រាជធានីភ្នំពេញ ៖ វីដេអូឃ្លីបក្មេងស្រីម្នាក់ កំពុងតែអង្រួនបេះដូងមហាជន តាមរយៈសកម្មភាពតម្លើងគ្រឿងចម្លាក់ ឬក៏ទ្រង់គ្រឿងផ្សេងៗ ពិតជាមិនសរសើរមិនបាន ខណៈពេលដែលប្អូនជាក្មេងស្រីសោះ ប៉ុន្តែគាត់បែរជាចាប់យកអាជីពមួយនេះ ហើយថែមទាំងទឹកដៃល្អទៀតផងនោះ។

ប្រាកដណាស់ រឿងអ្វីក៏អាចធ្វើបានដែរ ប្រសិនបើចិត្តយើងចង់ធ្វើនោះ ដូចជាប្អូនស្រីរូបនេះអ៊ីចឹង ដោយប្អូនជាមនុស្សស្រី ជានារីភេ.ទមែនពិត ប៉ុន្តែប្អូនមិនបានយកភាពទន់ខ្សោយមកជាការរាំងស្ទះនោះឡើយ។ ដោយសារការងារអាចថា ជាឆ្នាំងបាយរបស់ប្អូន ព្រោះថា ប្អូនត្រូវជួយម្តាយពិការភាពរបស់នាង និងផ្គត់ផ្គង់ក្នុងគ្រួសារផងដែរ ហើយប្អូនក៏ជាកូនកំព្រាឪពុកតាំងពីក្មេងមកម្ល៉េះ ។

ក្នុងនោះផងដែរ តាមរយៈវីដេអូសកម្មភាពរបស់ប្អូន ឃើញថា មានគេចាប់អារម្មណ៍ជាច្រើន ដោយមានអ្នកចូលមើលក្នុងបណ្តាញយក្សសង្គមយក្ស Tik Tok រហូតដល់ទៅ ២.៣លាន អ្នកមើលឯណោះ តាមរយៈទឹកដៃ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ប្អូនផងដែរ។

គួររំលឹកថា ប្អូនស្រីមានជំនាញទ្រង់គ្រឿងតុបតែងនេះ គឺជាក្មេងស្រីម្នាក់ដែលឧស្សាហ៍ព្យាយាម ឆ្លាតវៃ និងមានភាពប៉ិនប្រសប់ក្នុងការធ្វើការងារ ក៏ដូចជាជួយម្តាយរបស់នាងផងដែរ ព្រោះនាងជាក្មេងស្រីកំព្រាឪពុកតាំងពីក្មេងខ្ចីមកម្ល៉េះ។ ហើយបងប្អូនអ្នកស្តាប់ ពិតជាចង់ជ្រាបហើយពីជីវិ.តក្មេងស្រីរូបនេះ តើនាងមានប្រវត្តិជីវិ.តបែបណា? តើមូលហេតុអ្វីជានាងចាប់យកជំនាញមួយនេះ? តើនាងបានជួយរឿងអ្វីខ្លះដល់ម្តាយពិការ ខណៈពេលដែលនាងកំព្រាឪពុកតាំងពីក្មេងនោះ?

តាមរយៈបទសម្ភាន៍ជាមួយសារព័ត៌មានកោះសន្តិភាព បងថ្លៃរបស់នាងមានឈ្មោះថា យ៉េប ប្រហ៊ីម បានប្រាប់អោយដឹងថា «នាងតូចដែលជាចេះទ្រង់គ្រឿង លំអរតុបលើរូបចម្លាក់នេះ នាងមានឈ្មោះ សូរ ស្រីរ័ត្ន។ ដោយនាងរស់នៅជាមួយលោក តាំងពីតូចមកម្ល៉េះ ហើយមូលហេតុដែលមកជាមួយលោកដែលជាបងថ្លៃនេះ គឺដោយសារលោកមិនចង់អោយប្អូនទៅធ្វើការឆ្ងាយពីគ្រួសារ ណាមួយប្អូនជាស្រីទៀត»។

បងថ្លៃរបស់នាងបន្តថា «ចំពោះលោកផ្ទាល់ លោកជាជាងចម្លាក់ ដូច្នេះលោកបានត្រឹមតែបង្រៀនប្អូន ជួយដល់ប្អូន ក៏ដូចជាម្តាយដែលជាជនពិការ មានការខ្វះខាតច្រើនក្នុងបន្ទុកគ្រួសារ។ ណាមួយនាងត្រូវជួយម្តាយ ដោយត្រូវលះបង់ការសិក្សា ភាពលេងសើច ក៏ដូចជាជួយបង់អង្គការជំនួសម្តាយពិការផងដែរ»។

បងថ្លៃរបស់ស្រីរ័ត្ន ដែលជាជាងចម្លាក់ បានប្រាប់បន្តថា «ស្រីរ័ត្ន ចេះទ្រង់គ្រឿងនេះច្រើនឆ្នាំមកហើយ ហើយនាងក៏បំពេញការងារមួយនេះបានល្អផងដែរ ពោលគឺដូចដែលបងប្អូនបានទស្សនាការទ្រង់គ្រឿង ក៏ដូចជាការលំអរតុបតែង ឬក៏ការដាក់ក្បាច់ផ្សេងៗទៅតាមរូបនីមួយៗ ។ ស្រីរ័ត្ន ដែលមានវ័យ១៨ឆ្នាំរូបនេះ នាងអាចរកចំណូលបានគួរសម ដោយក្នុងមួយថ្ងៃចំពោះកូនជាងដូចជានាង គឺអាចរកកម្រៃបានចាប់បិ ២០០០០រៀល ទៅ ៣០០០០រៀល ទុកគ្រាន់ដោះស្រាយជីវិ.ត និងសម្រាលបន្ទុកផ្សេងៗ ដែលនាងកំពុងតែពើបប្រទះផងដែរ»។

បងថ្លៃស្រីរ័ត្ន ឈ្មោះ យ៉េប ប្រហ៊ីម ដែលជាមេជាងចម្លាក់ បានបន្ថែមទៀតថា «ចំពោះសិប្បកម្មចម្លាក់ លោកអាចរកកម្រៃបានគួរសម តែក៏ចំណាយច្រើន»។ ដោយចំពោះរូបខ្លះ លោកបានបង្ហើបអោយដឹងថា «មានតម្លៃចាប់ពី៥០ដុល្លារ ៦០ដុល្លារ ឬ៨០ដុល្លាជាដើម ប៉ុន្តែរូបទាំងនោះ មិនមែនធ្វើមួយថ្ងៃ ពីរថ្ងៃហើយនោះទេ ត្រូវចំណាយពេលយូរទៅតាមទំហំរូប ប្រវែងរូប ក៏ដូចជាក្បាច់ក្បូរដែលរំលេចចេញផងដែរ»។

បន្ថែមពីនេះ លោកបន្តទៀតថា «នៅកន្លែងចម្លាក់របស់លោក ក៏មានក្មេងដែលគ្នាជួបការលំបាកច្រើន ដោយខ្លះកំព្រាដូចជាប្អូនស្រីរ័ត្នផងដែរ ដោយលោកចេះតែជួយ ដើម្បីអោយពួកគាត់មានការងារធ្វើ និងទទួលបានថវិការទុកគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ»៕ ដោយ ៖ លីហួ គីមឆាយ
ចែករំលែកព័តមាននេះ