ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ជ្រើស​យក​រមណីយដ្ឋាន​ស្គី​ទឹកកក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រុ​ស្ស៊ី

4 ខែ មុន

កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង កំពុង​ព្យាយាម​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រុ​ស្ស៊ី​ដោយ​គេច​ពី​ទណ្ឌកម្ម​

កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង កំពុង​ព្យាយាម​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រុ​ស្ស៊ី​ដោយ​គេច​ពី​ទណ្ឌកម្ម​លោក​ខាងលិច សម្រាប់​រមណីយដ្ឋាន​ស្គី​ទឹកកក​ដ៏​ធំ​បំផុត​របស់​ខ្លួន ដែល​មាន​តម្លៃ​ប្រមាណ​២៦​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​ប្រភព​ពី The Sun ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣​។

យោង​តាម​ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាងជើង កាលពី​ថ្មី​ៗ​នេះ បាន​បង្ហាញ​វី​ដេ​អូ​នៃ​ការ​ស្វាគមន៍​គណៈប្រតិភូ​មក​ពី​តំបន់​ចុង​បូព៌ា Primorsky Krai ប្រទេស​រុ​ស្ស៊ី​ទៅ​កាន់​រមណីយដ្ឋាន​ស្គី​ទឹកកក Masikryong ក្បែរ​ទីក្រុង Wonsan ខេត្ត Kangwon ។ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ អាជ្ញាធរ​ចុង​បូព៌ា​រុ​ស្ស៊ី​អះអាង​ថា ប្រទេស​កូរ៉េ​ខាងជើង​ចង់​បង្កើត​ផ្លូវ​ធ្វើ​ដំណើរ​ថ្មី​ជាមួយ​ប្រទេស​ជិតខាង ហើយ​ពួក​គេ​កំពុងធ្វើការ​លើ​គម្រោង​ផ្សព្វផ្សាយ​ទេសចរណ៍​សម្រាប់​កុមារ និង​មនុស្ស​ពេញវ័យ​ផង​ដែរ​។

ប្រទេស​កូរ៉េ​ខាងជើង​បាន​ស្នើ​ផ្លូវ​រថភ្លើង ផ្លូវ​សមុទ្រ និង​ផ្លូវអាកាស​ថ្មី​រវាង​ប្រទេស​នានា​ក្នុង​ការ​ព្យាយាម​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​។ កូរ៉េ​ខាងជើង​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​បង្កើត​សេវា​រថភ្លើង​ប្រចាំ​ពី​ទីក្រុង Ussuriysk ចុង​បូព៌ា​របស់​រុ​ស្ស៊ី​ទៅ​កាន់​ទីក្រុង Tumangang និង Rajin របស់​កូរ៉េ​ខាងជើង​នៅ​ជិត​ព្រំដែន​។ ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​កូរ៉េ​ខាងជើង Air Koryo បាន​រៀបចំ​ជើងហោះហើរ​បន្ថែម នៅ​ពេល​ដែល​ចំនួន​អ្នក​ទស្សនា​កើនឡើង ខណៈ​ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​ធ្វើការ​ហោះហើរ​ទៀងទាត់​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ បន្ទាប់​ពី​បាន​បន្ត​ការ​ធ្វើ​ដំណើរ​កាលពី​ខែសីហា​កន្លង​ទៅ​។

អ្នកជំនាញ​មួយ​ចំនួន​បាន​ប្រាប់​សារព័ត៌មាន NK News ថា ផែនការ​នេះ អាច​ដំណើរការ​ទៅ​បាន ដ្បិត​បច្ចុប្បន្ន​លិខិតឆ្លងដែន​រុ​ស្ស៊ី​ត្រូវ​បាន​រឹត​បន្តឹង​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​នៃ​ពិភពលោក ស្រប​ពេល​រុ​ស្ស៊ី និង​កូរ៉េ​ខាងជើង​មាន​យន្តការ​រួច​ហើយ ដែល​អនុញ្ញាត​ឱ្យ​មានការ​ផ្លាស់​ប្តូរ​រូបិយប័ណ្ណ​កាន់តែ​ងាយ និង​រលូន​។

យ៉ាងណាមិញ លោក Simon Cockerell អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Koryo Tours ដែល​ជា​ក្រុមហ៊ុន​ទេសចរណ៍​ឯករាជ្យ​របស់​លោក​ខាងលិច ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េ​កាំ​ង ឯកទេស​ទេសចរណ៍​ជា​ក្រុម និង​ឯករាជ្យ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងជើង ហាក់​មាន​មន្ទិល​អំពី​ភាព​ជោគជ័យ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ដោយ​លោក​បាន​ប្រាប់ NK News ថា ចំនួន​ប្រជាជន​រុ​ស្ស៊ី​នៅ​ចុង​បូព៌ា​មាន​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ចិន​។ មន្ត្រី Primorsky Krai ទាំងនេះ​អាច​សន្យា​អ្វី​ទាំងអស់ ហើយ​អាច​ផ្តល់​ជូន​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​។ ប៉ុន្តែ​នៅ​ទីបំផុត អ្នក​ធ្វើ​ដំណើរ​គឺជា​អ្នក​ជ្រើសរើស​គោលដៅ​ថ្ងៃ​ឈប់​សម្រាក​របស់​ពួក​គរ​ផ្ទាល់​។

សូម​ជម្រាប​ថា រមណីយដ្ឋាន​កីឡា​រដូវរងា​ស្ទើរតែ​បោះបង់​ចោល​របស់​លោក គី​ម ជុង​អ៊ុ​ន បាន​បរាជ័យ​នៅ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​យ៉ាងច្រើន ចាប់តាំងពី​ការ​បើក​ដំណើរការ​នៅ​ឆ្នាំ ២០១៣​។ រមណីយដ្ឋាន​ដ៏​ធំ​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ១,៤០០​ហិ​កតា​មួយ​នេះ ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​កងទ័ព និង​ត្រូវការ​អ្នក​ជិះ​ស្គី​ចំនួន​៥​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ដោយហេតុ​ថា ប្រជាជន​កូរ៉េ​ខាងជើង​ភាគច្រើន​ស្ថិត​ក្នុង​ភាព​ក្រីក្រ និង​គ្មាន​លទ្ធភាព​ទិញ​សំបុត្រ​តម្លៃ​៣៨​ដុល្លារ​ក្នុង​ម្នាក់ សម្រាប់​ការ​ចូល​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​នេះ​ឡើយ​។

ក្រៅពី​ជា​កន្លែង​ជិះ​ស្គី Masikryong Ski Resort ក៏​មាន​បម្រើ​សណ្ឋាគារ​ស្នាក់​នៅ ដែល​មាន​បន្ទប់​សូ​ណា ខារ៉ាអូខេ អាង​ហែល​ទឹក និង​មាន​បារ​នៅ​ជាន់​ទី​៩ ដែល​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត រួម​ជាមួយនឹង​ភោជនីយដ្ឋាន​មួយ​នៅ​កំពូលភ្នំ​ផ្តល់​នូវ​ទិដ្ឋភាព​ស្រស់​ត្រកាល​បែប Panoramic ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ