ចិន-ហ្វ៊ីលីពីន ៖ ក្រុងម៉ានីលតវ៉ាយ៉ាងមឺុងម៉ាត់ ដោយចោទប្រកាន់ក្រុងប៉េកាំងថាបំផ្លាញជីវិតក្នុងសមុទ្រ ជាមួយវត្តមានកាន់តែច្រើននៃនាវាចម្បាំងរបស់ខ្លួន។ ទោះបីជាហ្វ៊ីលីពីនមានការជួយទ្រទ្រង់ខាងការទូតពីសំណាក់សម្ព័ន្ធមិត្តអាមេរិក ក៏មធ្យោបាយរបស់ប្រទេសនេះមានកម្រិតដែរ ដោយកងនាវាចម្បាំងរបស់ខ្លួនសុទ្ធតែចាស់ៗ មិនអាចតតាំងជាមួយកងនាវាចម្បាំងចិនបានឡើយ។ ចំណែកពួកអ្នកនេសាទហ្វ៊ីលីពីនវិញក៏ពឹងខាងសេដ្ឋកិច្ចលើតំបន់នោះដែលសម្បូរដោយត្រី តែពួកគេតែងជួបការបណ្ដេញចេញរបស់កងឆ្មាំឆ្នេរសមុទ្រចិន។
ម្យ៉ាងទៀតពេលនេះក្រុងម៉ានីលកំពុងមានការសង្ស័យពីការកសាងរបស់ចិននូវកោះសិប្បនិមិត្តមួយទៀត នៅជុំវិញតំបន់ថ្មប៉ប្រះទឹកSCARBOROUGH ក្រោយពីចិនកសាងរួចហើយកោះសិប្បនិមិត្ត៧ ក្នុងតំបន់ប្រជុំកោះជិតខាងមួយ។ ក្នុងចំណោមកោះសិប្បនិមិត្តទាំងនោះ កោះមួយចំនួន មានដាក់តាំងរ៉ាដា ធ្វើព្រលានយន្តហោះនិងបំពាក់ប្រព័ន្ធមីសីុល ដែលពង្រឹងសមត្ថភាពត្រួតពិនិត្យយោធារបស់ចិនក្នុងតំបន់។
កាលពីថ្ងៃទី១៦កញ្ញាកងឆ្មាំឆ្នេរសមុទ្រចិនបានរុញច្រាន នាវាហ្វ៊ីលីពីនជាង១០គ្រឿងនៅជុំវិញតំបន់ថ្មប៉ប្រះទឹកSCARBOROUGH ជាតំបន់មានជម្លោះក្នុងសមុទ្រចិនខាងត្បូង។ តំបន់នេះស្ថិតនៅចម្ងាយជាង១០០០គីឡូម៉ែត្រពីឆ្នេរសមុទ្រចិន ក្នុងតំបន់សេដ្ឋកិច្ចដាច់មុខរបស់ហ្វ៊ីលីពីន តែទាមទារដោយចិន ហ្វ៊ីលីពីននិងប្រទេសដទៃៗទៀតក្នុងតំបន់។ ចិនហាក់ដូចជាប្ដេជ្ញាកាន់តែខ្លាំងដណ្ដើមយកតំបន់នោះ។
បន្ទាប់ពីប្រកាសពីការបង្កើតកន្លែងអភិរក្សធម្មជាតិនៅជុំវិញកោះប៉ប្រះទឹកSCARBOROUGH ក្រុងប៉េកាំងឈានទៅធ្វើសកម្មភាពជាក់ស្ដែង រុញច្រានកងនាវាហ្វ៊ីលីពីនចេញ ដោយប្រើជាពិសេសកាណុងបាញ់ទឹក ។ ជាផ្លូវការទិសដៅរបស់ចិនគឺថែរក្សាប្រព័ន្ធអេកូឡូហ្សុីដ៏ផុយស្រួយជាមួយការអភិរក្សផ្កាថ្មក្នុងទំហំជាង៣០០០ហិកតា។ នេះជាហេតុផលបន្ថែមទៀតនៃការបង្កើនវត្តមានកងឆ្មាំឆ្នេរសមុទ្រចិន និងកងនាវាចម្បាំង់ចិនក្នុងតំបន់ យុទ្ធសាស្ត្រដែលចិនដណ្ដើម យកកាលពីឆ្នាំ២០១២។
មែនហើយតំបន់នោះសម្បូរដោយធនធានប្រេងកាត ឧស្ន័ននិងជាតំបន់ដែលនាវាដឹកទំនិញឆ្លងកាត់ក្នុងមួយឆ្នាំៗ មានទំហំទឹកប្រាក់ដល់ជាង៣០០០ពាន់លានដុល្លារ៕
ចែករំលែកព័តមាននេះ