ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឧក្រិ.ដ្ឋជន​ជួញដូរ​គ្រឿងញៀ.ន​ដ៏​ធំ ត្រូវចាប់ខ្លួនរួម​នឹង​គ្រឿងញៀ.ន​ជិត​១៧​គីឡូ

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​៖ ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀ.ន​ដ៏​ធំ​មួយ​ក្រុម​ រួម​នឹង​គ្រឿងញៀ.ន​ជា​ច្រើន​ប្រភេទ​សរុប​

ខេត្តព្រៃវែង​៖ ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​ក្រុម​ រួម​នឹង​គ្រឿងញៀន​ជា​ច្រើន​ប្រភេទ​សរុប​ជិត​១៧​គីឡូ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តព្រៃវែងបង្ក្រាប​បាន​ និង​បញ្ជូន​ទៅ​តុលាការ ។

ប្រតិបត្តិការ​បង្ក្រាបករណីខាង​នេះ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង សហការ​ធ្វើ​វិធានការ​រដ្ឋបាល​ចំហរ ក្នុង​ចំណុច​គោលដៅ​ផ្លូវជាតិ​លេខ​១ នៅ​វេលា​ម៉ោង១០ និង​៣០​នាទីយប់​ថ្ងៃ​ទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ ស្ថិត​ក្នុងភូមិ​ជម្រុះ ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។

ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ជា​ជនជាតិ​វៀតណាម រួម​និង​បក្ខពួក ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន​ចំនួន​៣​នាក់ ​រួម​មាន ១-ឈ្មោះ ហ្វា​ម​ថី មិន​ហុង (PHẠM THỊ MINH HỒNG ) ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ជនជាតិ​វៀតណាម ​២-ឈ្មោះ កៅ​ថី ធី​វឹង (CAO THI THUỶ VÂN) ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​វៀតណាម និង​៣-ឈ្មោះ ហ្វា​ម កៅ​អាន់​ទឹង (PHAM CAO ANH TUẤN) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​វៀតណាម ។

ក្នុង​ចំណោម​អ្នក​ទាំង​៣ ជនសង្ស័យ​ឈ្មោះ កៅ​ថី ធី​វឹង (CAO THI THUỶ VÂN) ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​វៀតណាម គឺ​មាន​ដីកា​បង្កា​ប់​ឱ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​តាម​សាលក្រម​ស្ថាពរ​លេខ ២១០ ប​គ ច​ខ​ឃ​/២២ ចេញ​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ឌិន ស៊ី​វុ​ទ្ធី ដោយ​អនុវត្ត​ទោស ដាក់​ពន្ធនាគារ​កំណត់​មួយ​ជីវិត ស្តី​ពី​បទល្មើស ផលិត​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​រក្សា​ទុក ដឹក​ជញ្ជូន ជួញដូរ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ ហ្វា​ម​ថី មិន​ហុង បាន​ហៅ​តាក់ស៊ី ដើម្បី​ដឹក​ខ្លួន និង​បក្ខពួក ២​នាក់​ទៀត (​ជនជាតិ​វៀតណាម​ទាំង ៣​នាក់​) រួម​និង​គ្រឿងញៀន​មួយ​ចំនួន (​ច្រក​ថង់​បិទ​ជិត​) នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ​ស្ថិត​ក្នុង​បុរី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ខ្ទរ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ គោលបំណង​ដឹក​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ។

លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​គោលដៅ​ត្រួតពិនិត្យ ចំណុច​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ជម្រុះ ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ដោយ​មាន​ព័ត៌មាន​ពី​ភ្នាក់ងារ​ផង​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង សុំ​កិច្ចសហការ​ពី​ម្ចាស់​រថយន្ត ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ក៏​ប្រទះ​ឃើញ​ម្សៅ​ពណ៌​ស​ចំនួន ២​ដុំ សង្ស័យ​ជា​សារធាតុ​ញៀន និង​ម្សៅ​ពណ៌​កាហ្វេ​ចំនួន​១​ដុំ​ធំ សង្ស័យ​ជា​សារធាតុ​ញៀន រួម​ទាំង​សម្ភារៈ​វេច​ខ្ចប់​ជា​ច្រើន​ទៀត ។

បន្ទាប់​ពី​ត្រួតពិនិត្យ និង​សួរនាំ​បឋម ជនសង្ស័យ​ឈ្មោះ ហ្វា​ម​ថី មិន​ហុង បាន​សារភាព​ថា វត្ថុ​តាង និង​សម្ភារៈ​ខាងលើ គឺជា​របស់​ខ្លួន ។ ភា្ល​ម​ៗ​កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង ៣​នាក់​រួម និង​វត្ថុ​តាង មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដើម្បី​ធ្វើការ​សួរនាំ​បន្ថែម​តាម​នីតិវិធី ។

ក្រោយ​សួរនាំ កម្លាំង​នគរបាល​ខេត្តព្រៃវែង បាន​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ហ្វា​ម​ថី មិន​ហុង ទៅ​ចង្អុលបង្ហាញ​ទីតាំង​ផ្ទះ​របស់​ខ្លួន ស្ថិត​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ជា​ច្រើន​ប្រភេទ​បន្ថែម​ទៀត ។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​ខេត្តព្រៃវែង ចាប់​បាន​គ្រឿងញៀន​ជា​ច្រើន​ប្រភេទ​រួម​មាន​៖ ១-ម្សៅ​ពណ៌​ស​ទម្ងន់ ៧០៤,៤៣ ក្រាម (​ហេ​រ៉ូ​អ៊ី​ន​) ២-ម្សៅ​ពណ៌​ត្នោត ៩៩៣,៨៣ ក្រាម (MDMA) ៣- ម្សៅ​ម៉ត់ ១១៣,៥៥ ក្រាម (MDMA) ៤-ម្សៅ​ពណ៌​ស ១,៩៩ ក្រាម (​មេ​តំ​ហ្វេ​តា​មីន​) ៥-ម្សៅ​ពណ៌​ស​ម៉ត់ ១៧៧,៥១ ក្រាម (​កេ​តា​មីន​) ៦-រុក្ខជាតិ​ក្រៀម ២.៥១២ ក្រាម​ ៧-ម្សៅ​ចំរុះ ១២.២៨៨ ក្រាម (​មិន​ទាន់​ច្បាស់លាស់​) រួម​និង​សម្ភារៈ​មួយ​ចំនួន​ធំ​ទៀត ។ សរុប​ម្សៅ និង​រុក្ខជាតិ​ដែល​សង្ស័យ​ជា​សារធាតុ​ញៀន​គឺ​មាន​ប្រមាណ​ជិត ១៧ គីឡូក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ខេត្តព្រៃវែង កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រៃវែង ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​រួច​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ