រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង បានបើកបុកជាមួយរថយន្តស៊ីទែនដឹកស៊ីម៉ង់តិ៍ ដែលបត់ឆ្លងផ្លូវពេញទំហឹង បណ្ដាឲ្យផ្លោង អ្នកបើកបរតាមកញ្ចក់ ហើយកិនស្លាប់នៅក្រោមរថយន្ត ហើយរថយន្តបានបុករុញគ្នាជ្រុលឡើងចិញ្ចើមផ្លូវ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩និង៥០នាទីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ នៅចំណុចមុខក្រុមហ៊ុនតេលា ក្នុងភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ ផូ តូរ៉ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិព្រៃទាន់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ អ្នកបើកបរដឹកស៊ីទែនស៊ីម៉ង់តិ៍ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។
តាមនគរបាលមូលដ្ឋាន អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តដឹកស៊ីទែនស៊ីម៉ង់តិ៍ ម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-7305 បើកបរដោយជនរងគ្រោះ និងរថយន្តដឹកឥដ្ឋ ០១គ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ បាត់ដំបង 3A-0863 ធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង (បព្ច្រាស់ទិសគ្នា) បើកបរដោយឈ្មោះ សេន ភីរុណ ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងឈូក ស្រុកព្រះស្តេច ខេត្តព្រះស្តេច (ឃាត់ខ្លួន) ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តដឹកស៊ីទែនស៊ីម៉ង់តិ៍ ម៉ាក HINO ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង។ នៅពេលមកដល់កន្លែងកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ ហើយស្រាប់តែមានរថយន្ត ដឹកឥដ្ឋ ០១គ្រឿង ម៉ាកធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូងមកបុកចំក្បាលរថយន្តពេញទំហឹង ។
តាមសាក្សី បានអោយដឹងទៀតថា នៅក្នុងគ្រោះថ្នាក់រថយន្តដឹកឥដ្ឋ បានបុករុញរថយន្តដឹកស៊ីម៉ង់តិ៍ ទៅផ្ទប់សួនច្បារ ក្បែរចិញ្ចើមផ្លូវ និងបណ្តាលអ្នកបើកបរប៉ើងចេញក្នុងកាប៊ីនរថយន្ត តាមកញ្ចក់មុខ ហើយត្រូវរថយន្តកិនស្លាប់។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ អ្នកបើកបររថយន្តដឹកឥដ្ឋ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
រថយន្តទាំង២គ្រឿង ត្រូវបាននគរបាលចរាចរណ៍ ចុះទៅវាស់វែងរួចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី ៕



ចែករំលែកព័តមាននេះ