ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​កាលបរិច្ឆេទ ការ​ប្រកួត​កក្រើក​ប្រវត្តិ​សាស្ត្រ​ប្រដាល់​ថៃ​រវាង ប៉ាក់​គី​អៅ​-​ប៊ូ​ខាវ

4 ខែ មុន

ប្រទេស​ថៃ ៖ ការ​ប្រកួត​កក្រើក​ប្រវត្តិសាស្ត្រ​ប្រដាល់​ប្រទេស​ថៃ រវាង​ស្តេច​ប្រដាល់សកល​ហ្វី​លី​ពី​ន ម៉ា​នី

ប្រទេស​ថៃ ៖ ការ​ប្រកួត​កក្រើក​ប្រវត្តិសាស្ត្រ​ប្រដាល់​ប្រទេស​ថៃ រវាង​ស្តេច​ប្រដាល់សកល​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) និង​កំពូល​អ្នកលេង​គុន​ថៃ ឬ មួយ​ថៃ ប៊ូ​ខាវ បេន​ឆា​មេ​ក (Buakaw Banchamek) ត្រូវ​បាន​ប្រកាស​កាលបរិច្ឆេទ​ជា​ផ្លូវការ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២០ ខែ មេ​សា ឆ្នាំ ២០២៤​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ប៊ូ​ខាវ «Banchamek Gym» និង​ត្រូវ​បាន​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ Nation នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៣​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ មិន​ទាន់​មានការ​បញ្ជាក់​ជា​ផ្លូវការ​ណាមួយ​ថា ជំនួប​ដែល​ត្រូវ​ប្រសិទ្ធ​នាម​ថា «The Match of Legends: Manny Pacquiao vs Buakaw Banchamek» នឹង​ធ្វើ​ឡើង​នៅឯណា​នោះ​ទេ​។ ការ​ប្រកួត​ក្រៅផ្លូវការ ឬ Exhibition Match មួយ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Fresh Air Festival Co Ltd របស់​ប្រទេស​ថៃ និង​ប្រតិបត្តិ​ករ​ភាពយន្ត SF Corporation ជាមួយនឹង​ការ​រៀបចំ​ដែល​ចំណាយ​ថវិកា​ចំនួន ៨៧៥​លាន​បាត ដែល​ស្មើនឹង ២៥​លាន​ដុល្លារ​អា​មេ​រិ​ក​។

គូ​នេះ​នឹង​ឡើង​សង្វៀន​ប្រកួត​ក្រោម​ទម្រង់​សកល​នៃ​ច្បាប់​ប្រដាល់​អន្តរជាតិ ដែល​មើលឃើញ​ថា ប៉ាក់​គី​អៅ នឹង​មាន​ប្រៀប​ជាង ប៊ូ​ខាវ​។ យ៉ាងនេះ​ក្តី ម្ចាស់​ជើងឯក​មួយ​ថៃ​វ័យ​៤១​ឆ្នាំ នៅ​តែ​សកម្ម​ក្នុង​ការ​ប្រកួត​ប្រដាល់​ជា​ច្រើន​កន្លង​មក ខណៈ​ដែល​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ចំនួន​១២ លើ​៨​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា ប៉ាក់​គី​អៅ អាយុ​៤៥​ឆ្នាំ បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​ប្រដាល់​កាលពី​ឆ្នាំ ២០២១ ។ កំពូល​អ្នក​ប្រដាល់​ទាំង​ពីរ នឹង​ប៉ះ​គ្នា​៦​ទឹក ១​ទឹក​មាន​រយៈពេល ៣​នាទី​។ អ្នក​ឈ្នះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​យ៉ាង​ហោច ២៨៩,០០០​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​តាម​បង្ហើប​ពី​អ្នក​រៀបចំ​។

លោក Vinij Lertratanachai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Fresh Air Festival បាន​ថ្លែង​ថា «​យើង​មាន​កិត្តិយស​ណាស់​ដែល​មាន ម៉ា​នី ប៉ាក់​គី​អៅ និង ប៊ូ​ខាវ បេន​ឆា​មេ​ក សម្រាប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ ហើយ​ក៏​ជា​ឱកាស​ម្តង​ក្នុង​មួយ​ជីវិត​ដែល​អ្នក​មិន​ចង់​រំលង​»​។

ម៉ា​នី ប៉ាក់​គី​អៅ គឺជា​វីរៈបុរស​ជាតិ​របស់​ប្រទេស​ហ្វី​លី​ពី​ន ដែល​គាត់​ធ្លាប់​ជា​សមាជិក​ព្រឹទ្ធសភា​ផង​ដែរ​។ ភាព​រហ័សរហួន​របស់​ស្តេច​ប្រដាល់​ហ្វី​លី​ពី​នរូ​ប​នេះ តែងតែ​ផ្តួល​គូប្រកួត​ជា​ច្រើន​លើក​ច្រើន​សារ ដើម្បី​ក្លាយជា​អ្នក​ប្រដាល់​តែ​ម្នាក់​គត់​លើ​ពិភពលោក ដែល​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​៨​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​។

ងាក​មក ប៊ូ​ខាវ បេន​ឆា​មេ​ក គឺជា​និមិត្តរូប​កីឡាប្រដាល់​មួយ​ថៃ ជាមួយនឹង​បច្ចេកទេស​វាយ​ចេញ​ដ៏​ល្អ​ឥត​ខ្ចោះ ដោយ​ត្រូវ​ប្រជាជន​ថៃ​ចាត់​ទុក​ថា អ្នក​ប្រដាល់​មួយ​ថៃ​ដ៏​អស្ចារ្យ​បំផុត​គ្រប់ពេល និង​ទទួល​បានការ​គោរព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ​៕ (​ប្រភព ៖ Nation Thailand)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ