រាជធានីភ្នំពេញ ៖ រដ្ឋសភាវៀតណាមបានអបអរសាទរ ចំពោះការបើកដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ ដែលមានលក្ខណៈទំនើប និងខ្នាតធំរបស់កម្ពុជា ។ ការសាទរបស់ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងជំនួបពិភាក្សាជាមួយ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅពេលសម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

ជាងនេះ ការសារទរនេះដែរ បន្ទាប់ពីព្រលានយន្តហោះអន្តរជាតិតេជោ បានដាក់ដំណើរការហោះហើរកាលពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០២៥ កន្លងមកនេះ ។ ក្រោយពីដំណើរការ ក៏មានប្រជាពលរដ្ឋយ៉ាងច្រើនបាននាំគ្នាទៅទស្សនា រហូតដល់មានការកកស្ទះចរាចរណ៍ពេលធ្វើដំណើរចូលផងដែរ។
នៅក្នុងជំនួបនោះដែរ ប្រធានរដ្ឋសភាប្រទេសទាំងពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនគ្នាទៅវិញទៅមក និងវាយតម្លៃខ្ពស់អំពីការជួបប្រាស្រ័យទាក់ទងគ្នាជាទៀងទាត់ នៅពេលមានការបំពេញបេសកកម្មការទូតសភា នៅលើឆាកអន្តរជាតិ តែងតែមានការផ្លាស់ប្តូរគ្នាពីសភាពការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ទៅវិញទៅមក។

ថ្នាក់ដឹកនាំប្រធានរដ្ឋសភាទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងភាពរឹងមាំនៃទំនាក់ទំនងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់គ្នាទៅវិញទៅមក ដែលប្រទេសទាំងពីរតែងតែជួយគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈទាំងកម្រិតទ្វេភាគី និងពហុភាគី។ វៀតណាមបានជួយដល់ការរំដោះប្រទេសកម្ពុជាចេញពីរណ្តៅមរណៈនៃរបបប៉ុលពតប្រល័យពូជសាសន៍ក្នុងឆ្នាំ១៩៧៩។ ចំណែកកម្ពុជាបានជួយជ្រោមជ្រែង ដល់ការទទួលបានឯករាជ្យនិងការបង្រួបបង្រួមជាតិវៀតណាមកាលពី៥០ឆ្នាំមុន។
ជាមួយគ្នានេះ ឯកឧត្តម ជិន ថាញ់មិន បានថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញចូលរួមអបអរសាទរទិវាខួបឯករាជ្យជាតិវៀតណាមលើកទី៨០ កាលពីដើមខែកញ្ញានេះ ។

ឯកឧត្តមបានបញ្ជាក់ថា ទំនាក់ទនងល្អនៃប្រទេសទាំងពីរបានផ្តល់ផលប្រយោជន៍ជូនពលរដ្ឋទាំងសងខាង ដែលជាបច្ច័យនាំឱ្យទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានការកើនជាលំដាប់ ។ លើសពីនេះ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាមក៏បានអបអរសាទរចំពោះការបើកដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ ដែលមានលក្ខណៈទំនើបនិងខ្នាតធំ ។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតីបានជម្រាបជូនឯកឧត្តមប្រធានរដ្ឋសភា ពីការផ្តួចផ្តើមរបស់កម្ពុជា ក្នុងការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចមួយចំនួន ដើម្បីដាក់ក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦នេះ រួមមានការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា ដែលមានគោលបំណងលើកកម្ពស់កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងពហុភាគីលើបញ្ហាថ្មីៗក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងកសាងការយល់ដឹងរួមគ្នា និងបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍។

សម្តេចរដ្ឋសភាធិបតីបានបន្តថា សេចក្ដីព្រាងសេចក្ដីសម្រេចមួយទៀតស្ដីពីការបង្កើតភាពជាដៃគូអាយប៉ា ដើម្បីពង្រឹងការចូលរួមរបស់សភាអាយប៉ា ជាមួយដៃគូខាងក្រៅសម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព មានគោលបំណងចម្បងដើម្បីពង្រឹងការចូលរួមជាមួយសភាសង្កេតការណ៍ ដែលរួមចំណែកដល់បេសកកម្មរបស់អាយប៉ា ក្នុងការបង្កើតក្របខ័ណ្ឌរួម និងឆ្ពោះទៅអនាគត ដើម្បីលើកកម្ពស់ការទូតសភា ធ្វើឱ្យការចូលរួមជាមួយសភាសង្កេតការណ៍ និងអង្គការដៃគូកាន់តែស៊ីជម្រៅ ដើម្បីពង្រឹងមជ្ឈភាពអាស៊ានដែលរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។
កម្ពុជាប្រកាន់យកនូវគោលការណ៍សន្តិភាព ដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការមានស្រាប់សំដៅធ្វើយ៉ាងណា ឱ្យបញ្ហាព្រំដែនវិលទៅរកប្រក្រតីភាពឡើងវិញ ធានាការពារសុខសុវត្ថិភាពជូនពលរដ្ឋ ដែលមិនត្រឹមសម្រាប់ពលរដ្ឋប្រទេសទាំងពីរប៉ុណ្ណោះទេ គឺសម្រាប់ពលរដ្ឋនៅក្នុងតំបន់ទាំងមូលផងដែរ ៕




ចែករំលែកព័តមាននេះ