ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​លើក​ទី​២០​

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្លឹ​ប​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​បើក​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​លើក​ទី​២០ ​ដោយ​លើកយក​ប្រធានបទ​«​វិជ្ជាជីវៈ ​និង​ក្រមសីលធម៌​សារព័ត៌មាន​»​ដោយសារ​ប្រធានបទ​នេះ​ នៅ​តែ​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​បណ្តា​ប្រទេស​មួយ​ចំនួន​ផង​ដែរ​ ។ វេទិកា​នេះ​ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ​…

រាជធានី​ភ្នំពេញ​៖ ក្លឹ​ប​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​បើក​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​លើក​ទី​២០ ​ដោយ​លើកយក​ប្រធានបទ​«​វិជ្ជាជីវៈ ​និង​ក្រមសីលធម៌​សារព័ត៌មាន​»​ដោយសារ​ប្រធានបទ​នេះ​ នៅ​តែ​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​បណ្តា​ប្រទេស​មួយ​ចំនួន​ផង​ដែរ​ ។

វេទិកា​នេះ​ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ​ ឆ្នាំ​២០២៣​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ​ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​សា​ព័ត៌មាន​នានា​នៅ​​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​តំណាង​ក្រសួង​ព័ត៌មាន​​​ជា​ច្រើន​រូប​ផង​ដែរ​ ។

ជា​កិច្ច​ចាប់ផ្តើម​នៃ​កិច្ច​ពិភាក្សា​របស់​នក​ពន្ធ​នាយក​សា​ព័ត៌មាន​ ឯកឧត្តម រស់ ថា​ន់​សន​ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​បាន​អាន​សា​រលិខិត​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ។ ក្នុង​សារ​លិខិត សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ផ្សាយ​ជា​សាធារណៈ កាលពីថ្ងៃ​ទី​២០ ​ធ្នូ ផ្ញើ​ជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​លើក​ទី​២០ បាន​ផ្តល់​អនុសាសន៍​៧​ចំណុច ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​ពាក់ព័ន្ធ​ការ​បំពាន ក្រមសីលធម៌ វិជ្ជាជីវៈ ការ​ផ្សព្វផ្សាយ ព័ត៌មាន​ក្លែងក្លាយ បំភ្លៃ​ការ​ពិត មាន​ចរិត​បំពុលសង្គម ជេរ​ប្រមាថ និង​ញុះញង់ បង្ក​ឱ្យ​កើត​មាន អរិភាព ការ​បែកបាក់​សាមគ្គីភាព​ជាតិ ។

អនុសាសន៍​ទាំង​៧​ចំណុច របស់​សម្តេច​ធិ​បតី​រួម​មាន​៖
១-បន្ត​ចូលរួម​ថែរក្សា​សុខ​សន្តិភាព ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ផ្អែក​លើ​ការ​អនុវត្ត​ច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រូវ​លុប​បំបាត់​ជន​ឱកាសនិយម ដែល​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន​។

២-ផ្ដល់​ព័ត៌មាន​ពិត ដល់​សាធារណ​ជនជាតិ​-​អន្តរជាតិ អំពី​សភាពការណ៍​ពិត​នៅ​កម្ពុជា និង​ផ្សព្វ​ផ្សាយ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ទៅ​កាន់​ប្រជាពលរដ្ឋ និង​នាំ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មក​កាន់​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

៣-ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង អំពី​ភាព​ពិត​ជាក់ស្ដែង និង​ភាព​អសកម្ម​នៅ​ក្នុង​សង្គម ដើម្បី​រាជ​រដ្ឋាភិបាលដោះស្រាយ​បញ្ហា​ចំ​គោលដៅ មាន​ប្រសិទ្ធភាព ស្រប​តាម​កម្មវិធី​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ ។

៤-​ផ្សព្វផ្សាយ​អប់រំ​ដល់​សាធារណជន អំពី​វិធានការ​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការ​ប្រើប្រាស់​គ្រឿងញៀន និង​រក្សា​សុវត្ថិភាព​សង្គម ​។

៥-​បន្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដែល​មាន​ចរិត​បំពុលសង្គម អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ អ​ស្ថិរភាព​នយោបាយ ចលាចល ភាព​វឹកវរ និង​បាត់បង់​សណ្តាប់ធ្នាប់​សង្គម​ ។

៦-​ប្រកាន់ខ្ជាប់​ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយ​ព័ត៌មាន​ពិត មាន​តុល្យភាព គ្រប់​ជ្រុងជ្រោយ ចៀសវាង ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​ខូច​ផលប្រយោជន៍​ជាតិ​និង​បាត់បង់​ទំនុកចិត្ត​ពី​សាធារណជន​។

និង​៧- បណ្តុះបណ្តាល​សមត្ថភាព​ជំនាញ របស់​អ្នក​សារព័ត៌មាន ទាំង​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បីលើកកម្ពស់​គុណភាព​ព័ត៌មាន សណ្តាប់ធ្នាប់​វិស័យ​ព័ត៌មាន និង​កិត្យានុភាព​ស្ថាប័ន​សារ​ព័ត៌មាន​។ ក្នុង​នោះ​ដែរ សម្តេច​ធិ​បតី បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា វេទិកា និពន្ធ​នាយក​សារ​ព័ត៌មាន​កម្ពុជា ឆ្នាំ​២០២៣ នឹង​ផ្តល់​នូវ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ដើម្បី​បន្ត​ជំរុញ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​មួយ​កម្រិត​ថែម​ទៀត​ ៕​

អត្ថបទសរសេរ ដោយ