រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការនគបាលរាជធានីភ្នំពេញ បានចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអប់រំ ដល់ម្ចាស់ហាងនានា នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលបណ្ដែតបណ្ដោយឱ្យភ្ញៀវ ឈប់ចត យានយន្តយ៉ាងអាណាធិបតេយ្យនៅលើដងផ្លូវបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ។
តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមតាមគោលការណ៍ដឹកនាំបញ្ជាពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានចុះធ្វើការអប់រំណែនាំដល់ហាងមួយចំនួន នៅលើផ្លូវ៥៩២ កែងផ្លូវ៣១៣ និងកំណាត់ មហាវិថីកម្ពុជាក្រោម ក្នុងខណ្ឌទួលគោក ឲ្យមានការរៀបចំនូវការឈប់ចតយានយន្ត និងប្រើប្រាស់ចិញ្ចើមផ្លូវ ឲ្យរក្សា មួយភាគបី ដើម្បីទុកសម្រាប់អ្នកថ្មើរជើង និងរក្សាសណ្តាប់ធ្នាប់របៀបរយល្អ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងត្រូវផ្តល់អាទិភាពយានយន្តកំពង់ធ្វើដំណើរផ្លូវស្របទិស ។
គួរបញ្ជាក់ថា កន្លងមក នៅក្នុងមូលដ្ឋានខណ្ឌទួលគោកគេតែងតែឃើញយានយន្តភ្ញៀវ តែងឈប់ចតនៅមុខហាងនានាយ៉ាងអនាធិបតេយ្យ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ហើយកន្លងមក គណៈបញ្ជាការឯកភាពខណ្ឌទួលគោក តែងតែដឹកនាំកម្លាំងចុះរៀបចំសម្រាប់ធ្នាប់ និងវាស់វែងដោយកំណត់ចិញ្ចើមផ្លូវទុកឲ្យចតតែបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនបានយកចិត្តទុកដាក់នៅតែបន្តឈប់ចតយ៉ាងអនាធិបតេយ្យ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង ជាពិសេស នៅមុខហាងលក់ដូរនានា ៕


ចែករំលែកព័តមាននេះ