រាជធានីភ្នំពេញ ៖ អ្នកដំណើរភ័យព្រលឹងចុងសក់គ្រប់គ្នា ពេលបានឃើញរថយន្តធុនយក្សសណ្ដោងរ៉ឺម៉ក១គ្រឿង ដឹកគ្រាប់ជ័ររាប់រយបាវ ដែលមានទម្ងន់រាប់តោនគ្របតង់ជិតឈឹង បើកចុះពីលើផ្លូវជាតិបត់ចូលទៅកាន់ផ្លូវបេតុង ដើម្បីយកជ័រទៅដាក់នៅក្នុងរោងចក្រផលិតដបទឹកសុទ្ធមួយកន្លែង ។ ខណៈនោះដោយសារតែដឹកធ្ងន់ ហើយផ្លូវក៏រឿងចោទបន្តិចផងនោះ ក៏ស្រាប់តែផ្អៀងកង់១ចំហៀង ហើយមិនអាចទប់ទល់និងទម្ងន់ដ៏ធ្ងន់បាន ក៏បានដាច់ទំពក់កន្ទុយរ៉ឺម៉ក បណ្ដាលឲ្យក្រឡាប់សង្កត់របងស័ង្កសីផ្ទះអ្នកភូមិទាំងកំរោល តែម្ដង ។

ឧប្បត្តិហេតុនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅនៅតាមផ្លូវលេខ១០៤ កែងផ្លូវបេតុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តខាងលើនោះម៉ាកហ៊ីយ៉ាន់ដាយព៍ណលឿង ពាក់ស្លាកលេខភ្នំពេញ3F-2405 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ហើយកាប៊ីនរថយន្តនោះ ក៏ត្រូវកន្ទុយរ៉ឺម៉ករុញផ្ទប់ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ ។

ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តសណ្តោងរ៉ឺម៉ក១គ្រឿងនោះដឹកទំនិញគ្របតង់បិទជិត ប៉ុន្តែពួកគាត់មិនបានដឹងថាជាទំនិញអ្វីនោះទេ បានបើកបរធ្វើដំណើរ តាមផ្លូវលេខ១០៤ ចេញពីរង្វង់មូលកួរស្រូវ ក្នុងទិសដៅពីកើតទៅលិច ។ ដោយនៅក្នុងកាប៊ីនរថយន្តនោះមានមនុស្សចំនួន៣នាក់ ក្នុងនោះរួមមានអ្នកបើកបរម្នាក់ និងព្រូម្នាក់ ព្រមទាំងកម្មករម្នាក់ផងដែរ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបត់ស្តាំចុះពីលើផ្លូវលេខ១០៤ ចូលផ្លូវតាមបេតុងចូលទៅរោងចក្រផលិតដបទឹកសុទ្ធ ។
ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា ខណៈនោះដោយសារតែផ្លូវរៀងចោទបន្តិច ក៏បានធ្វើឲ្យរថយន្តផ្អៀងកង់១ចំហៀង រួមនិងការផ្ទុកធ្ងន់ខ្លាំងពេកផងនោះ ក៏បណ្ដាលឲ្យដាច់ទំពក់កន្ទុយរ៉ឺម៉កក្រឡាប់សង្កត់របងស័ង្កសីផ្ទះអ្នកភូមិទាំងកំរោល ។ មិនតែប៉ុណ្ណោះបានក្រឡាប់កាត់ទទឹងបិទផ្លូវបេតុងនោះជិតមិនអាចឲ្យអ្នកដំណើរចេញចូលបានឡើយ ប៉ុន្តែសំណាងដែរ ដែលពេលនោះមិនបានសង្កត់លើអ្នកដំណើរណាម្នាក់នៅក្បែរនោះឡើយ ។

បើតាមយុវជនម្នាក់ដែលជាព្រូរថយន្តនោះបាននិយាយថា រថយន្តនោះដឹកគ្រាប់ជ័រ ចេញពីក្រុងបាវិតខេត្តស្វាយរៀង ព្រំដែនកម្ពុជា-វៀតណាម ហើយខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ស្ដាំចូលទៅកាន់រោងចក្រផលិតសំបកដបផ្សេងៗដូចជាដបទឹកសុទ្ធជាដើម ស្រាប់តែដាច់ទំពក់កន្ទុយរ៉ឺម៉ក បណ្ដាលឲ្យក្រឡាប់បែបនេះតែម្ដង ។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ខណ្ឌដង្កោបានចុះទៅកាន់ទីនោះ ជួយសម្រួលការធ្វើដំណើរចេញចូលរបស់អ្នកភូមិខាងលើ ។ បន្ទាប់មកបានឲ្យខាងតំណាងក្រុមហ៊ុនរថយន្តខាងលើដោះស្រាយជាមួយម្ចាស់របង ដើម្បីបញ្ចប់រឿងរួចស្ទូចយករថយន្តទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ព្រោះកាប៊ីនរថយន្តនេះ ក៏ត្រូវកន្ទុយរ៉ឺម៉ករុញផ្ទប់ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ ៕
ចែករំលែកព័តមាននេះ