ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ សម្រេចឃុំខ្លួន អ្នកបើកឡាន Jeep បុកមនុស្សស្លា.ប់ហើយ​

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ៖ ទីបំផុត ​ជន​បង្ក ​ដែល​ជា​អ្នកបើកបរ​រថយន្ដ​ទំនើប​ម៉ាក ​Jeep បណ្តាល​ឲ្យ​បុក​ស្លា.ប់​អ្នក​ដ​ទៃ​​នៅ​​កន្លែង ​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​អម​​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ ​បានសម្រេច​​ចោទ​ប្រកាន់ និងឃុំខ្លួន​ជនសង្ស័យ​នោះ នៅពន្ធនាគារជាបណ្តោះអាសន្ន​ហើយ​…

រាជធានី​ភ្នំពេញ៖ ទីបំផុត ​ជន​បង្ក ​ដែល​ជា​អ្នកបើកបរ​រថយន្ដ​ទំនើប​ម៉ាក ​Jeep បណ្តាល​ឲ្យ​បុក​ស្លា.ប់​អ្នក​ដ​ទៃ​​នៅ​​កន្លែង ​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​អម​​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ ​បានសម្រេច​​ចោទ​ប្រកាន់ និងឃុំខ្លួន​ជនសង្ស័យ​នោះ នៅពន្ធនាគារជាបណ្តោះអាសន្ន​ហើយ​ នៅពន្ធនាគារ PJ ក្រោយការប៉ូលិសបាន​បញ្ជូន​ជននោះ ទៅកាន់សាលាដំបូង​រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ នេះ​។

ដីកាបង្គាប់ឱ្យឃុំខ្លួន ចេញដោយ​ចៅក្រម ហុង ម៉ារីណិច នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បាន​សម្រេច​ចោទប្រកាន់ យុវជន ព្រហ្មវិចិត្រ សុសក្តា ដែលកំពុងរៀនថ្នាក់អនុបណ្ឌិត ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិន​គោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិ ស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លា.ប់អ្នកដទៃ និងបទរត់គេចខ្លួន» តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍​ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ​។

​​មាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា «ជនណា ដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាពត្វកិច្ច ដែលបទប្បញ្ញតិ ស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវ​ បណ្ដាលឲ្យស្លា.ប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ ពិន័យជាប្រាក់ពី៤០០០០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល»។

ចំណែកមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ បានចែងពី «បទរត់គេខ្លួន» ដោយកំណត់ថា « អំពើប្រព្រឹត្តដោយអ្នកបើកបរយានជំនិះផ្លូវគោក ឬផ្លូវទឹក ដែលបានដឹងច្បាស់​ថា ខ្លួនទើប​តែបង្កឱ្យ​ មានគ្រោះថ្នាក់ ឬការខូចខាត​ ហើយមិន​ព្រមឈប់ ដើម្បីគេចខ្លួន​ពីការទទួលខុស​ត្រូវព្រហ្មទណ្ឌ​ ឬរដ្ឋប្បវេណី ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យ​ជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល​»។

ជន​បង្ក ដែល​ជា​អ្នកបើកបរ​រថយន្ដ​ទំនើប​ម៉ាក ​Jeep បណ្តាល​ឲ្យ​បុក​ស្លា.ប់​បុរសម្នាក់ជិះម៉ូតូ ​នៅ​កន្លែង​កើតហេតុ បានកើតឡើង ​ក្នុង​ខណ្ឌទួលគោក រាជ​ធានី​ភ្នំពេញ កាលពីយប់​​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣។ ភ្លាមៗ យុវជននោះ បានគេចខ្លួនពីកន្លែងកើតហេតុ ទោះបីជាគេស្គាល់អត្តសញ្ញាណ​ច្បាស់លាស់ក៏ដោយ។​ រហូត​ដល់​​ថ្ងៃ​សៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ ទើប​យុវជន ជាកូនអ្នកមាន ឈ្មោះ ព្រហ្មវិចិត្រ សុសក្តា អាយុ ២៣ឆ្នាំ បាន​ចូល​សារភាព និង​ទទួលស្គាល់​កំហុស​របស់​ខ្លួន នៅ​ការិយាល័យនគរបាល​​ចរាចរ​ណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ​ បាន​ថ្លែង​​ថា «​ក្រុម​គ្រួសារ និង​សាមីខ្លួន បាន​មក​ប្រគល់​ខ្លួន ​នៅ​ស្នង​ការ​​ដ្ឋាន​​នគរបាល​​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ១១​ព្រឹក ​នា​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៣ ​នេះ​»។

បន្ទាប់​ពី​ជន​បង្ក​បាន​ចូលខ្លួន​ទទួលស្គាល់​កំហុស​នោះ សមត្ថ​កិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ចរាចរ​ផ្លូវគោក បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់។

សូម​បញ្ជាក់​ទៀត​ថា កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ប្រកាសឱ្យ​តុលាការចាត់វិធានការម៉ឹងម៉ាត់​តាមច្បាប់លើអ្នកបើកបរ​រថយន្ត Jeep បុកបុរសអ្នកជិះម៉ូតូស្លា.ប់​រួចមក នៅថ្ងៃទី១៩ធ្នូដដែល លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​អ្នក​បើករថយន្ដ Jeep ដែល​បុក​ជន​រង​គ្រោះ​ម្នាក់​ស្លា.ប់ នៅ​ខណ្ឌទួលគោក​នោះ ឲ្យ​ចូលខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​គេចវេស​មិន​ទទួល​ខុស​ត្រូវ។ តុលាការ បានប្រកាសថា ជន​បង្ក​ឈ្មោះ ព្រហ្ម វិចិត្រ​សុស​ក្ដា ភេទ​ប្រុស អាយុ​ ២៣​ឆ្នាំ ត្រូវ​បង្ហាញខ្លួន​ នៅ​តុលាការ​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៤ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​។ ក្នុង​ដីកា​នោះ​ ក៏​បាន​​អនុញ្ញាត​ឲ្យ​មន្ដ្រី​នគរបាល​យុត្តិធម៌ ប្រើប្រាស់​កម្លាំង​​សាធារណៈ ដើម្បី​បង្ខំ​ឲ្យ​បុគ្គល​ឈ្មោះ ព្រហ្ម វិចិត្រ​សុស​ក្ដា ចូល​បង្ហាញខ្លួននៅតុលាការ​​ ឲ្យ​បាន​មុន​ថ្ងៃ​កំណត់​។

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​បញ្ចេញ​មតិយោបល់​ផ្សេង​ៗ​គ្នា នៅ​តាម​បណ្ដាញ​សង្គម ​គ្រា​ដែល​អ្នកបើកបរ​រថយន្ដ​បង្ក បាន​ព្យាយាម​គេចខ្លួន​ ក្រោយ​កើតហេតុ ហើយ​គំរាម​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ​មិន​ឲ្យ​ដាក់​ពាក្យបណ្ដឹង ជា​ថ្នូរនឹង​ប្រាក់ ១០០០ ដុល្លារ​អា​មេ​រិ​ក ដើម្បី​បញ្ចប់រឿង ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់ ​ផ្ទុះ​លើ​បណ្តាញ​សង្គម​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត Jeep ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ​2CB-9963 និង​ម៉ូតូ បុក​គ្នា​នៅ​ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ លើ​ផ្លូវ​លេខ​៣១៧ ប្រសព្វ​ផ្លូវ​លេខ​៥៦៦ ភូមិ​៦ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ហេតុការណ៍​នោះ ​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ហើយ​អ្នក​បើករថយន្ដ​បាន​គេចខ្លួន​បាត់​។ ជន​រង​គ្រោះ ​ត្រូវ​បាន​ក្រុម​គ្រួសារ និង​សាច់ញាតិ ​នាំ​យក​ទៅ​ធ្វើបុណ្យ​បូជា​តាម​ប្រពៃណី​។ ចំណែក​រថយន្ត និង​ម៉ូតូ ​ត្រូវ​បាន​សមត្ត​កិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក ដើម្បី​រង់ចាំ​ធ្វើការ​ដោះ​ស្រា​យ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ