ខេត្តសៀមរាប ៖ ១គ្រួសារមានចំនួន៣នាក់ (ប្តី ប្រពន្ធ និងកូនស្រី) បានជួបឧប្បទ្ទេវហេតុលិចកាណូតស្មាច់បណ្តាលឱ្យស្លាប់ទាំង៣នាក់ ខណៈនៅមិនទាន់រកសពប្រពន្ធ ឃើញនៅឡើយ គិតមកដល់ម៉ោង១០ព្រឹកថ្ងៃទី១៧ កញ្ញា នេះ ។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង១៩យប់ថ្ងៃទី ១៦ កញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចទ្វារទឹកចុងភូមិស្ទឹងព្រះស្រុក ក្នុងភូមិស្ទឹងព្រះ ស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។
បើតាមប្រភពពីកម្លាំងកងរាជអាវុធហត្ថស្រុកពួកបានប្រាប់ឱ្យដឹងថា មានករណីទឹកកួចលិចកាណូតស្មាច់មួយគ្រឿងផ្នែកខាងលើទ្វារទឹក(ខាងជើង)បណ្ដាលឱ្យលិចទឹកស្លាប់មនុស្សចំនួន៣នាក់ គឺប្តីប្រពន្ធ និងកូនស្រី ។
ប្រភពបន្តថា ជនរងគ្រោះដែលស្លាប់១-ឈ្មោះ ឌិត ឌា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ ធ្វើស្រែ(ជាប្តី)ស្លាប់ ។ ២-ឈ្មោះតែម សាលិត ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ (ជាប្រពន្ធ) រកមិនទាន់ឃើញ និង៣-ឈ្មោះឌិត សិរី អាយុ១៣ឆ្នាំ មុខរបរជាសិស្ស (កូន) ។ ជនរងគ្រោះទាំង៣នាក់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះនាំគ្នាបើកកាណូតស្មាច់ទៅរកចាប់នុយកូនក្អាត់(សត្វ) ដើម្បីរាយសន្ទួច យកមកធ្វើម្ហូប តែមិនដឹងយ៉ាងម៉េច ក៏ជួបគ្រោះអកុសលលិចតែម្តង ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចចម្រុះ និងបងប្អូនប្រជាពលរដ្ឋកំពុងចុះរាវរកសពស្ត្រីជាប្រពន្ធបន្តទៀត ។
ចែករំលែកព័តមាននេះ