ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jim Ratcliffe ៖ Man U នឹង​ត្រឡប់​ទៅ​ភាព​រុងរឿង​វិញ តែ​ត្រូវការ​ពេលវេលា និង​ការ​អត់ធ្មត់

4 ខែ មុន

អង់គ្លេស ៖ Sir Jim Ratcliffe បាន​អះអាង​ថា លោក​នឹង​នាំ​យក​ក្លិប Manchester United ត្រឡប់​ទៅ​

អង់គ្លេស ៖ Sir Jim Ratcliffe បាន​អះអាង​ថា លោក​នឹង​នាំ​យក​ក្លិប Manchester United ត្រឡប់​ទៅ​ភាព​រុងរឿង​វិញ ប៉ុន្តែ​ទាមទារ​ពេលវេលា និង​ការ​អត់ធ្មត់​។ ការ​អះអាង​នេះ កើតឡើង​បន្ទាប់​ពី​មហាសេដ្ឋី​អង់គ្លេស​រូប​នេះ បាន​ទិញ​យក​ភាគហ៊ុន ២៥% របស់​ក្លិប​យក្ស​នៅ​អង់គ្លេស​មួយ​នេះ កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ កន្លង​ទៅ នៅ​ក្នុង​តម្លៃ ១.៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្រុមហ៊ុន Ineos Group ដែល​ជា​កម្មសិទ្ធិ​របស់ Sir Jim Ratcliffe នឹង​គ្រប់គ្រង​លើ​ប្រតិបត្តិការ​បាល់ទាត់​នៃ​ក្លិប Man United ហើយ​មហាសេដ្ឋី​អង់គ្លេស​វ័យ​៧១​ឆ្នាំ​រូប​នេះ នឹង​ទម្លាក់​កញ្ចប់​ថវិកា​លើក​ដំបូង​ចំនួន ៣០០​លាន​ដុល្លារ សម្រាប់​ការ​វិនិយោគ​នា​ពេល​អនាគត​។ នេះ​គឺជា​លើក​ទី​មួយ​ហើយ ចាប់តាំងពី​គ្រួសារ​ត្រកូល Glazers កាន់កាប់​ក្លិប​យក្ស​អង់គ្លេស​មួយ​នេះ​នៅ​ក្នុង​ឆ្នាំ ២០០៥ ដែល​មាន​ក្រុម​ផ្សេង​ក្រៅពី​គ្រួសារ​មហាសេដ្ឋី​អា​មេ​រិ​ក​នេះ បាន​កាន់កាប់​ភាគហ៊ុន​ដ៏​សំខាន់​បែប​នេះ​។

Sir Jim Ratcliffe ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ថា «​យើង​ទទួលស្គាល់​ការ​ទទួលខុសត្រូវ​របស់​យើង​។ ខ្ញុំ​ជឿ​ថា យើង​អាច​នាំ​មក​នូវ​ភាព​ជោគជ័យ​នៅ​លើ​ទីលាន ដើម្បី​បំពេញបន្ថែម​នូវ​ភាព​ជោគជ័យ​ផ្នែក​ពាណិជ្ជកម្ម​ដែល​ក្លឹ​បទ​ទួល​បាន ប៉ុន្តែ​វា​នឹង​ទាមទារ​ពេលវេលា និង​ការ​អត់ធ្មត់ រួម​ជាមួយនឹង​ភាព​ម៉ត់ចត់​នៅ​កម្រិត​ខ្ពស់​បំផុត​នៃ​ការ​គ្រប់គ្រង​ប្រកបដោយ​វិជ្ជាជីវៈ​។ អ្នកមាន​មហិច្ឆតា​សម្រាប់ Man Utd ហើយ​យើង​ក៏​ដូច​គ្នា​។ យើង​ទាំងអស់​គ្នា​ចង់​ជួយ​យក Man Utd ត្រឡប់​ទៅ​រក​ភាព​ដើម ដែល​ក្លិប​កំពូល​នៃ​បាល់ទាត់​អង់គ្លេស អឺរ៉ុប និង​ពិភពលោក​»​។

ក្រុម​បិសាច​ក្រហម Man United យក​បាន​៣​ពិន្ទុ​ដ៏​សំខាន់​ពី​ការ​ប្រកួត​លី​គ កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ កន្លង​ទៅ ក្រោយ​យកឈ្នះ​ក្រុម​ភ្ញៀវ Aston Villa ដែល​កំពុង​ឡើង​ជើង​ខ្លាំង​ទាំង​លំបាក​ដោយ​លទ្ធផល ៣-២ ដើម្បី​ឡើងឈរ​ចំណាត់ថ្នាក់​លេខ ៦ ដោយ​មាន​៣១​ពិន្ទុ ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​១៩​ស​ប្តា​ហ៍​កន្លង​មក​។

ថ្លែង​នៅ​មុន​ការ​ប្រកួត​ទល់​នឹង Aston Villa លោក Erik ten Hag អ្នកចាត់ការ​ទូទៅ Man United ក៏​បាន​លើក​ឡើង​ថា អំឡុង​ពេល​ដំណើរការ​នេះ ខ្ញុំ​ត្រូវ​បាន​ជូនដំណឹង​គ្រប់ពេលវេលា ហើយ​ខ្ញុំ​គិត​ថា​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​វត្តមាន​ពួក​គេ​។ យើង​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​ពួក​គេ​។ ពួក​គេ​ចង់​ធ្វើការ​ជាមួយ​យើង ហើយ​យើង​ក៏​ចង់​ធ្វើការ​ជាមួយ​ពួក​គេ វា​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់ Man United»៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ