ខេត្តកំពង់ចាម ៖ គោក្របីដែលជាសត្វពាហនៈដ៏សំខាន់ក្នុងការប្រើប្រាស់អូសសម្រាប់បង្កបង្កើនផលលើវិស័យកសិកម្មតាំងតែពីដូនតាមកនោះ បច្ចុប្បន្នក្រុមឈ្មួញបានដើរប្រមូលទិញរួចនាំចេញតាមច្រកព្រំដែនត្រពាំងផ្លុង ស្រុកពញាក្រែក យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ដោយមិនមានការទប់ស្កាត់ពីសំណាក់សមត្ថកិច្ចជំនាញឡើយ។
តាមការឲ្យដឹងពីមន្រ្តីមន្ទីរកសិកម្មខេត្តម្នាក់បានប្រាប់កោះសន្តិភាពឲ្យដឹងនាព្រឹកថ្ងៃទី២៤ ឧសភា ២០១១ថា មានឈ្មួញម្នាក់ឈ្មោះថន រស់នៅទន្លេបិទ ស្រុកត្បូងឃ្មុំ បានដើរប្រមូលទិញគោក្របីពីប្រជាពលរដ្ឋតាមបណ្តាស្រុកនានា នៅក្នុងខេត្តកំពង់ចាម ដោយទិញម្តងបាន២-៣ក្បាលរួចដឹកយកទៅស្តុកទុកនៅទន្លេបិទ លុះបានច្រើនពេញ១រថយន្ត ហើយទើបដឹកទៅលក់ឱ្យឈ្មួញយួននៅជាប់ព្រំដែន។
ប្រភពដដែលបានបន្តថា ប៉ុន្តែមុននឹងដឹកចេញទៅគេបានទាក់ទងទៅឈ្មួញធំឈ្មោះតេន នៅត្រពាំងផ្លុង ដើម្បីឲ្យជួយអន្តរាគមន៍បើកផ្លូវ ដោយមិនឲ្យមានសមត្ថកិច្ច ឬស្ថាប័នណាមួយចេញមករារាំងឡើយ។ ប្រភពដដែលបានឱ្យដឹងទៀតថា មន្ត្រីស្រុកពញាក្រែកព្រមទាំងអ្នកផ្សេងៗទៀត ក៏មានភាគហ៊ុនក្នុងការរកស៊ីនាំគោក្របីចេញទៅវៀតណាមដែរ។ ឈ្មួញបានចុះទិញគោក្របីនៅតាមមូលដ្ឋាននានា ដូចជាក្របីធម្មតាទិញក្នុង១ក្បាលតម្លៃពី២ទៅ៣លានរៀល តែបើក្របីមេមានកូនវិញគេអាចទិញលើសពីតម្លៃនេះពី២០ទៅ៣០ម៉ឺនរៀល ឯកូនក្របីគេ ឲ្យតម្លៃផ្សេងទៀត។ ករណី បែបនេះប្រសិនជាអាជ្ញាធរគ្មានវិធានការទប់ស្កាត់ទេ នាថ្ងៃអនាគតដ៏ឆាប់នៅប្រទេសកម្ពុជា នឹងខ្វះខាតគោក្របីដែលជាកម្លាំងអូសទាញយ៉ាងសំខាន់ក្នុងការងារបង្កបង្កើនផលមិនខានឡើយ ។
អ្នកស៊ីឈ្មួលដឹកគោម្នាក់បានប្រាប់ថា នៅព្រឹកថ្ងៃទី២១ ឧសភា ២០១១ គាត់បានដឹកគោចំនួន៣ក្បាលចេញពីចំណុចស្ទឹង ស្រុកពញាក្រែក ដោយទទួលបានកម្រៃឈ្មួលចំនួន៤ម៉ឺនរៀលក្នុង១ជើង យកទៅឲ្យថៅកែឈ្មោះតេន នៅច្រកត្រពាំងផ្លុង ហើយនៅពេលណាបានច្រើនហើយគេនឹងដឹកចេញទៅប្រទេសវៀតណាម។
លោកឡុង ធាម អភិបាលស្រុកពញាក្រែក បានបំភ្លឺប្រាប់តាមទូរស័ព្ទទាក់ទិននឹងករណីនេះថា រូបលោកមិនបានពាក់ព័ន្ធ ឬឃុបឃិតឱ្យមានការនាំគោក្របីចេញទៅកាន់ប្រទេសវៀតណាមទេ ហើយការចោទប្រកាន់មកលើរូបលោកថា មានការពាក់ព័ន្ធនោះគឺមិនពិតទាល់តែសោះ។ សព្វថ្ងៃនេះមានក្រុមហ៊ុនចំនួន២ដែលនាំគោក្របីចេញទៅប្រទេសវៀតណាមតាមច្រកត្រពាំងផ្លុង។
លោកស្រួ ស្រឿន ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានប្រាប់ឲ្យដឹងដែរថា នៅតំបន់ច្រកត្រពាំងផ្លុង ស្រុកពញាក្រែក មានលោកហេង រតនា ដែលបានទទួលសិទ្ធិក្រុមហ៊ុនមួយក្នុងការនាំគោក្របីចេញទៅវៀតណាម។ រីឯបុរសឈ្មោះតេន នៅច្រកត្រពាំងផ្លុង ស្រុកពញាក្រែក នោះ គ្រាន់តែជាអ្នកមើលការខុសត្រូវឲ្យគេតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ