ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ជើងឯក​ប្រណាំង​កង់​ពិភពលោក​ម្នាក់ រង​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​ការ​ស្លា.ប់​ប្រពន្ធ​របស់​ខ្លួន

3 ខែ មុន

អូស្ត្រាលី ៖ អតីត​កីឡាករ​ប្រណាំង​កង់​ជើងឯក​ពិភពលោក Rohan Dennis ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​

អូស្ត្រាលី ៖ អតីត​កីឡាករ​ប្រណាំង​កង់​ជើងឯក​ពិភពលោក Rohan Dennis ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ពាក់ព័ន្ធ​ការ​ស្លាប់​ប្រពន្ធ​របស់​គាត់ គឺ​នាង Melissa Hoskins ដែល​ជា​អតីត​កីឡាការិនី​ប្រណាំង​កង់​ម្ចាស់​ជើងឯក​ពិភពលោក​មួយ​រូប​ផង​ដែរ កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ ២០២៣ កន្លង​ទៅ​ថ្មី​ៗ​នេះ​។

ប៉ូលិស​អូស្ត្រាលី​ភាគ​ខាងត្បូង បាន​ចាប់ខ្លួន​លោក Rohan Dennis ដែល​ជា​អ្នកបើកបរ​រថយន្ត​បង្កហេតុ​។ លោក Dennis ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​តាម​រយៈ​ការ​បើកបរ​ប្រកបដោយ​គ្រោះថ្នាក់ ការ​បើកបរ​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន និង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ដទៃ​។ ទោះ​យ៉ាងណា​ក៏​ដោយ បុរស​ជនជាតិ​អូស្ត្រាលី​អាយុ​៣៣​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ត្រូវ​បង្ហាញខ្លួន​នៅ​តុលាការ​ទីក្រុង​អា​ដឺ​ឡេ​ត (Adelaide) ម្តងទៀត​នៅ​ខែមីនា ឆ្នាំ​២០២៤ ហើយ​សមត្ថកិច្ច​ជំនាញ​ក៏​បន្ត​ការ​ស៊ើប​អង្កត​របស់​ខ្លួន​ផង​ដែរ​។

ប្រភព​ពី​សារព័ត៌មាន News Corp បានឱ្យ​ដឹង​ថា របាយការណ៍​ជំហាន​ដំបូង​របស់​ប៉ូលិស​បង្ហាញ​ថា Hoskins ជនជាតិ​អូស្ត្រាលី​អាយុ​៣២​ឆ្នាំ បាន​លោត​ទៅ​លើ​កាបូ​មុខ ឬ គម្រប​ម៉ាស៊ីនរថយន្ត និង​ចាប់ដៃ​ទ្វារ​រថយន្ត មុន​ពេល​រថយន្ត​បើក​ចេញ​ទៅ ហើយ​ជន​រង​គ្រោះ​បាន​ដួល​ទៅ​នឹង​ដី បន្ទាប់​មក​អាច​អូស​តាម​រថយន្ត ដែល​ហេតុការណ៍​នេះ កើតឡើង​នៅ​ផ្លូវ​ក្បែរ​ផ្ទះ​ពួក​គេ​នៅ​ទីក្រុង​អា​ដឺ​ឡេ​ត​។

អ្នក​ជិតខាង​វ័យ​ជំទង់​២​នាក់​បាន​ព្យាយាម​ជួយ​សង្គ្រោះ​បឋម មុន​ពេល​គ្រូពេទ្យ​មក​ដល់​។ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ Royal Adelaide ប៉ុន្តែ​ជា​អកុសល​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក នាង​បាន​ស្លាប់​បាត់បង់​ជីវិត​ប៉ុន្មាន​ម៉ោង​ក្រោយមក​។

សូម​ជម្រាប​ជូន​ថា Melissa Hoskins គឺជា​ជើងឯក​ពិភពលោក​ការ​ប្រកួតប្រណាំង​កង់​ក្នុង​សាល​ក្នុង​ឆ្នាំ ២០២៥ ហើយ​បាន​ចូលរួម​ប្រណាំង​នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​ឆ្នាំ ២០១២ និង​ទីក្រុង​រី​យ៉ូ​ដឺ​ចេ​ណេ​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ ២០១៦​។ Hoskins ដែល​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​តាំងពី​ឆ្នាំ ២០១៧ បាន​រៀប​ការ​ជាមួយ Dennis នៅ​ឆ្នាំ ២០១៨ និង​មានកូន​ចំនួន​ពីរ​នាក់​។

កាលពី​ខែកុម្ភៈ​កន្លង​ទៅ Rohan Dennis បាន​ប្រកាស​ចូល​និវត្តន៍​នៅ​បញ្ចប់​រដូវ​កាល ២០២៣ បន្ទាប់​ពី​អាជីព​ដែល​បាន​ឈ្នះ​ដំណាក់កាល​នៅ Tour de France, Giro d’Italia និង Vuelta a Espana ។ ម្ចាស់​ជើងឯក​ពិភពលោក​ទាំង​លើ​ផ្លូវ និង​នៅ​ក្នុង​សាល​រូប​នេះ បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​លើ​ផ្លូវ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ឆ្នាំ ២០២០ និង​បាន​ឈ្នះ​មេដាយ​ប្រាក់​ការ​ប្រកួត​ក្នុង​សាល​ក្រុម​នៅ​ព្រឹត្តិការណ៍​ទីក្រុង​ឡុ​ង​ដ៍​ឆ្នាំ ២០១២​។

មរណៈភាព​របស់ Melissa Hoskins បាន​រំជើបរ​ជួល​នៅ​ក្នុង​ពិភព​កីឡា​ប្រណាំង​កង់ ដោយ​ស្ថាប័ន និង​អត្ត​ព​លិ​ក​កីឡា​ប្រណាំង​កង់​នៅ​ជុំវិញ​ពិភពលោក​បង្ហោះ​សារ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ស្រប​ពេល​ដែល CPA Women សមាគម​អ្នក​ជិះ​កង់​ស្ត្រី​ទូ​ទាំង​ពិភពលោក បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ជា​រឿង​ដ៏​រន្ធត់ និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ដំណឹង​មរណភាព​របស់ Hoskins ដ៏​ដូច​ផ្ញើ​ការ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ទៅ​កាន់​គ្រូ​សារ និង​អ្នក​ដែល​ស្រលាញ់​នាង ដោយ​ចាប់ផ្តើម​ពី​កូន​ទាំង​ពីរ​របស់​នាង​៕ (​ប្រភព ៖ BBC, AP និង Fox Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ