ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីចំនួន០៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះកង់០២គ្រឿងលើផ្លូវជាតិលេខ៤១ ហើយរថយន្តប្រភេទតូរីបុកពីក្រោយពេញទំហឹង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤-ទៅលេខ១៥ ត្រង់ចំណុចភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបានឱ្យដឹងថា ភាគីខាងរថយន្ដ០១គ្រឿងម៉ាកស៊ាំយ៉ុង(ប្រភេទរថយន្តតូរីស) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2P-0642 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនក្រោយពេលកើតហេតុរួច)
នគរបាលស្រុកសំរោងទងបានបន្តថា ភាគីខាងកង់ទាំង២គ្រឿងខាងលើរួមមាន កង់មួយគ្រឿង អ្នកជិះឈ្មោះ ផូ ចាន់រី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (បានស្លាប់) និងមានអ្នកជិះក្រោយ១នាក់ឈ្មោះ យីម គីមឆាយ ភេទស្រី អាយុ១១ឆ្នាំ រស់នៅភូមិសម្ដេចឪ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (បានស្លាប់) និងកង់មួយគ្រឿងទៀតអ្នកជិះឈ្មោះ ផល សុខនុត ភេទស្រី អាយុ ១២ឆ្នាំ រស់នៅភូមិសែនដី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (បានស្លាប់) ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ដ០១គ្រឿងម៉ាកស៊ាំយ៉ុង(ប្រភេទរថយន្តតូរីស) ពណ៌ស បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅ ពីទិសខាងជើងទៅទិសខាងត្បូង លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយកង់ទាំង២គ្រឿង ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យអ្នកជិះកង់ស្លាប់ទាំង៣នាក់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ក្រោយកើតហេតុនគរបាលជំនាញចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ សពក្មេងៗរងគ្រោះទាំង០៣នាក់ ប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងរថយន្ត និងកង់នគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសែនដី រង់ចាំកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕






ចែករំលែកព័តមាននេះ