រាជធានីភ្នំពេញ ៖ រថយន្ត១គ្រឿង ម៉ាកគា (KIA) ដែលជារបស់ក្រុមហ៊ុន សារុំ ត្រេឌីង បានដឹកកម្ទេចក្រណាត់ពេញទ្រុង ចេញពីរោងចក្រមួយកន្លែង ហើយខណៈកំពុងបើកបរតាមផ្លូវខ្នងប្រឡាយសុខៗ ស្រាប់តែគាំងចង្កូត បញ្ជាលែងបាន ក៏រេជ្រុលទៅអែបបបេះមាត់ប្រឡាយ រួចក៏ផុងកង់ក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយនោះតែម្ដង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣៥នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅតាមផ្លូវខ្នងប្រឡាយព្រៃស្ពឺ ស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមអ្នកភូមិខាងលើនោះ បាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តម៉ាកគា ១គ្រឿងខាងលើនោះ ពណ៍ស ពាក់ស្លាកលេខ ឌ-0508 ភព2 បើកបរធ្វើដំណើរតាមផ្លូវខ្នងប្រឡាយព្រៃស្ពឺ ក្នុងទិសដៅពីកើតទៅលិច។ ខណៈនោះបើកមិនសូវលឿននោះទេ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយខាងលើនោះតែម្ដង ប៉ុន្តែពុំបានបណ្ដាលឲ្យអ្នកបើកបររងរបួសឡើយ និងបានចេញពីក្នុងរថយន្តដោយសុវត្ថិភាព ហើយពេលគាត់រត់ទៅមើលទើបដឹងថា ជារថយន្តរបស់ក្រុមហ៊ុន សារុំ ត្រេឌីង បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ។
ដោយឡែកអ្នកបើកបររថយន្តខាងលើបាននិយាយថា នៅមុនពេលជួបឧប្បត្តិហេតុនេះ គាត់បានបើករថយន្តនោះ ដឹកកម្ទេចក្រណាត់ចេញពីរោងចក្រស្ថិតនៅនៅម្ដុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ យកទៅដាក់នៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ខណៈនោះ បើកបរក្នុងទិសដៅពីកើតទៅលិច ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តគាំងចង្កូតស្ញេញ បញ្ជាឆ្វេងស្ដាំលែងបាន ទើបរេទៅបបេះមាត់ប្រឡាយ ហើយក៏បាក់ដីផុងកង់ក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយបែបនេះតែម្ដងទៅ ។
ក្រោយពេលកើតហេតុ នគរបាលបានចុះទៅពិនិត្យមើល ហើយដោយសារតែពុំឃើញមានគ្រោះថ្នាក់ដល់អ្នកដទៃ ឬប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈណាមួយនោះ ក៏បានឲ្យម្ចាស់ស្ទូចយករថយន្តទៅជួសជុលឡើងវិញដោយខ្លួនឯង ៕





ចែករំលែកព័តមាននេះ