ខេត្តពោធិ៍សាត់ ៖ មានមតិរិះគន់ជាច្រើនពីសំណាក់មន្ត្រីរាជការនិងប្រជាពលរដ្ឋ ពិសេសអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ថា ទីរួមខេត្ត ពោធិ៍សាត់ពេលយប់ងងឹតដូចទីក្រុងខ្មោច គ្មានអគ្គិសនីបំភ្លឺតាមដងផ្លូវទេ សូម្បីតែរបាំងតាំងរូបភាពកាត់ទទឹងផ្លូជាតិលេខ៥ ដែលធ្លាប់ភ្លឺពីមុនមក ឥឡូវនេះងងឹតសូន្យឈឹងតែម្តង ។ អ្នកធ្វើដំណើរពេលយប់ខ្លះមិនបានដឹងថា ឆ្លងកាត់ទីប្រជុំជនខេត្តពីថ្មើរណាទេ ដោយសារគ្មានអ្វីលេចធ្លោឱ្យពួកគាត់ចាប់អារម្មណ៍ ពិសេសគឺភ្លើងអគ្គិសនីនេះឯង ។
ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវជាតិលេខ៥ ក្នុងទីប្រជុំជនខេត្តនិយាយថា ពីមុនពីផ្លូវបំបែកលាចដល់ស្ពានរ៉ា និងដងផ្លូវក្នុងខេត្តមួយចំនួនមានអំពូលភ្លើងនៅភ្លឺមួយៗស័ក្តិសមជាទីប្រជុំជនដែរ ប៉ុន្តែឥឡូវនេះក្នុងខេត្តងងឹតសូន្យឈឹង នៅសល់តែខាងមុខសាលាខេត្តភ្លឺ អ៊ីវៗ ប៉ុន្មានអំពូលប៉ុណ្ណោះ ។ ទីប្រជុំជនដែលងងឹតដូចស្រុកស្រែបែបនេះ ខ្មាសអ្នកដំណើរ ខ្មាសភ្ញៀវទេសចរ ហើយវាងាយស្រួលដល់ជនឆក់ឱកាសក្នុងការធ្វើសកម្មភាពលួច ឆក់ ប្លន់ បង្កអសន្តិសុខដល់សង្គមទៀតផង ។
លោកស្រីឃឹម ណារ៉េត ប្រធានក្រុមហ៊ុនណារ៉េតលីមីតធីតអភិវឌ្ឍន៍អគ្គិសនីខេត្តឱ្យដឹងថា រឿងនេះលោកស្រីអត់ដឹងទេ ដឹងតែថា ភ្លើងឆេះគឺគិតលុយព្រោះម៉ាស៊ីនចាក់ប្រេង ។ ទោះបីសាលាខេត្តជំពាក់លុយថ្លៃភ្លើងអគ្គិសនីរាប់លានរៀលជាងមួយឆ្នាំហើយក៏ដោយ ក៏ក្រុមហ៊ុនរបស់លោកស្រីមិនដាច់ចិត្តផ្តាច់ចោលដែរ ព្រោះយើងរស់នៅក្រោមការគ្រប់គ្រងរបស់ខេត្តជាម៉ែឪ ។ បើចង់ដឹងច្បាស់សូមទៅសួរខេត្តទៅ។
លោកកែម សុខធឿន នាយករដ្ឋបាលសាលាខេត្តបានប្រាប់កោះសន្តិភាពថា បញ្ហាងងឹតសព្វថ្ងៃនេះដោយសារការរៀបចំបណ្តាញពីមុនមកមិនបានល្អ បណ្តាលឱ្យឆ្លងចរន្តដាច់អំពូលគ្រប់សសរដងគោមក៏ផ្អាកមួយរយៈសិន។ ខេត្តនឹងរៀបចំបណ្តាញសាជាថ្មីឱ្យល្អ ដើម្បីបំភ្លឺឡើងវិញក្នុងពេលឆាប់ៗនេះ ។
មន្ត្រីរាជការនិងប្រជាពលរដ្ឋរិះគន់ទៀតថា ការកែលំអសោភ័ណភាពក្នុងទីប្រជុំជនខេត្តពោធិ៍សាត់អាណត្តិទី៤នេះ ក្រៅពីស្ពានថ្ម ទំនប់ទឹកសម្តេចតេជោនិងកោះសំពៅមាស របស់លោករដ្ឋមន្ត្រីស៊ុយ សែម និងលោកជំទាវជា ខេង ដូចជាមិនមានអ្វីប្លែកសោះ វិលចុះវិលឡើងជិតដល់បោះឆ្នោតអាណ្ត្តិទី៥ទៀតហើយធ្វើយ៉ាងណាកុំឱ្យគេនិយាយថា គ្នាតិចអន្សមខ្លោច គ្នាច្រើនដូចស្រមោចអន្សមឆៅ» ។ បើក្រឡេកមើលទៅខេត្តគេជិតខាង គេមានភ្លើងអគ្គិសនីបំភ្លឺតាមដងផ្លូវ កសាងផ្លូវកៅស៊ូ ប្រព័ន្ធលូបង្ហូរទឹកស្អុយ និងរៀបចំសួនច្បារយ៉ាងស្រស់ស្អាតដែលសកម្មភាពមានរាល់ថ្ងៃខុសប្លែកពីខេត្តពោធិ៍សាត់ហាក់បីដូចជាស្ពឹកស្រពន់ ។ ទោះជាយ៉ាងណាក៏មានមតិខ្លះនិយាយថា «អ្នកថាវាស្រួល ឯអ្នកធ្វើលំបាក» ព្រោះវាមានហេតុផលរបស់វា ៕
ចែករំលែកព័តមាននេះ