រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ប្រដាប់ដោយកាំបិ.តខ្វែវ ពូថៅ និងចំពាមកៅស៊ូ បានធ្វើសកម្មភាពគំរា.មកំហែ.ង ដេ.ញកា.ប់ និងដេ.ញបា.ញ់ទៅលើបុរស២នាក់បងប្អូនថ្លៃ ព្រោះតែខឹងរឿងជនរងគ្រោះចូលទៅអូសអួន និងបង់សំណាញ់ចាប់ត្រីនៅក្នុងបឹងមួយកន្លែង ដែលជនសង្ស័យទាំងនោះអះអាងថា «ជាបឹងកម្មសិទ្ធិរបស់ខ្លួន»។ ប៉ុន្តែពេលនោះកា.ប់អត់បានទេ ដោយសារតែជនរងគ្រោះរត់គេចខ្លួនរួច ហើយជនសង្ស័យក៏កា.ប់បំផ្លាញម៉ូតូជនរងគ្រោះ បណ្ដាលឲ្យខូចខាត១គ្រឿង។

បន្ទាប់ពីកើតមានអំពើហិ.ង្សាខាងលើនេះភ្លាម កម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានម្នាក់ ចំណែក២នាក់ទៀតកំពុងរត់គេចខ្លួន។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបឹងមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់ដែលត្រូវនគរបាលឃាត់ខ្លួនបាននោះ មានឈ្មោះ អឿន សុចន្ធី ហៅ ពៅ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។ ចំណែកជនរងគ្រោះម្នាក់មានឈ្មោះ រស់ ភារុំ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ស្ថិតក្នុងភូមិ-ឃុំជាមួយគ្នា និងម្នាក់ទៀតមិនស្គាល់ឈ្មោះត្រូវជាបងថ្លៃ។
បើតាមនគរបាល បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងបុរសម្នាក់ទៀតដែលជាបងថ្លៃ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JR-1053 ឌុបគ្នាទៅអូសអួន និងបង់សំណាញ់រកត្រីនៅបឹងខាងក្រោយផ្ទះជួលរបស់ខ្លួន។ ខណៈពេលទៅដល់ ជនរងគ្រោះក៏បានទុកម៉ូតូនៅមាត់បឹង រួចចុះទៅអូសត្រី ស្រាប់តែមានជនសង្ស័យចំនួន៣នាក់បានទៅហាមឃាត់មិនឲ្យនេសាទនោះទេ ដោយអះអាងថា «ពួកខ្លួន គឺជាម្ចាស់បឹងនេះ»។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តថា បន្ទាប់មក ក្រុមជនសង្ស័យទាំងនោះក៏បានយកពូថៅ, កាំបិ.តខ្វែវ និងចំពាមកៅស៊ូដេ.ញកា.ប់ និងដេ.ញបា.ញ់ទៅលើជនរងគ្រោះទាំង២នាក់បងប្អូន តែជនរងគ្រោះបានរត់គេចខ្លួនចោលម៉ូតូ និងអួន ហើយក៏ទៅប្ដឹងឲ្យនគរបាល ដើម្បីឱ្យជួយអន្តរាគមន៍ ។ ចំណែកក្រុមជនសង្ស័យវិញ ដោយសារខឹងកា.ប់ជនរងគ្រោះមិនបាន ក៏នាំគ្នាទៅកា.ប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចរត់គេចខ្លួនបាត់អស់។
ក្រោយមក នគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ទើបឃាត់ខ្លួនបានម្នាក់នាំយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់ រីឯ២នាក់ទៀតកំពុងតែរត់គេចខ្លួននៅឡើយ៕

ចែករំលែកព័តមាននេះ