រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនប្រគល់ឱ្យប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ធ្វើការសាកសួរ បន្ទាប់ពីឆែកឆេររកឃើញនូវឧបករណ៍សម្រាប់កាច់.កម៉ូតូ និងឆ្កឹះសោមួយឈុត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅម្តុំផ្លូវបេតុងមាត់ប្រឡាយទឹកស្អុយ ចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំង៥នាក់ខាងលើនេះ សមត្ថកិច្ចមិនទាន់ឱ្យស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ដកហូតវត្ថុតាងរួមមាន ៖ ឧបករណ៍សម្រាប់កាច់.កម៉ូតូនិងឆ្កឹះសោមួយឈុត ព្រមទាំងម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IE 2219 មួយគ្រឿងផងដែរ។

បើតាមសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចអន្តរាគមន៍ពិសេសនៃអធិការដ្ឋានខណ្ឌមានជ័យ បានជិះធ្វើការល្បាតពួនស្ទាក់ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនិងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សមត្ថកិច្ចបន្តថា ខណៈពេលមកដល់ចំណុចខាងលើ ក៏ប្រទះឃើញបុរសជាជនសង្ស័យមួយក្រុម កំពុងតែជិះកង់បីឥណ្ឌាជាមួយគ្នា ហើយណាមួយដោយមានការសង្ស័យផងដែរ កម្លាំងសមត្ថកិច្ចក៏ធ្វើការឃាត់ និងសុំធ្វើការឆែកឆេរ ដើម្បីត្រួតពិនិត្យ ស្រាប់តែប្រទះឃើញនូវឧបករណ៍សម្រាប់កាច់.កម៉ូតូ និងឆ្កឹះសោមួយឈុតនៅក្នុងកាបូបស្ពាយរបស់ជនសង្ស័យទាំងនោះ។

សមត្ថកិច្ចបន្តទៀតថា បន្ទាប់មកសមត្ថកិច្ចក៏សម្រេចធ្វើការឃាត់ខ្លួន និងដកហូតយកវត្ថុតាងទាំងអស់ ប្រគល់ឱ្យផ្នែកជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីនៃច្បាប់ផងដែរ ៕


ចែករំលែកព័តមាននេះ