ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​រៀបចំ​ការ​រត់​អ៊ុ​ល​ត្រា​ម៉ា​រ៉ា​តុង​ចិន​ឆ្នាំ ២០២១ ត្រូវ​កាត់ទោស​ដាក់​ពន្ធនាគារ​ច្រើន​ឆ្នាំ

4 ខែ មុន

ចិន ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រាយការណ៍​ថា អ្នក​រៀបចំ​កម្មវិធី​រត់​អ៊ុ​ល​ត្រា​ម៉ា​រ៉ា​តុង​ឆ្នាំ ២០២១

ចិន ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រាយការណ៍​ថា អ្នក​រៀបចំ​កម្មវិធី​រត់​អ៊ុ​ល​ត្រា​ម៉ា​រ៉ា​តុង​ឆ្នាំ ២០២១ នៅ​ភាគ​ពាយព្យ ប្រទេស​ចិន ដែល​កើតជា​គ្រោះ​អកុសល​បណ្តាល​ឱ្យ​អ្នក​រត់​ចំនួន ២១​នាក់​បាន​ស្លាប់ ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំទៅ​តាម​តួនាទី​របស់​ពួក​គេ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន AFP ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣​។

ទីភ្នាក់ងារ​ព័ត៌មាន ស៊ី​ន​ហួ (Xinhua) បាន​រាយការណ៍​ថា មនុស្ស​ចំនួន​៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​មិន​បាន​ល្អ​នៃ​ព្រឹត្តិការណ៍​រត់​អ៊ុ​ល​ត្រា​ម៉ា​រ៉ា​តុង​ឆ្នាំ ២០២១ ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនា​គារ​ចាប់ពី​៣​ឆ្នាំ ទៅ​៥​ឆ្នាំ​កន្លះ ដោយ​តុលាការ​ទីក្រុង Baiyin ក្នុង​ខេត្ត​ហ្គា​ន​ស៊ូ ដែល​ហេតុការណ៍​រន្ធត់​នេះ កើតឡើង​កាលពី​ខែ ឧសភា ឆ្នាំ ២០២១ បន្ទាប់​ពី​ការ​រត់​ឧបសគ្គ​រយៈ​ចម្ងាយ​ឆ្ងាយ​លើ​ភ្នំ​មាន​ចម្ងាយ​១០០​គីឡូម៉ែត្រ បាន​បណ្តាល​មនុស្ស​២១​នាក់​ស្លាប់ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង ចុះ​ត្រជាក់ ខ្យល់​បក់​ខ្លាំង និង​មាន​ដុំ​ទឹកកក​តូច​ៗ​ធ្លាក់​ថែម​ទៀត​ផង​។

ទីភ្នាក់ងារ​ព័ត៌មាន ស៊ី​ន​ហួ បាន​រាយការណ៍​ថា ជនជាប់ចោទ​ទាំង​៥​នាក់ ត្រូវ​បាន​កាត់ទោស​ពី​បទ​រៀបចំ​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ ដែល​នាំ​ឱ្យ​មាន​ឧបទ្ទវហេតុ​សុវត្ថិភាព​។ របាយការណ៍​ដដែល​បន្ថែម​ថា នៅ​ក្នុង​ទីក្រុង Lanzhou នៃ​ខេត្ត​ហ្គា​ន​ស៊ូ មន្ត្រី​ម្នាក់​ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ ៥​ឆ្នាំ និង ១០​ខែ ពី​បទ​បំពាន​កាតព្វកិច្ច និង​ការ​ស៊ីសំណូក ហើយ​មួយ​ផ្សេង​ទៀត ៣​ឆ្នាំ​កន្លះ សម្រាប់​ការ​បំពាន​កាតព្វកិច្ច​ខ្លួន​។

ការ​រត់​ចម្ងាយ​ឆ្ងាយ ឬ អ៊ុ​ល​ត្រា​ម៉ា​រ៉ា​តុង និង​កីឡា​ឧបសគ្គ​ជា​ច្រើន​ផ្សេង​ទៀត បាន​នឹង​កំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​រដ្ឋាភិបាល​ជំរុញ​ការ​ធ្វើ​លំ​ហាត់ប្រាណ​សម្រាប់​មនុស្ស​គ្រប់​វ័យ បើ​ទោះបីជា​ព្រឹត្តិការណ៍​ខ្លះ​បាន​បង្ក​បញ្ហា​ម្តង​ហើយ​ម្តងទៀត​យ៉ាងណា​ក៏​ដោយ​។

ឧបទ្ទវហេតុ​ឆ្នាំ ២០២១ បាន​ចោទ​ជា​សំណួរ​អំពី​មូលហេតុ​ដែល​ក្រុម​អ្នក​រៀបចំ​ទំនងជា​មិន​អើពើ​នឹង​បញ្ហា​អាកាសធាតុ ហើយ​នាំ​ឱ្យ​មានការ​អំពាវនាវ​ជា​ថ្មី​សម្រាប់​ច្បាប់​តឹងរ៉ឹង​ជុំវិញ​ព្រឹត្តិការណ៍​កីឡា​។ បន្ទាប់​ពី​ការ​ស្លាប់​នេះ រដ្ឋបាល​ទូទៅ​នៃ​កីឡា​របស់​ទីក្រុង​ប៉េ​កាំ​ង​បាន​ប្រកាស​ថា ព្រឹត្តិការណ៍​ដែល​គ្មាន​ស្តង់ដារ​សុវត្ថិភាព​ជាតិ​នឹង​ត្រូវ​ផ្អាក រួម​ទាំង​ការ​រត់​ផ្លូវ​ឡើង​ភ្នំ កីឡា​ហោះហើរ Wingsuit Flying និង​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ