នៅថ្ងៃទី១៥ ខែសីហា ប៉ូលិសថៃបានឆ្ម.ក់ចូលទីតាំងចំនួន ៣ កន្លែងក្នុងរាជធានីបាងកក និងខេត្តបាត់ទុមថានី ដោយបានចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ ណាត់កាន (Nattakan) អាយុ៣៥ឆ្នាំ និងស្ត្រីម្នាក់ទៀតឈ្មោះ វ៉ាន់ (Wan) សញ្ជាតិឡាវ អាយុ៥៥ឆ្នាំ ព្រមទាំងរឹបអូសបាននូវរបស់របរជាច្រើនដូចជា ទឹកស៊ីអ៊ីវ ទឹកត្រី ម្សៅស៊ុប កាហ្វេក្លែងក្លាយ និងឧបករណ៍ផលិតផ្សេងៗទៀតសរុបជាង ៧៥,៦៣៥មុខ ។

កន្លងមក អាជ្ញាធរបានរកឃើញក្រុមអ្នកលក់ដូរមួយក្រុមដែលលួចនាំទឹកត្រី និងទឹកស៊ីអ៊ីវក្លែងក្លាយចូលទៅក្នុងទីផ្សារឡាវ តាមស្រុកបាងប៉ាកុង ខេត្តឆាឈើវសៅ ដែលបង្កហានិភ័យដល់អ្នកប្រើប្រាស់ ដោយសារតែផលិតផលក្លែងក្លាយទាំងនោះមិនមានស្តង់ដារ ។
ក្រោយមកការស៊ើបអង្កេតបានបង្ហាញថា រៀងរាល់សប្តាហ៍ រថយន្តមួយគ្រឿងតែងតែដឹកជញ្ជូនទំនិញក្លែងក្លាយទាំងនោះ ទៅឲ្យអ្នកលក់រាយនៅក្នុងផ្សារ ។
មន្ត្រីបានតាមដានរថយន្តនោះទៅដល់អ្នកបើកបរឈ្មោះវ៉ាន់ ដែលរស់នៅក្នុងបន្ទប់ជួលមួយ នៅតំបន់ប្រាវេត ក្នុងរាជធានីបាងកក ។

មន្ត្រីបានប្រមូលភស្តុតាង និងស្នើសុំការអនុញ្ញាតពីតុលាការ ដើម្បីឆែកឆេរបន្ទប់នោះដែលពួកគេបានរកឃើញនូវទឹកត្រីក្លែងក្លាយមួយចំនួន ។ ក្រោយមកប៉ូលិសបាននាំខ្លួនអ្នកស្រី វ៉ាន់ ទៅសាកសួរ ដើម្បីពង្រីកការស៊ើបអង្កេតទៅលើប្រភពនៃផលិតផល ទើបបែកធ្លាយការពិតបថា ផលិតផលទាំងនោះត្រូវបានបញ្ជាទិញពីអ្នកស្រី ណាត់កាន តាមរយៈបណ្តាញអនឡាញ ហើយរោងចក្រ និងកន្លែងស្តុកទុក គឺស្ថិតនៅក្នុងស្រុកថាណយបុរី ខេត្តបាត់ទុមថានី ។
មន្ត្រីជំនាញ ក៏បានរកឃើញផងដែរថា ផលិតផលក្លែងក្លាយរបស់រោងចក្រនេះត្រូវបានផលិតដោយដៃសុទ្ធសាធ ដែលខ្វះអនាម័យ និងមិនមានស្តង់ដារសុវត្ថិភាព។

បន្ទាប់ពីឆែកឆេររួចរាល់ អាជ្ញាធរបានចេញដីកាចាប់ខ្លួនអ្នកស្រី ណាត់កាន និងការរឹបអូសសម្ភារៈទាំងអស់ ។ ជនសង្ស័យទាំងពីរនាក់ត្រូវបានសាកសួរ ហើយបានសារភាពទទួលកំហុស។
ស្ត្រីជនសង្ស័យទាំងពីរត្រូវបានចោទប្រកាន់ពីបទ «ក្លែងបន្លំម៉ាកពាណិជ្ជកម្ម និងលក់ម៉ាកពាណិជ្ជកម្មក្លែងក្លាយ ព្រមទាំងផលិតចំណីអាហារក្លែងក្លាយ» ។ ហើយទីបំផុត ត្រូវបាននាំខ្លួនទៅកាន់នាយកដ្ឋានស៊ើបអង្កេតផ្នែកទី១ នៃនាយកដ្ឋានបង្ក្រាបឧក្រិ.ដ្ឋកម្មបច្ចេកវិទ្យា ៕

ចែករំលែកព័តមាននេះ