ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​បា​ប្រេ​ស៊ី​ល​ប្រឈម​អត់​បាន​លេង World Cup 2026 ជុំវិញ​ការ​លូកដៃ​ពី​ភាគី​ទី​៣

4 ខែ មុន

ស្វី​ស ៖ សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA បាន​ចេញ​ការ​ព្រមាន​ធ្ងន់​ៗ​ដល់​សហព័ន្ធ​កីឡាបាល់

ស្វី​ស ៖ សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA បាន​ចេញ​ការ​ព្រមាន​ធ្ងន់​ៗ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល ដែល​ហៅ​កាត់​ថា CBF ជាមួយនឹង​ការ​ហាមឃាត់​ក្រុម​ជម្រើសជាតិ និង​ក្លិប​អាជីព​របស់​ប្រទេស​នេះ​មិន​ឱ្យ​ចូលរួម​ការ​ប្រកួត​អន្តរជាតិ ជា​ពិសេស​ការ​ប្រកួត​ព្រឹត្តិការណ៍ FIFA World Cup 2026 ដែល​ប្រទេស​កា​ណា​ដា សហរដ្ឋអាមេរិក និង​ម៉ិ​ក​ស៊ិ​ក​ធ្វើ​ម្ចាស់ផ្ទះ​រួម​គ្នា​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន​អង់គ្លេស The Mirror កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ កន្លង​ទៅ បាន​រាយការណ៍​ថា ការ​ព្រមាន​របស់ FIFA ផ្តោត​លើ​ចេតនា​ជាក់ស្តែង​របស់ CBF ដើម្បី​ចូល​ធ្វើ​អន្តរាគមន៍ និង​បញ្ជា​ឱ្យ​មានការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រ​ធានា​សហព័ន្ធ​ថ្មី ដើម្បី​ជំនួស​តំណែង​លោក Ednaldo Rodrigues ។

កាលពី​ដើមខែ​នេះ លោក Ednaldo Rodrigues អាយុ​៦៩​ឆ្នាំ និង​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​ទាំងអស់​របស់​គាត់​ត្រូវ​បាន​ដក​ចេញពី​តំណែង បន្ទាប់​ពី​សេចក្តីសម្រេច​របស់​តុលាការ​ទីក្រុង​រី​យ៉ូ​ដឺ​ចេ​ណេ​រ៉ូ (Rio de Janeiro) ។ ចៅក្រម​បាន​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​កាល​ឆ្នាំ ២០២២ ដោយ​តុលាការ​កំពូល​ប្រេ​ស៊ី​ល​បាន​តម្កល់​សេចក្តីសម្រេច​នោះ​យ៉ាង​ត្រឹមត្រូវ​កាលពី​ស​ប្តា​ហ៍​មុន​។

សេចក្តីសម្រេច​របស់​តុលាការ​ទីក្រុង​រី​យ៉ូ ក៏​បាន​ចាត់​ទុក​លោក Jose Perdiz ដែល​ជា​ប្រធាន​តុលាការ​កីឡា​កំពូល​ប្រេ​ស៊ី​ល គួរតែ​ជា​អ្នក​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​សម្រាប់​តំណែង​ប្រធាន​សហព័ន្ធ​ថ្មី​ក្នុង​រយៈពេល​៣០​ថ្ងៃ​។ ប៉ុន្តែ​ទោះ​យ៉ាងណា FIFA បាន​ហាមឃាត់​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល និង​ភាគី​ទី​៣ នៅ​ក្នុង​សមាគម​នៃ​សមាជិក​របស់​ខ្លួន​។

ឥឡូវនេះ FIFA ថែម​ទាំង​បាន​ផ្ញើ​លិខិត​ទៅ​នាយក​ប្រតិបត្តិ​បាល់ទាត់​ប្រេ​ស៊ី​ល ដើម្បី​ព្រមាន​ថា CBF ប្រឈម​នឹង​ការ​ព្យួរ​សកម្មភាព​ទាំងស្រុង ប្រសិនបើ​ពួក​គេ​មិន​អើពើ​នឹង​ការ​ណែនាំ​របស់ FIFA ដើម្បី​រង់ចាំ​មុន​ពេល​រៀបចំ​ការ​បោះ​ឆ្នោត​ប្រធាន​សហព័ន្ធ​ថ្មី​។ ឯកសារ​នេះ ត្រូវ​បាន​ទទួល​ដោយសារ​ព័ត៌មាន ESPN និង AP ដោយ​មាន​អាជ្ញាធរ​បាល់ទាត់​អា​មេ​រិ​ក​ខាងត្បូង ដែល​ហៅ​កាត់​ថា CONMEBOL ជា​អ្នកគាំទ្រ FIFA ផង​ដែរ​។

ឥឡូវនេះ អាជ្ញាធរ​របស់ CONMEBOL និង FIFA មាន​បំណង​បង្កើត​គណៈកម្មការ​ពិសេស​មួយ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ​បន្ថែម​ទៀត នៅ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៤​។ ការ​វិវឌ្ឍន៍​នេះ អាច​បំផ្លាញ​ការ​ដេញថ្លៃ​របស់​ប្រេ​ស៊ី​ល ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នារី​ឆ្នាំ ២០២៧ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ