រាជធានីភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបញ្ជាឱ្យប៉ូលិសចរាចរណ៍ទូទាំងប្រទេស ផ្អាកការចាប់ផាកពិន័យជាបណ្ដោះអាសន្ន ចាប់ពីយប់ថ្ងៃនេះតទៅ រហូតដល់មានបញ្ជាជាថ្មី ។
យោងតាមបណ្តាញសង្គមរបស់ឯកឧត្តម ស សុខា បានសរសេរយ៉ាងដូច្នេះថា ៖ « បងប្អូនជនរួមជាតិជាទីគោរព! ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះតទៅតែម្ដង ខ្ញុំសម្រេចបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្ត ជាសេនាធិការ ផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រហូតដល់មានការបញ្ជាក់ជាថ្មី នាពេលក្រោយ ។
ក្នុងចន្លោះពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស និងបន្តអនុវត្តតួនាទីភារកិច្ចសម្របសម្រួលការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ជាពិសេសតាមដងផ្លូវជាតិសំខាន់ៗ ដែលមានការធ្វើចរាចរណ៍របស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ។
ក្នុងពេលជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដោយទទូច សូមបងប្អូនជនរួមជាតិ ដែលធ្វើដំណើរតាមដងផ្លូវមេត្តាគោរពច្បាប់ បើកបរប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនផ្ទាល់ រួមទាំងអ្នកដំណើរផ្សេងទៀតលើដងផ្លូវ!» ៕






ចែករំលែកព័តមាននេះ