ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​មួយ​នៅ EPL ត្រូវ​រំសាយ​ចោល ក្រោយ​មាន​កីឡាករ​គាំងបេះដូង​លើ​ទីលាន

4 ខែ មុន

អង់គ្លេស ៖ ការ​ប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​អង់គ្លេស Premier League រវាង​ក្រុម​ម្ចាស់ផ្ទះ Bournemouth

អង់គ្លេស ៖ ការ​ប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​អង់គ្លេស Premier League រវាង​ក្រុម​ម្ចាស់ផ្ទះ Bournemouth និង​ក្រុម​ភ្ញៀវ Luton Town កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ កន្លង​ទៅ ត្រូវ​បាន​រំសាយ​ចោល បន្ទាប់​ពី​ខ្សែការពារ Tom Lockyer ប្រធាន​ក្រុម Luton បាន​គាំងបេះដូង និង​ដួល​សន្លប់​បាត់បង់​ស្មារតី​លើ​ទីលាន អំឡុង​ពេល​កំពុង​ប្រកួត នៅ​ឯ​កីឡដ្ឋាន Vitality ។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ត្រូវ​បាន​ផ្អាក​នៅ​នាទី​៦៥ ពាក់កណ្តាល​តង់​ទី​២ អំឡុង​ពេល​លទ្ធផល​ស្មើគ្នា ១-១ ខណៈ​ដែល​ក្រុម​គ្រូពេទ្យ​កំពុង​តែ​សង្គ្រោះ​ខ្សែការពារ Tom Lockyer ហើយ​ជា​សំណាងល្អ កីឡាករ​អន្តរជាតិ​វែ​លស៍​វ័យ​២៩​ឆ្នាំ​រូប​នេះ​បានដឹង​ខ្លួន ហើយ​ត្រូវ​សែង​ចេញ​ដោយ​ប្រង់​កា​ក្រោម​សំឡេង​អបអរសាទរ​ពី​អ្នកគាំទ្រ និង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​។

ក្លិប Luton Town បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា «​ឥឡូវនេះ ប្រធាន​ក្រុម Tom Lockyer កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ និង​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ​មាន ហើយ​បច្ចុប្បន្ន​កំពុង​ទទួល​ការ​ធ្វើតេស្ត​បន្ថែម​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ដែល​មាន​ក្រុម​គ្រួសារ​របស់​គេ​នៅ​ក្បែរ​ជា​និច្ច ហើយ​ក្រុម​គ្រួសារ​របស់ Lockyer បាន​ថ្លែងអំណរគុណ​ដល់​មនុស្ស​គ្រប់​គ្នា​សម្រាប់​ការ​គាំទ្រ​»​។

ដំបូង​ឡើយ ការ​ប្រកួត​នេះ​ត្រូវ​បាន​ផ្អាក ប៉ុន្តែ​ក្រោយមក​ក្រប​ខណ្ឌ Premier League បាន​ប្រកាស​ថា ការ​ប្រកួត​ត្រូ​ច​រំសាយ​ចោល​តែ​ម្តង ខណៈ​ដែល​កីឡាករ និង​បុគ្គលិក​មក​ពី​ក្រុម​ទាំង​ពីរ​បាន​ត្រឡប់​ទៅ​កាន់​ទីលាន​វិញ ដើម្បី​ថ្លែងអំណរគុណ​អ្នកគាំទ្រ​។ លោក Rob Edwards អ្នកចាត់ការ​ក្រុម Luton Town មាន​អារម្មណ៍​រំជួលចិត្ត​យ៉ាង​ខ្លាំង ដោយ​អ្នកចាត់ការ​ជនជាតិ​អង់គ្លេស​វ័យ​៤០​ឆ្នាំ​រូប​នេះ​បាន​សម្រក់​ទឹកភ្នែក អំឡុង​ពេល​ចេញ​មក​ពី​ថ្លែងអំណរគុណ​អ្នកគាំទ្រ​៕ (​ប្រភព ៖ BBC និង NBC Sports)

https://www.youtube.com/shorts/l4y8QpwHz4U

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ