid រហូត​ដល់​២​លើក​, Bayern Munich, Napoli និង​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ក្នុង​រួម​ទាំង UEFA Champions League រហូត​ដល់​៤​ដង​ផង​ដែរ​។

ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ ក្លិប Birmingham City បាន​បណ្តេញ​លោក Wayne Rooney ពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន បន្ទាប់​ពី​ដឹកនាំ​ក្រុម​នៅ​លី​គ​លំដាប់​ទី​២ EFL Championship បាន​ត្រឹមតែ​៨៣​ថ្ងៃ​ប៉ុណ្ណោះ​។

អ្នកចាត់ការ​ជនជាតិ​អង់គ្លេស​វ័យ​៣៨​ឆ្នាំ​រូប​នេះ ត្រូវ​បាន​តែង​តាំងនៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៣ បន្ទាប់​ពី​ការ​សម្រេចចិត្ត​ដ៏​ចម្រូងចម្រាស​ក្នុង​ការ​បណ្តេញ​លោក John Eustace ដោយ​គ្រាន​នោះ Birmingham ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ ៦ ក្នុង​តារាង​។ ទោះ​យ៉ាងណា ចាប់តាំងពី​ពេល​នោះ​មក ក្រោម​ការ​ដឹកនាំ​របស់ Rooney ពួក​គេ​បាន​ធ្លាក់​មក​ដល់​លេខ ២០ ហើយ​ការ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Leeds United ៣-០ កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ គឺជា​ការ​បរាជ័យ​លើក​ទី​៩ ក្រោម​ការ​ដឹកនាំ​១៥​ប្រកួត​របស់​អ្នកចាត់ការ​រូប​នេះ​។ លោក Steve Spooner គ្រូបង្វឹក​អភិវឌ្ឍន៍​អាជីព​នឹង​ទទួល​បន្ទុក​បណ្តោះអាសន្ន​សម្រាប់​ក្រុម Birmingham ជំនួស​លោក Rooney​។

គួរ​បញ្ជាក់​ថា រាប់​ទាំង​ក្លិប Birmingham គឺជា​ក្លិប​ទី ៣ ហើយ​ដែល Wayne Rooney ban​ដឹកនាំ​ក្នុង​នាម​ជា​គ្រូបង្វឹក​អាជីព បន្ទាប់​ពី​ក្លិប​អង់គ្លេស Derby County អំឡុង​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២២ និង​ក្លិប​អា​មេ​រិ​ក D.C. United អំឡុង​ឆ្នាំ ២០២២-២០២៣ ប៉ុន្តែ​ការ​ដឹកនាំ​សុទ្ធតែ​ទទួល​បាន​លទ្ធផល​មិនល្អ​ដូច​គ្នា​៕ (​ប្រភព ៖ BBC, The New Straits Times និង beIN SPORTS)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ