រាជធានីភ្នំពេញ ៖ យោងតាមមន្ត្រីសាលាក្តីខ្មែរក្រហមបានឱ្យដឹងកាលពីថ្ងៃទី២៤ ឧសភា ២០១១ ថា សាលាក្តីបានតែងតាំងលោកឌឹម សុវណ្ណារុំ ដែលជាមន្ត្រីទទួលបន្ទុកព័ត៌មាន និងជាអ្នកនាំពាក្យសាលាក្តីត្រូវបានតែងតាំងជាប្រធានស្តីទីផ្នែកកិច្ចការសាធារណៈនៃសាលាក្តីចាប់តាំងពីថ្ងៃទី២៥ ឧសភា ២០១១ នេះតទៅ ជំនួសកន្លែងរបស់សពលោករាជ សម្បត្តិ ដែលបានទទួលរមណភាពកាលពីពេលថ្មីៗកន្លងទៅនេះ ។
ការតែងតាំងលោកឌឹម សុវណ្ណារុំ ត្រូវបានធ្វើឡើងតាមសេចក្តីប្រកាសមួយរបស់សាលាក្តីខ្មែរក្រហម ដែលចុះហត្ថលេខាដោយលោកក្រាញ់ តូនី ប្រធានស្តីទីផ្នែករដ្ឋបាលរបស់សាលាក្តីចុះថ្ងៃទី២៤ ឧសភា ២០១១ ។ លោកឌឹម សុវណ្ណារុំ បានមានប្រសាសន៍ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា រូបលោកត្រូវបានតែងតាំងដោយមន្ត្រីសាលាក្តីកាលពីថ្ងៃទី២៤ ឧសភា នេះ នៅក្នុងតួនាទីកិច្ចការសាធារណៈ ជាបណ្តោះអាសន្នរង់ចាំការដាក់អ្នកជំនួសតួនាទីនេះពេញសិទ្ធិ ។ ក្នុងពេលនេះ លោកនៅតែជាមន្ត្រីអ្នកនាំពាក្យរបស់សាលាក្តីដដែល ហើយលោកអាចទទួលកិច្ចការងារនេះបាន និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលាក្តីដែលបានតែងតាំងរូបលោកនាពេលនេះ ៕
ចែករំលែកព័តមាននេះ