ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍២ករណីរបួសធ្ងន់៤នាក់លើផ្លូវជាតិលេខ៧

14 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ មនុស្សចំនួន៤នាក់បាន​រង​របួសធ្ងន់ធ្ងរ​នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់​ចរា​ចរណ៍ដ៏រន្ធត់២កន្លែងផ្សេងគ្នា នៅយប់ថ្ងៃទី២២ ឧសភា និងរសៀលថ្ងៃទី២៣ ឧសភា ២០១១ លើ​កំណាត់ផ្លូវជាតិលេខ៧ ក្នុងក្រុង​កំពង់ចាម និង​ស្រុកត្បូងឃ្មុំ អ្នករងគ្រោះត្រូវបាន​គេនាំ​ទៅ​សង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ

ខេត្តកំពង់ចាម ៖ មនុស្សចំនួន៤នាក់បាន​រង​របួសធ្ងន់ធ្ងរ​នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់​ចរា​ចរណ៍ដ៏រន្ធត់២កន្លែងផ្សេងគ្នា នៅយប់ថ្ងៃទី២២ ឧសភា និងរសៀលថ្ងៃទី២៣ ឧសភា ២០១១ លើ​កំណាត់ផ្លូវជាតិលេខ៧ ក្នុងក្រុង​កំពង់ចាម និង​ស្រុកត្បូងឃ្មុំ អ្នករងគ្រោះត្រូវបាន​គេនាំ​ទៅ​សង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

តាមសេចក្តីរាយការណ៍ពីលោកអនុសេនីយ៍​ឯក សូ សារ៉ាត អធិការរងនគរបាលស្រុកត្បូង​ឃ្មុំ ទទួលផែនសណ្តាប់ធ្នាប់បានឲ្យកោះសន្តិភាព​ដឹងថា កាលពីវេលាម៉ោង​១និង១៥នាទី​រសៀល ថ្ងៃ​ទី២៣ ឧសភា នៅត្រង់ចំណុចភូមិយាយ.ស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ មានរថយន្ត១គ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ ដឹកអ្នកដំណើរជិត២០នាក់  ក្នុងនោះមានក្មេងចាស់ប្រុសស្រីបានក្រឡាប់​បះជើងនៅលើទ្រូងថ្នល់ ដោយ​សំណាងល្អក្នុង​១​ម៉ឺនគ្រោះថ្នាក់គ្រាន់តែរងរបួស​អ្នកដំណើរ តែ២​នាក់ប៉ុណ្ណោះក្នុង​នោះមាន​១-ឈ្មោះ​អ៊ីន ចិន្តា ភេទ​ស្រី អាយុ៣៨ឆ្នាំ រស់នៅ​ភូមិទួលជ័យ ឃុំ​កណ្តោលជ្រុំ ស្រុកពញាក្រែក ២-ឈ្មោះអេង ស៊ីថា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅរាជ​ធានី​ភ្នំពេញ ។

ប្រភព​ដដែល​បាន​បន្ត​ថា ​អ្នក​បើកបរ​​រថយន្ត​ឈ្មោះ​ជា ភេទប្រុស រស់នៅក្រុងសួង បាន​ដឹក​អ្នក​ដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះ​មក​កាន់​ក្រុងសួង ស្របពេលដែលមក​ដល់​ត្រង់ភូមិ​យាយ.ស អ្នកបើកបរបានងងុយដេក​ជា​ហេតុ​បណ្តាល​ឲ្យរេចង្កូតរកកល់នឹងធ្លាក់ចេញពី​ថ្នល់​ជាតិ។ រំពេចនោះត្រូវបានអ្នក​ដំណើរជា​ច្រើន​បានស្រែក ហើយធ្វើឲ្យអ្នក​បើកបរ​ភ្ញាក់ ទើប​​​ខំ​បួង​ចង្កូតមកខាងឆ្វេងដៃវិញ ទាំង​ប្រថុច​ញ៉ុច​ជា​ហេតុ​​ធ្វើ​​ឲ្យ​រថយន្ត​ក្រឡាប់​បះ​កង់​នៅលើថ្នល់។ ​ក្នុង​ឧប្បត្តិ​ហេតុ​នេះ​អ្នកដំណើរ២នាក់ដែលជិះលើ​រថយន្ត​រងរបួសធ្ងន់​ហើយ​ត្រូវបានដឹកតាម​រថយន្ត​​សាមុយ​មក​កាន់មន្ទីរពេទ្យខេត្ត ។ រីឯអ្នក​ឯទៀត គ្រាន់តែរបួសបន្តិចបន្តួច អ្នកបើកបរ​បាន​រត់គេច​ខ្លួនបាត់​ស្រមោល។ រថយន្តត្រូវ​បាន​នាំមករក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដោះស្រាយ​តាម​ច្បាប់ ។

ចំពោះករណីទី២ ត្រូវបានលោក​ស៊ាម យូ​សេង ប្រធានចរាចរណ៍នៃអធិការដ្ឋាននគរបាល ក្រុង​កំពង់ចាម ប្រាប់ឲ្យដឹងដែរថា នៅ​វេលា​ម៉ោង​៩និង៣០នាទីយប់ថ្ងៃទី២២ ឧសភា មាន​ម៉ូតូម៉ាក C125 មួយគ្រឿងពណ៌ខ្មៅស៊េរី​២០០៧ ដែលជិះគ្នាចំនួន២នាក់ បើក​បរ​ដោយ​ឈ្មោះ​នាង សារឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់​នៅ​ភូមិ​ដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុក​ឈូក ខេត្ត​កំពត។ ចំណែក​ឈ្មោះ​ម៉ាប់ សុខម៉េង ភេទ​ប្រុស អាយុ២៥ឆ្នាំ រស់នៅ​ភូមិសំពៅផុសថ្មី ឃុំ​​ជីរោទិ៍​ទី២ ស្រុកត្បូងឃ្មុំ ​ជា​អ្នក​ជិះ​ពី​ក្រោយ។

​ឈ្មោះ​សារឿន បានបើក​ចុះ​ពី​លើស្ពាន​គីហ្ស៊ុ​ណា ឆ្ពោះ​មកត្រើយខាងលិច ដោយល្បឿន​យ៉ាង​លឿនកុងទ័ររហូតដល់ទៅ​១៣០ និងមិន​ពាក់​មួកសុវត្ថិភាពនោះទេ បាន​ជ្រុល​​ទៅបុក​រង្វង់​មូលក្បាលស្ពានលាន់ដូចរន្ទះ ជាហេតុបណ្តាល​ឲ្យ​ម៉ូតូផ្លោងកំពស់ជិត២ម៉ែត្រ។ រីឯ​អ្នកជិះម៉ូតូទាំង២នាក់ផ្លោងចម្ងាយ៥​ម៉ែត្រ ​បោក​នឹង​ថ្នល់​​សន្លប់​ស្តូក បន្ទាប់មកត្រូវ​បាន​​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះនៅមន្ទីរ​ពេទ្យ​ជាបន្ទាន់។ ចំពោះ​ម៉ូតូ​ត្រូវបានយក​មករក្សាទុកនៅ​អធិ​ការដ្ឋាននគរបាលស្រុក៕