(អន្តរជាតិ)៖ អ្នកស្នងមរតករបស់អាណាចក្រគ្រឿងសំអាងបារាំង L’Oreal បានក្លាយជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានទ្រព្យសម្បត្តិសុទ្ធ ១០០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

លោកស្រី Francoise Bettencourt Meyers ដែលជាអ្នកស្នងមរតករបស់អាណាចក្រគ្រឿងសំអាងបារាំង L’Oreal និងជាមហាសេដ្ឋីស្រីដែលមានជាងគេបំផុតរបស់ពិភពលោក បានក្លាយជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានតម្លៃទ្រព្យសម្បត្តិ ១០០ពាន់លានដុល្លារ នេះបើយោងតាមសារព័ត៌មាន Bloomberg ។
នៅក្នុងចំណាត់ថ្នាក់មហាសេដ្ឋីទាំង ៥០០នាក់នៅលើភពផែនដីរបស់ Bloomberg Billionaires Index លោកស្រី Bettencourt Meyers ជាប់ចំណាត់ថ្នាក់ទី១២ នាំមុខមហាសេដ្ឋីឥណ្ឌា Mukesh Ambani។ ការកើនឡើងនេះក៏ដោយសារតែ តម្លៃភាគហ៊ុនរបស់ L’Oreal ឈានដល់កម្រិតខ្ពស់គ្រប់ពេលវេលា។ ភាគហ៊ុនបានកើនឡើង ៣៥% នៅឆ្នាំនេះ ដោយសារអ្នកប្រើប្រាស់បន្តនិន្នាការនៃការចំណាយច្រើនលើផលិតផលប្រណីតៗ បន្ទាប់ពីមានការរាតត្បាត Covid-19 ។

យោងតាមទិន្នន័យរបស់ L’Oreal នៅឆ្នាំ២០២២ លោកស្រី Bettencourt Meyers និងក្រុមគ្រួសារមានភាគហ៊ុនច្រើនជាង ៣៤% នៅក្នុងក្រុមហ៊ុនគ្រឿងសំអាងដ៏ធំនេះ។
Bettencourt Meyers គឺជាកូនតែមួយគត់របស់លោកស្រី Liliane Bettencourt ដែលជាកូនស្រីរបស់ Eugene Schueller ស្ថាបនិកក្រុមហ៊ុន L’Oreal Group ។ Bettencourt Meyers បានទទួលមរតកភាគហ៊ុនពីម្តាយ នៅពេលដែលម្តាយរបស់គាត់បានទទួលមរណភាពនៅឆ្នាំ២០១៧។
ក្នុងនាមជាក្រុមហ៊ុនគ្រឿងសំអាងដ៏ធំបំផុតរបស់ពិភពលោក L’Oreal ជាម្ចាស់បញ្ជីម៉ាកយីហោល្បីៗដែលមានអាយុកាលយូរមកហើយ។
នៅឆ្នាំនេះ L’Oreal បានទិញម៉ាកគ្រឿងសំអាងអូស្ត្រាលី Aesop ក្នុងតម្លៃ ២.៥ ពាន់លានដុល្លារ ដែលជាការកត់សម្គាល់ការទិញដ៏ធំបំផុតរបស់ក្រុមហ៊ុនមិនធ្លាប់មាន។ កំណត់ត្រាមុនគឺការទិញយក YSL Beauté ក្នុងតម្លៃ ១.៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០០៨ នេះបើយោងតាមទិន្នន័យពី Dealogic ។
បើប្រៀបធៀបទៅនឹងទ្រព្យសម្បត្តិសុទ្ធរបស់អ្នកជំនួញបារាំងលោក Bernard Arnault ម្ចាសើម៉ាកយីហោប្រណីតធំបំផុតរបស់ពិភពលោក LVMH ទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រី Bettencourt Meyers គឺនៅតែតិចតួច ព្រោះមហាសេដ្ឋីបារាំង លោក Arnault គឺជាមហាសេដ្ឋីលំដាប់ទី០២ នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១៧៩ពាន់លានដុល្លារអាមេរិក នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ។
តំណែងទីមួយក្នុងចំណាត់ថ្នាក់នេះជាកម្មសិទ្ធិរបស់មហាសេដ្ឋីអាមេរិក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Musk គឺ ២៣២ពាន់លានដុល្លារអាមេរិក៕

ចែករំលែកព័តមាននេះ