ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

មិន​បន្លាច ប៉ុន្តែ​សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ពីព្រោះ​ប្រសិនបើ​យើង​ចេះ​តែ​ឆ្ងាញ់ និង​ទទួលទាន​ជា​រៀងរាល់ថ្ងៃ យើង​អាច​នឹង​មាន​បញ្ហា​សុខភាព​ដោយ​មិនដឹង​ខ្លួន​នៅ​ពេល​អនាគត ជា​ពិសេស​គឺ​

មិន​បន្លាច ប៉ុន្តែ​សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ពីព្រោះ​ប្រសិនបើ​យើង​ចេះ​តែ​ឆ្ងាញ់ និង​ទទួលទាន​ជា​រៀងរាល់ថ្ងៃ យើង​អាច​នឹង​មាន​បញ្ហា​សុខភាព​ដោយ​មិនដឹង​ខ្លួន​នៅ​ពេល​អនាគត ជា​ពិសេស​គឺ​ជំងឺមហារីក ដែល​ជា​ឃា​.​ត​.​ក​.​រ​គ្មាន​ស្រមោល​មួយ ។

នរណា​ក៏​ឆ្ងាញ់​ដែរ ពពួក​អាហារ​កែ​ច្នៃ​ដែល​ឆ្លងកាត់​ផលិតកម្ម ដូច​ជា ៖ ពពួក​ហ៊​ត​ដក (hotdog) ប្រហិត​គ្រប់​ប្រភេទ​មិន​ថា​សាច់​គោ សាច់​ជ្រូក ឬ​សាច់​ត្រី ពួក​សាច់​ក្តាម ប៉ា​តេ និង​អាហារ​ជា​ច្រើន​មុខ ។ និយាយ​រួម​ទៅ គឺ​ពពួក​សាច់ និង​អាហារ​កំប៉ុង​ដែល​ឆ្លង​ផលិតកម្ម និង​ប្រើប្រាស់ ពពួក​សារធាតុ​គីមី ដែល​អាច​រក្សា​ទុក​បាន​យូរ ។

នៅ​កម្ពុជា​យើង អាហារ​ទាំងនេះ សំបូរ​បែប​ណាស់នា​ពេល​បច្ចុប្បន្ន ហើយ​ប្រជាប្រិយភាព​របស់​វា​ក៏​សម្បើម​ដែរ ដោយនៅ​ក្នុង​មួយ​ថ្ងៃ​ៗ គ្រាន់តែ​អ្នកលក់​ពពួក​អាហារ​ទាំងនេះ​ចល័ត ម្នាក់​ៗ​លក់​មិន​ក្រោម​៥​គីឡូក្រាម​។ ក្រៅពី​នោះ នៅ​តាម​ហាង និង​តាម​ផ្ទះ​ជា​ច្រើន គឺ​សុទ្ធតែ​និយម​ចូល​ចិត្ត​ពពួក​អាហារ​ទាំងនេះ សឹងតែ​ទាំងអស់​គ្នា ។

ពពួក​អាហារ​ទាំងនេះ អ្នកខ្លះ​និយម​ទទួលទាន​លេង នៅ​ពេល​សម្រាក​ពី​ការងារ ។ អ្នកខ្លះ​ចម្អិន​ទទួលទាន​បាយ​ព្រឹក អ្នកខ្លះ​ទៀត​ប្រើប្រាស់​វា​ជា​គ្រឿងក្លែម ជា​ពិសេស​ពពួក​ក្រុម​បុរស​ៗ​នៅ​ពេល​ជួបជុំ​គ្នា​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​ពេល​ល្ងាច ។ សម្រាប់​ក្មេង​ៗ​វិញ គឺ​សឹងតែ​មិន​មាន​អ្នក​ដែល​និយាយ​បដិសេធ​ពពួក​អាហារ​នេះ​តែ​ម្តង ។ និយាយ​រួម​ទៅ ពពួក​អាហារ​ដែល​កៃ​ច្នៃ​ទាំងនេះ គឺ​ទទួល​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​យើង​គ្រប់​មជ្ឈដ្ឋាន សូ​ម្បី​តែ​អ្នក​ដែល​មានការ​យល់​ដឹង​ហើយ​ខ្លះ​ក៏​ដោយ ក៏​នៅ​តែ​ទទួលទាន​ពពួក​អាហារ​ទាំងនេះ​ម្តងម្កាល​ផង​ដែរ ។

មូលហេតុ​ដែល​ពពួក​អាហារ​កែ​ច្នៃ​ទាំងនេះ ទទួល​ការ​ពេញ​និយម​បែប​នេះ គឺថា វា​មាន​រសជាតិ​ឆ្ងាញ់ ស្រួល​ចម្អិន ស្រួល​ហូប ហើយ​ពេល​ខ្លះ​សឹងតែ​ហែក​ពី​កញ្ចប់​វេច​ខ្ចប់ ឬ​ក៏​គាស់​ពី​កំប៉ុង​ទទួលទាន​បាន​តែ​ម្តង ។ សម្រាប់​អ្នក​ដែល​ឧស្សាហ៍​បន្តិច អាច​ដាក់​វា​ស្ងោរ ឬ​ក៏​ប្រើប្រាស់​ខ្លាញ់ ឫ​ប្រេងឆា ចៀន​បំពង​តាម​ការ​ចូល​ចិត្ត ពោល​គឺ​មិន​លើស​ពី​១៥​នាទី​ទេ គឺ​រួចរាល់​ជា​ការ​ស្រេច ប៉ុន្តែ​សូមជ្រាប​ពី​ផល​ប៉ះពាល់​របស់​វា ។

ដើម្បី​កែ​ច្នៃ និង​រក្សា​ទុក​វា​បាន​យូរ ពពួក​អាហារ​ទាំងនេះ គឺ​ដាច់ខាត​ត្រូវ​តែ​លាយ​ផ្សំ​ដោយសារ​ធាតុគីមី ដែល​ទោះបីជា​វា​កំណត់​តាម​ស្តង់ដា និង​មាត្រដ្ឋាន​សុខភាព​សាធារណៈ​កំណត់​ក៏​ដោយ ក៏​វា​នៅ​តែ​ជា​សារធាតុ​គីមី ដែល​គ្រោះថ្នាក់ ជា​ពិសេស​នៅ​ពេល​ដែល​យើង​និយម​ទទួលទាន​វា​ច្រើន ឫ​ក៏​រាល់ថ្ងៃ ។

តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​មួយ បាន​ឲ្យ​ដឹង​ថា ការ​ទទួលទាន​អាហារ​ដែល​ឆ្លងកាត់​តាម​សង្វា​ក់​ឧស្សាហកម្ម ជា​ពិសេស​គឺ​ពពួក​សាច់​កែ​ច្នៃ​នេះ ៥០​ក្រាម​នៅ​ក្នុង​មួយ​ថ្ងៃ ហើយ​រាល់ថ្ងៃ​នោះ បុគ្គល​ដែល​ទទួលទាន​ងាយ​នឹង​រង​គ្រោះ​កើត​ជំងឺមហារីក រហូត​ដល់​ទៅ ១៨​ភាគរយ​ឯណោះ​។

រាល់​សាច់​ដែល​ឆ្លងកាត់​សង្វា​ក់​ផលិតកម្ម ហើយ​មាន​កាលបរិច្ឆេទ​ប្រើប្រាស់​កាន់តែ​យូរ​នោះ ហានិភ័យ​ចំពោះ​សុខភាព គឺ​អាច​កាន់តែ​ខ្ពស់ ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន​! ។ ក្រៅពី​នោះ នៅ​ក្នុង ស្រុក​យើង​មាន​ក្រុម​អ្នក​ខិ​.​ល​ខូ​.​ច​នាំ​ចូល​ផលិតផល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ មក​ច្នៃ​លួ​.​ច​ដាក់​កាលបរិច្ឆេទ​ថ្មី គឺ​វា​រឹតតែ​គ្រោះថ្នាក់​ថែម​ទៀត​។

ក្រៅពី​ជំងឺមហារីក​ហើយ​នោះ ពពួក​អាហារ​ទាំងនេះ ក៏​អាច​នឹង​ធ្វើ​ឲ្យ​សរីរាង្គ​ខាងក្នុង មាន​តាំង ពី​ក្រពះ ពោះវៀន ថ្លើម លំពែង ប្រមាត់ បេះដូង តម្រង់​នោម ក៏​ប្រឈម​មុខ​នឹង​បញ្ហា​ចុះ​ខ្សោយ និង​ងាយ​ប្រឈម​មុខ​នឹង​ហានិភ័យ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ផង​ដែរ ។

ដើម្បី​បញ្ជៀ​ស​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ទាំងអស់​គ្នា​នៅ​ពេល​អនាគត ប្រសិនបើ​អាច​បញ្ជៀ​ស ឬ​ក៏​កាត់​បន្ថយ​បាន គួរតែ​កាត់​បន្ថយ ហើយ​ងាក​មក​រក​ពពួក​អាហារ​ណា​ដែល​មាន​ផលប្រយោជន៍​ដល់​រាង​កាយ ។ ទោះបីជា​ការ​ចម្អិន​វា​ត្រូវ​លំបាក​ជាង​បន្តិច ហើយ​រសជាតិ​អាច​មិន​ឆ្ងាញ់​ពិសារ​ដូច​ជា​ពពួក​អាហារ​កៃ​ច្នៃ​ស្រាប់ ប៉ុន្តែ​ដើម្បី​សុខភាព​របស់​យើង​ទាំងអស់​គ្នា​គួរតែ​ព្យាយាម និង​អនុវត្ត​ឲ្យ​បាន ។ យើង​ហត់​ពេល​នេះ ថ្ងៃស្អែក ថ្ងៃ​ខានស្អែក និង​ថ្ងៃជា​បន្តបន្ទាប់ ប៉ុន្តែ​សុខភាព​យើង​ល្អ យើង​អាច​រស់នៅ​បាន​យូរ មិន​មាន​ជំងឺ​ធ្ងន់ធ្ងរ គួរតែ​ពលី​កម្ម​ពេលវេលា​បន្តិចបន្តួច ដើម្បី​ខ្លួន​យើង និង​គ្រួសារ​យើង ។

អត្ថបទ​ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ