ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវ​ទាំង ៦ Messi ពាក់​នៅ​កា​តា មិន​អាច​បំបែក​កំណត់​ត្រា​តម្លៃ​អាវ​របស់​លោក Maradona

4 ខែ មុន

អា​ហ្ស​ង់​ទី​ន ៖ អាវ​ចំនួន ៦ របស់​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi ដែល​ពាក់​អំឡុង​ការ​

អា​ហ្ស​ង់​ទី​ន ៖ អាវ​ចំនួន ៦ របស់​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi ដែល​ពាក់​អំឡុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២ (FIFA World Cup 2022) នៅ​កា​តា លក់ដាច់​ក្នុង​តម្លៃ​សរុប ៧.៨​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឯការ​ដេញថ្លៃ​របស់ Sotheby’s ដែល​ជា​សាជីវកម្ម​ពហុ​ជាតិ​បង្កើត​ដោយ​ចក្រភព​អង់គ្លេស ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​។

ប្រធាន​ក្រុម Lionel Messi រួមចំណែក​យ៉ាង​សំខាន់​ជួយ​អា​ហ្ស​ង់​ទី​ន​ឈ្នះ​ជើងឯក World Cup 2022 នៅ​ប្រទេស​កា​តា នៅ​ពេល​ដែល​អា​ហ្ស​ង់​ទី​ន​បាន​យកឈ្នះ​លើ​បារាំង ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

អាវ​ទាំង ៦ ត្រូវ​បាន Messi ពាក់​រួម​មាន ១ នៅ​ការ​ប្រកួត​តង់​ទី​១ វគ្គ​ផ្តាច់ព្រ័ត្រ ១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ១ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ១ នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ និង ២ នៅ​វគ្គ​ចែក​ពូ​ល​។ ទោះ​យ៉ាងណា​ក៏​ដោយ អាវ​ទាំង ៦ របស់ Messi នៅ​តែ​មិន​អាច​បំបែក​កំណត់​ត្រា​អាវ​អា​ហ្ស​ង់​ទី​ន «Hand of God» ឬ «​ដៃ​របស់​ព្រះ​» របស់​ស្តេច​បាល់ទាត់​អា​ហ្ស​ង់​ទី​ន​លោក Diego Maradona ដែល​លក់​ក្នុង​តម្លៃ ៩​លាន​ដុល្លារ កាលពី​ឆ្នាំ ២០២២ ដែល​អាវ​តែ​មួយ​នេះ ត្រូវ​បាន​លោក Maradona ពាក់​អំឡុង​ការ​ប្រកួត​របស់​អា​ហ្ស​ង់​ទី​ន​យកឈ្នះ​លើ​អង់គ្លេស​លទ្ធផល ២-១ វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ World Cup ឆ្នាំ ១៩៨៦ នៅ​ម៉ិ​ក​ស៊ិ​ក ដែល​គ្រានោះ​លោក​បាន​ប្រើ​ដៃ​ទះ​បាល់​បញ្ចូល​ទី​។

យ៉ាងណាមិញ អាវ​របស់​ស្តេច​បាល់ទាត់​អា​ហ្ស​ង់​ទី​ន Maradona ឈរ​នៅ​លេខ​២ សម្រាប់​អាវ​កីឡា​ដែល​ដាក់​ដេញ​បាន​តម្លៃ​ខ្ពស់ ខណៈ​ដែល​កំណត់​ត្រា​ពិភពលោក​គឺ​អាវ NBA របស់​កំពូល​កីឡាករ​បាល់បោះ​សហរដ្ឋអាមេរិក លោក Michael Jordan ដែល​ពាក់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ ១៩៩៨ ដែល​បាន​លក់​ក្នុង​តម្លៃ​កំណត់​ត្រា ១០.១​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន​។

ភ្នាក់ងារ​ដេញថ្លៃ Sotheby’s បាន​បញ្ជាក់​ថា ចំណែក​នៃ​ប្រាក់​ចំណូល​ពី​ការ​ដេញថ្លៃ​អាវ​របស់ Messi នឹង​ត្រូវ​បរិច្ចាគ​ទៅ​គម្រោង Unicas ដែល​ដឹកនាំ​ដោយ​មន្ទីរពេទ្យ​កុមារ Sant Joan de Deu Barcelona ប្រទេស​អេ​ស្ប៉ា​ញ ដោយ​មានការ​គាំទ្រ​ពី​មូលនិធិ Leo Messi ដើម្បី​បំពេញតម្រូវការ​របស់​កុមារ​ដែល​ទទួល​រង​ជំងឺ​កម្រ​។

គួរ​បញ្ជាក់​ថា Lionel Messi វ័យ​៣៦​ឆ្នាំ ដែល​ជា​ម្ចាស់​ពានរង្វាន់ Ballon d’Or ៨​សម័យកាល បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ FIFA World Cup ដែល​ស៊ុត​បញ្ចូល​ទី​គ្រប់​វគ្គ​តាំងពី​វគ្គ​ចែក​ពូ​ល វគ្គ​១៦​ក្រុម វគ្គ​៨​ក្រុម វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ នៅ​ក្នុង​ព្រឹត្តិការណ៍​តែ​មួយ​៕ (​ប្រភព ៖ BBC និង Forbes)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ