ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​សន្យាជំរុញ​ឱ្យមាន​ជើងហោះហើរត្រង់​រវាងកម្ពុជា​-រុស្ស៊ី​

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​អនុប្រធាន​រដ្ឋសភា​នៃ​សហព័ន្ធ​រុ​ស្ស៊ី​សន្យា​ថា នឹង​ជំរុញ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​-​រុ​ស្ស៊ី ។ នេះ​បើ​យោង​តាម​ផេ​ក​ទូរទស្សន៍​ជាតិ​ក​ម្ព​ជា បាន​ប្រកាស នា​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​អនុប្រធាន​រដ្ឋសភា​នៃ​សហព័ន្ធ​រុ​ស្ស៊ី​សន្យា​ថា នឹង​ជំរុញ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​-​រុ​ស្ស៊ី ។ នេះ​បើ​យោង​តាម​ផេ​ក​ទូរទស្សន៍​ជាតិ​ក​ម្ព​ជា បាន​ប្រកាស នា​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ ។

ឆ្លៀត​ក្នុង​ឱកាស​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន លើក​ទី​៤៦ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី សម្ដេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម KARA-OOL Shalban អនុប្រធាន​រដ្ឋសភា​នៃ​សហព័ន្ធ​រុ​ស្ស៊ី (​ឌូ​ម៉ា​)​ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង រដ្ឋសភា​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹង​មាំ ជិត​ស្និទ្ធ និង​ស៊ីជម្រៅ​បន្ថែម​ទៀត ។

នៅ​ក្នុង​ឱកាស​នោះ សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​រុ​ស្ស៊ី ដែល​តាំងពី​អតីត​សហភាព​សូ​វៀត បាន​ចូលរួម​គាំទ្រ​ដល់​ការ​ស្តារ និង​អភិវឌ្ឍន៍​សង្គម​កម្ពុជា​ឡើង​វិញ ក្រោយ​ពី​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​១៩៧៩ រហូត​មក​ដល់​ពេល​នេះ ។ ឆ្នាំ​២០២៥​នេះ ជា​ខួប​គម្រប់​៦៩​ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ឆ្នាំ​២០២៦ នឹង​ឈាន​ដល់​គម្រប់​ខួប​ទី​៧០​ឆ្នាំ ។ ដូចនេះ ប្រទេស​ទាំង​ពីរ គួរ​រៀបចំ​បង្កើត​ព្រឹត្តិការណ៍​រួម​គ្នា​អ្វីមួយ ដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​ជា​ច្រើន ដែល​កើត​ចេញពី​ចំណង មិត្តភាព ទំនាក់ទំនង​ដ៏​ល្អ យូរអង្វែង និង​ភាព​ជា​ដៃគូ​នៃ​ប្រទេស​ទាំង​ពីរ ។

ឯកឧត្ដម KARA-OOL Shalban បាន​គាំទ្រ​ប្រសាសន៍​លើក​ឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ដោយ​បាន​គូសបញ្ជាក់​ថា ក្នុង​ឱកាស​ខួប​៧០​ឆ្នាំ នៃ​ចំណងមិត្តភាព​នេះ ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​ពង្រឹងពង្រីក​ទំនាក់ទំនង​គ្នា​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ឯកឧត្តម​បាន​សន្យា​ថា នឹង​ខិតខំ​ជំរុញ​ឱ្យ​មានការ​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា និង​រុ​ស្ស៊ី ដើម្បី​ងាយស្រួល​ដល់​ការ​ភ្ជាប់​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន និង​បាន​អបអរសាទរ​ចំពោះ​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​សភា​ប្រទេស​ទាំង​ពីរ នៅ​លើ​វេទិកា​អន្តរជាតិ​នានា ហើយ​កម្ពុជា និង​រុ​ស្ស៊ី ក៏​បាន​សិក្សា​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​វិស័យ​ដែរ នៅ​ក្នុង​នោះ​មានការ​បោះ​ឆ្នោត​ជាដើម ។

ជា​ចុងបញ្ចប់ សម្តេច​បាន​ស្នើ​ដល់​រុ​ស្ស៊ី​ជួយ​ជំរុញ​ការ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​កំណើន​បន្ត​ទៀត ។ នៅ​ក្នុង​នោះ សម្តេច​ក៏​បាន​ស្នើ​ដល់​រុ​ស្ស៊ី បន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ទៅ​សិក្សា​នៅ​សហព័ន្ធ​រុ​ស្ស៊ី​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍ​មូលធន​មនុស្ស​របស់​កម្ពុជា ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​ផ្តោត​លើ​មនុស្ស ជា​កត្តា​អាទិភាព​ខ្ពស់​បំផុត ។

ថ្នាក់ដឹកនាំ​សភា​ប្រទេស​ទាំង​ពីរ​បាន​សន្យា​ថា បន្ត​រក្សា​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក និង​ការពិគ្រោះ​យោបល់​កម្រិត​ខ្ពស់ ។ ការ​ពង្រឹង​ចំណងមិត្តភាព​ទាំងនេះ នឹង​ជួយ​ជំរុញ​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​កសាង​ទំនុកចិត្ត ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​នីតិប្បញ្ញត្តិ​កាន់តែ​រឹង​មាំ និង​ស៊ីជម្រៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ