ខេត្តព្រះសីហនុ ៖ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ បានរកឃើញបង្គា ចាក់ចាហួយ នៅស្តង់លក់គ្រឿងសមុទ្រ មួយកន្លែង ស្ថិតនៅផ្សារលើ ខេត្តព្រះសីហនុ ។
តាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានតែដឹងថា នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងស្តង់លក់គ្រឿងសមុទ្រ មួយកន្លែង ស្ថិតនៅផ្សារលើ ខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវករណីបង្គាចាក់ចាហួយ តាមបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ដែលបានទិញយកទៅបរិភោគ ។
បន្ទាប់ពីបានធ្វើការសាកសួរម្ចាស់ទីតាំងលក់បង្គានោះ រួចមក គាត់បានទទួលសារភាពថា ខ្លួនពិតជាបានចាក់ចាហួយចូលក្នុងបង្គាពិតប្រាកដមែន ។
មន្ត្រីជំនាញ បានដកហួតបង្គាចំនួន ៥គីឡូក្រាម ដែលនៅសល់ក្នុងស្តង់លក់ រួចធ្វើការអប់រំណែនាំ ធ្វើការកិច្ចសន្យាហាមឃាត់ឱ្យម្ចាស់ទីតាំងបញ្ឈប់ការលក់បែបនេះបន្តទៀត បើពុំនោះទេ មន្ត្រី ក.ប.ប. នឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។ ពិតជាមានភ្ញាក់ផ្អើលណាស់ នៅខេត្តមាត់សមុទ្រ ដែលសម្បូរទៅដោយគ្រឿងសមុទ្រស្រស់ៗ បែរជាមានបង្គា ចាក់ចាហួយ ដែលត្រូវហាមឃាត់ បង្កអោយប៉ះពាល់ដល់សុខភាពអ្នកបរបរិភោគ ទៅវិញ ៕





ចែករំលែកព័តមាននេះ