ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​អាច​ប្តូរ​ទីតាំង​ពិធី​បើក​កីឡា​អូ​ឡាំ​ពិ​ក​ក្រុងប៉ារីស​ឆ្នាំ​ក្រោយ ជុំវិញ​បញ្ហា​សន្តិសុខ

4 ខែ មុន

បារាំង ៖ ប្រធានាធិបតី​ប្រទេស​បារាំង លោក Emmanuel Macron កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ថ្លែង​ថា

បារាំង ៖ ប្រធានាធិបតី​ប្រទេស​បារាំង លោក Emmanuel Macron កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ថ្លែង​ថា ប្រទេស​បារាំង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ផ្លាស់​ប្តូរ​ទីតាំង​នៃ​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ ប្រសិនបើ​មាន​បញ្ហា​សន្តិសុខ​ដោយ​ប្រការ​ណាមួយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​។

សង្គ្រាម​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស់​នៅ​ហ្គា​ហ្សា និង​ភាព​តានតឹង​នៅ​តំបន់​ផ្សេង​ទៀត​នៅ​មជ្ឈិមបូព៌ា និង​ពិភពលោក បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នា​ឆ្នាំ​ក្រោយ​។ ពិធី​បើក​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ គ្រោង​ធ្វើ​ឡើង​នៅ​មាត់ទន្លេ Seine កណ្តាល​ទី​ក្រុងប៉ារីស នៅ​ចុងខែ​កក្កដា​។

ពាក់ព័ន្ធ​ជាមួយនឹង​ពិធី​បើក​ព្រឹត្តិការណ៍​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ លោក Emmanuel Macron បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​ថា «​យើង​នឹង​រៀបចំ​ពិធី​បើក​ដ៏​ពិសេស​មួយ​ដែល​ខ្ញុំ​សង្ឃឹមថា នឹង​ផ្តល់​ជនជាតិ​បារាំង​នូវ​មោទនភាព​យ៉ាង​ខ្លាំង ហើយនឹង​ក្លាយជា​ពេល​នៃ​ភាព​ស្រស់​ស្អាត សិល្បៈ​ពិត ការ​ប្រារព្ធ​ពិធី​នៃ​កីឡា និង​តម្លៃ​របស់​យើង​»​។

ជាមួយ​គ្នា​នោះ លោក​បាន​លើក​ឡើង​អំពី​បញ្ហា​សន្តិសុខ​ផង​ដែរ ដោយ​លើកយក​ការ​វាយប្រហារ​ដោយ​ក្រុម​ជ្រុលនិយម​ដ៏​សាហាវ ដែល​កើតឡើង​នៅ​ទី​ក្រុងប៉ារីស​កាលពី​ឆ្នាំ ២០១៥ កន្លង​ទៅ ដែល​ជា​ឧទាហរណ៍​នៃ​វិបត្តិ​ធ្ងន់ធ្ងរ​អាច​បង្ខំ​ឱ្យ​មានការ​គិត​ឡើង​វិញ ឬ​ផ្លាស់​ប្តូរ​ផែនការ​សម្រាប់​ពិធី​បើក​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៤​។ បុរស​វ័យ​៤៦​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ថា «​ជា​ការ​ពិត​ណាស់ ក្នុង​នាម​ជា​អ្នក​រៀបចំ​ដ៏​ជំនាញ ដូច្នេះ​ច្បាស់​ណាស់​យើង​មាន​ផែនការ B ផែនការ C និង​ផ្សេង​ទៀត អ្នក​ត្រូវ​តែ​ត្រៀមខ្លួន​សម្រាប់​អ្វី​ទាំងអស់ ប្រសិនបើ​មានការ​កើនឡើង​ភាព​តានតឹង​សកល ឬ​នៅ​ក្នុង​តំបន់ ឬ​ក៏​មានការ​វាយប្រហារ​ភា្ល​ម​ៗ​ជា​បន្តបន្ទាប់ ហើយ​នេះ​គឺជា​ផែនការ​»​។

បន្ថែម​ពី​លើស​នេះ​ទៀត លោក Macron បាន​ទទូច​ថា ការ​សម្រេចចិត្ត​ណាមួយ​ដើម្បី​ផ្លាស់​ទីតាំង​ពិធី​បើក​នឹង​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​នោះ​ទេ ដោយ​ផែនការ​បម្រុង​ទុក​នឹង​ត្រូវ​បាន​ប្រើប្រាស់​លុះត្រាតែ​កម្រិត​នៃ​ភាព​អសន្តិសុខ​តម្រូវ​ឱ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គ្រោង​ការណ៍​ដំបូង​។

គណៈកម្មាធិការ​អូ​ឡាំ​ពិ​កបាន​ប្តេជ្ញា​ចិត្ត​រួច​ហើយ ក្នុង​ការ​បង្កើន​សន្តិសុខ​សម្រាប់​ព្រឹត្តិការណ៍​នានា​ជុំវិញ​ទី​ក្រុងប៉ារីស ស្រប​ពេល​ដែល​យោធា​បារាំង​បាន​អះអាង​អំពី​ការ​ដាក់​ពង្រាយ​ទាហាន​១៥,០០០​នាក់ អប​ជាមួយ​កម្លាំង​ប៉ូលិស សម្រាប់​ការ​រៀបចំ​សន្តិសុខ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ការ​ដាក់​ពង្រាយ​ទាហាន​ប្រហែល​១​ម៉ឺន​នាក់​នៅ​ក្នុង និង​ជុំវិញ​ទី​ក្រុងប៉ារីស និង ៥​ពាន់​នាក់​ទៀត ត្រូវ​ដាក់​ពង្រាយ​នៅ​ទីតាំង​ផ្សេង​ទៀត​នៃ​ប្រទេស​បារាំង ដោយ​ខ្លះ​នៅ​ឆ្ងាយ​រហូត​ដល់​កោះ​ប៉ា​ស៊ី​ហ្វិ​ក តា​ហ៊ី​ទី (Tahiti) ដែល​នឹង​រៀបចំ​ការ​ប្រកួត​វិញ្ញាសា​កីឡា​ជិះ​ស្គី​អូ​ឡាំ​ពិ​ក​។ ភ្ញៀវ​ទេសចរណ៍​ប្រហែល ៦០​ម៉ឺន​នាក់​ត្រូវ​បាន​រំពឹង​ទុក​សម្រាប់​ការ​ចូលរួម​អបអរសាទរ​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ នៅ​ថ្ងៃ​ទី ២៦ ខែ កក្កដា ឆ្នាំ ២០២៤​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ នឹង​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​១១ ខែសីហា មុន​ពេល​ដែល​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ចូល​មក​ដល់ ដែល​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​៨ ខែកញ្ញា​៕ (​ប្រភព ៖ Reuters និង Inside The Games)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ