រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្តីប្រពន្ធ២នាក់បើករថយន្តតូយ៉ូតាព្រុស បានទាស់ពាក្យសម្ដីគ្នានឹងយុវជន៣នាក់ ដែលជិះម៉ូតូហុងដាឌ្រីមតាមដងផ្លូវ រហូតកើតមានពាក្យនិយាយថា «ដកកាំភ្លើ.ងគំរា.ម» បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវបេតុងទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន បានធ្វើការប្រដេញឃាត់រថយន្តបាន នៅចំណុចមុខបញ្ជាការដ្ឋានការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដើម្បីធ្វើការសួរនាំ។

តាមប្រភពពីភាគីខាងម៉ូតូ បាននិយាយប្រាប់អោយដឹងថា មុនពេលកើតហេតុ ពួកគាត់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង មានគ្នា៣នាក់ (ប្រុស២ ស្រី១) និងមានមិត្តភក្តិជិះម៉ូតូផ្សេងៗទៀតមកតាមក្រោយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទួលពង្រ។ លុះមកដល់ជិតស្តុបទួលពង្រ ផ្លូវវេងស្រេង ក៏ស្រាប់តែប្តីប្រពន្ធ២នាក់បើករថយន្តម៉ាកតូយូតាព្រុស ពណ៌ស ស្របទិសគ្នា ហើយអ្នកបើករថយន្តរូបនោះក៏បើកឆាបម៉ូតូរបស់ពួកគេ ថែមទាំងចុចកញ្ចក់រថយន្តចុះ រួចនិយាយថា «បើអ.ញមានកាំភ្លើ.ង អ.ញនឹងដកបា.ញ់ពួកហែ.ង»។

ភាគីខាងម៉ូតូបន្តថា បន្ទាប់ពីនិយាយរួចហើយ អ្នកបើករថយន្តនោះក៏បើកបន្តទៅមុខឡើងទៅផ្លូវវេងស្រេង ឆ្ពោះទៅស្ទឹងមានជ័យ។ ហើយពេលនោះ ពួកគាត់ជាអ្នកជិះម៉ូតូក៏ជិះដេញតាមពីរថយន្ត ដើម្បីឃាត់សួរនាំរឿងនិយាយថា «រកដកកាំភ្លើ.ងគំរា.មពួកគាត់» រហូតបង្កឱ្យមានការផ្អើលដល់កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលដែលកំពុងល្បាតម្តុំនោះ មកជួយដេញតាមឃាត់រថយន្ដបាននៅផ្លូវវេងស្រេង ទល់មុខបញ្ជាការដ្ឋានការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប៉ុន្តែពេលនោះ ម្ចាស់រថយន្តក៏ចុះពីលើរថយន្ត ហើយប្រើកាយវិការពាក្យសម្ដីមិនសមរម្យមកលើកងកម្លាំងទៀតផង។

ដោយឡែកភាគីខាងរថយន្តវិញ ក៏បានប្រាប់អោយដឹងដែរថា មុនពេលកើតហេតុ ពួកគាត់២នាក់ប្តីប្រពន្ធ បានបើករថយន្តធ្វើដំណើរតាមផ្លូវទួលពង្រ លុះមកដល់ជិតស្តុបពួកក្រុមក្មេងប្រុសស្រីទាំងនោះ ជិះម៉ូតូមកបាំងមុខរថយន្តរបស់គាត់។ ហើយគាត់ក៏ស៊ីផ្លេអោយចៀសផ្លូវ តែពួកក្មេងៗប្រុសស្រីទាំងនោះមិនព្រមចៀសនោះទេ ទើបគាត់បើករថយន្តឆាបពីមុខតែម្តងទៅ តែមិនបានបង្កគ្រោះថ្នាក់ចរាចរណ៍ ឬនិយាយថា មានការដកកាំភ្លើ.ងគំរា.មបា.ញ់អ្វីនោះទេ ។

ពាក់ព័ន្ធក្នុងករណីខាងលើនេះដែរ បន្ទាប់ពីប្រកែកចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ហើយនិយាយយកហេតុផលត្រូវរៀងៗខ្លួននោះ កម្លាំងសមត្ថកិច្ចក៏ធ្វើការនាំខ្លួនភាគីទាំងសងខាងទៅកន្លែងកើតហេតុ និងឱ្យសម្របសម្រួលគ្នា។ ដោយភាគីទាំងសងខាងមិនចង់មានរឿងវែងឆ្ងាយ ក៏សម្រេចចិត្តសុំទោសគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង ហើយបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនទៅ៕



ចែករំលែកព័តមាននេះ