ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ទៀត​ហើយ​! ប៉ាក់​គី​អៅ ប្រកាស​ព្រម​ប៉ះ​សត្រូវ​ចាស់ ផ្ល​យ ម្តងទៀត​ក្នុង​ឆ្នាំ​នេះ

3 ខែ មុន

អន្តរជាតិ ៖ ស្តេច​ប្រដាល់សកល​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) បាន​បង្ហើប​ថា ខ្លួន​

អន្តរជាតិ ៖ ស្តេច​ប្រដាល់សកល​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) បាន​បង្ហើប​ថា ខ្លួន​បាន​យល់ព្រម​ការ​ផ្គូផ្គង​ដើម្បី​ប៉ះ​គូប្រកួត​ចាស់​កំពូល​អ្នក​ប្រដាល់សកល​អា​មេ​រិ​ក ផ្ល​យ មេ​យ​វេ​ដឺ (Floyd Mayweather) សារ​ជា​ថ្មី​ម្តងទៀត សម្រាប់​ការ​ប្រកួត​ក្រៅផ្លូវការ ឬ Exhibition Match ដែល​កំណត់​រួច​ហើយ​នៅ​ឆ្នាំ ២០២៤ នេះ ប៉ុន្តែ​ពុំ​ទាន់​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៅឡើយ​ទេ​។

បន្ទាប់​បរាជ័យ​ក្រោម​ស្នាដៃ​អ្នក​ប្រដាល់​គុយ​បា Yordenis Ugas កាលពី​ឆ្នាំ ២០២១ កន្លង​ទៅ ប៉ាក់​គី​អៅ បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​កីឡាប្រដាល់​របស់​ខ្លួន ដើម្បី​ផ្តោត​លើ​មហិច្ឆតា​ក្នុង​ការ​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ប្រទេស​ហ្វី​លី​ពី​ន​។ ប៉ុន្តែ​ទោះបីជា​ព្យួរ​ស្រោមដៃ​អាជីព​ដ៏​អស្ចារ្យ​របស់​ខ្លួន​យ៉ាងណា​ក៏​ដោយ ក៏ ប៉ាក់​គី​អៅ​នៅ​តែ​បន្ត​សកម្ម​ប្រកួត​លក្ខណៈ​ក្រៅផ្លូវការ ដោយ​ថែម​ទាំង​បាន​ឈ្នះ​អ្នកលេង​ក្បាច់គុន​កូរ៉េ​ខាងត្បូង DK Yoo កាលពី​ខែធ្នូ ឆ្នាំ ២០២២ កន្លង​ទៅ​។

ស្តេច​ប្រដាល់សកល​ហ្វី​លី​ពី​ន​វ័យ​៤៥​ឆ្នាំ​រូប​នេះ ក៏​នៅ​មានការ​ប្រកួត​ក្រៅផ្លូវការ​នា​ពេល​ខាង​មុខ​នេះ ដោយ​ត្រូវ​តទល់​ជាមួយនឹង​កំពូល​អ្នកលេង​ក្បាច់គុន​ថៃ ឬ មួយ​ថៃ ប៊ូ​ខាវ បេន​ឆា​មេ​ក (Buakaw Banchamek) ក្រោម​ច្បាប់​ប្រដាល់សកល ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែមេសា លើ​ទឹកដី​ព្រះរាជាណាចក្រ​ថៃ​។

ទោះ​យ៉ាងណា​ក៏​ដោយ ប៉ាក់​គី​អៅ ហាក់ដូចជា​កំពុង​សម្លឹង​មើល​ការ​ប្រកួត​បន្ទាប់​របស់​ខ្លួន​រួច​ហើយ ក្រោយ​បាន​បង្ហាញ​វត្តមាន​ក​ត្តិ​យស​ក្នុង​ព្រឹត្តិការណ៍ RIZIN MMA New Year’s Eve នៅ​សង្វៀន Saitama Super Arena ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៣​។ ការ​លេចមុខ​លើ​សង្វៀន​ជាមួយ​អ្នក​ផ្សព្វផ្សាយ​របស់ RIZIN ដែល​ជា​ការ​ប្រកួត​ក្បាច់គុន​ចម្រុះ​ជប៉ុន លោក Nobuyuki Sakakibara ភ្លាម​ៗ​នោះ ប៉ាក់​គី​អៅ បាន​បង្ហើប​ថា លោក​នឹង​ប្រកួត​ជាមួយ​មេ​យ​វេ​ដឺ​ម្តងទៀត ដោយ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន នៅ​ឆ្នាំ ២០២៤​។

ប៉ាក់​គី​អៅ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​អរគុណ​ច្រើន​សម្រាប់​ការ​អញ្ជើញ​ខ្ញុំ​មក​ទី​នេះ​ម្តងទៀត​។ ឆ្នាំ​ក្រោយ ខ្ញុំ​សង្ឃឹមថានឹង​បាន​ជួប​អ្នក​រាល់គ្នា​នៅ​ប្រទេស​ជប៉ុន​ម្តងទៀត​ជាមួយនឹង​ការ​ប្រកួត​ដ៏​ធំ​ជាមួយនឹង ផ្ល​យ មេ​យ​វេ​ដឺ ។ ខ្ញុំ​រំភើប​ចំពោះ​ការ​ប្រកួត​នោះ​។ សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​របស់​អ្នក​នៅ​ក្នុង​ព្រឹត្តិការណ៍ RIZIN»​។

សូម​ជម្រាប​ថា មេ​យ​វេ​ដឺ ធ្លាប់​បាន​ចូលរួម​ប្រកួត​ប្រដាល់​ចំនួន​ពីរ​លើក នៅ​ក្រោម​បដា​ព្រឹត្តិការណ៍ RIZIN​។ ជាង​១​ឆ្នាំ បន្ទាប់​ពី​ការ​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព ក្រោយ​យកឈ្នះ​លើ​កំពូល​អ្នកលេង​គុន​ចម្រុះ​ជនជាតិ​អៀរ​ឡង់ Conor McGregor កាលពី​ឆ្នាំ ២០១៧ រួច​មក មេ​យ​វេ​ដឺ បាន​ត្រឡប់​ឡើង​សង្វៀន​វិញ​ម្តងទៀត ដើម្បី​យកឈ្នះ​លើ​កីឡាករ​ប្រដាល់សេរី​ជប៉ុន Tenshin Nasukawa ក្នុង​ការ​ប្រកួត​ក្រៅផ្លូវការ ដោយ​ផ្តួល​ត្រឹម​ទឹក​ទី​១​។ នៅ​ឆ្នាំ ២០២២ មេ​យ​វេ​ដឺ បាន​ត្រឡប់​ទៅ​សង្វៀន Saitama Super Arena ដើម្បី​តទល់​នឹង​អ្នកលេង​គុន​ចម្រុះ​ជប៉ុន Mikuru Asakura ជាមួយ​ជ័យ​ជំនះ​ម្តងទៀត​។

គួរ​រំលឹក​ថា ជំនួប​លើក​ទី​១ រវាង ប៉ាក់​គី​អៅ និង មេ​យ​វេ​ដឺ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៥ ដោយ​គ្រានោះ មេ​យ​វេ​ដឺ ជា​អ្នក​ឈ្នះ​ដោយ​ការ​សម្រេច​ឯកច្ឆន្ទ​ពី​សំណាក់​ចៅក្រម សម្រាប់​ការ​ប្រកួត​រក​ប្រាក់​បាន​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​ប្រដាល់សកល​ពោល​គឺ ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​៕ (​ប្រភព ៖ Daily Mail និង ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ