ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! Lionel Messi និង Cristiano Ronaldo នឹង​ត្រូវ​តតាំង​គ្នា​នៅ​ដើមឆ្នាំ​ក្រោយ

4 ខែ មុន

អន្តរជាតិ ៖ កំពូល​កីឡាករ​បាល់ទាត់ Lionel Messi និង Cristiano Ronaldo នឹង​ត្រូវ​ប៉ះ​គ្នា​សារ​ជា​ថ្មី​ម្តង

អន្តរជាតិ ៖ កំពូល​កីឡាករ​បាល់ទាត់ Lionel Messi និង Cristiano Ronaldo នឹង​ត្រូវ​ប៉ះ​គ្នា​សារ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​ក្លិប Inter Miami បាន​ប្រកាស​អំពី​ការ​ប្រកួត​ដំណើរ​ទេសចរណ៍​មុន​បើក​រដូវ​កាល​ថ្មី ដោយ​ត្រូវ​ប៉ះ​ក្រុម Al-Hilal និង Al-Nassr នៅ​ឆ្នាំ​ក្រោយ​។

មុន​ឈាន​ដល់​ការ​ប្រកួត​ប្រកាស​ពី​ការ​ប្រកួត​ទល់​នឹង Al-Nassr ក្លិប Inter Miami ធ្លាប់​បដិសេធ​ដំណឹង​អំពី​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ ដែល​ផ្ទុះ​ឡើង​កាលពី​ខែ​មុន ដែល​ពួក​គេ​អះអាង​ថា គឺជា​ពាក្យ​ចចាមអារ៉ាម​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ឥឡូវនេះ ក្រុម​នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក​មួយ​នេះ ប្រកាស​អំពី​ជំនួប​ដ៏​កក្រើក​នេះ ដែល​ជា​ការ​ជួប​គ្នា​រវាង​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi និង​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ។

តាម​ការ​បង្ហោះ​របស់​ក្លិប Inter Miami លើ​បណ្តាញ​សង្គម X បានឱ្យ​ដឹង​ថា ពួក​គេ​នឹង​មាន​២​ប្រកួត​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ក្នុង​ការ​ប្រកួត Riyadh Season Cup 2024 ជា​ផ្នែក​នៃ​ដំណើរ​ទេសចរណ៍​អន្តរជាតិ​លើក​ដំបូង​របស់​ខ្លួន ដោយ​ត្រូវ​ប៉ះ Al-Hilal ដែល​មាន​កំពូល​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar កំពុង​ប្រកប​អាជីព​នៅ​ទីនោះ នៅ​ថ្ងៃ​ទី​២៩ ខែមករា និង​បន្ត​ប៉ះ Al-Nassr នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ​។ ជាមួយនឹង​ដំណឹង​នេះ អ្នកគាំទ្រ​បាល់ទាត់​ជុំវិញ​ពិភពលោក ជា​ពិសេស​អ្នកគាំទ្រ​កំពូល​កីឡាករ​ពិភពលោក​ខាងលើ បង្ហាញ​អារម្មណ៍​រីករាយ ក៏​ដូច​ជា​ទន្ទឹង​យ៉ាង​អន្ទះសារ​សម្រាប់​ការ​ប្រកួត​ដ៏​អស្ចារ្យ​រវាង Inter Miami និង Al-Nassr​។

ការ​ជួប​គ្នា​ចុង​ក្រោយ​រវាង​កំពូល​ខ្សែប្រយុទ្ធ​ទាំង​ពីរ​កើតឡើង​កាលពី​ខែមករា ដើមឆ្នាំ​នេះ ពោល​នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង PSG គ្រា​ដែល Messi ប្រកប​អាជីព​នៅ​បារាំង​ទល់​នឹង​ក្រុម​អា​រ៉ាប់ All Star ដែល​ត្រូវ​ជ្រើសរើស​ចេញពី​ក្រុម Al Nassr និង​ក្រុម Al Hilal នៅ​ទីក្រុង Riyadh ទឹកដី​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បាន​បញ្ចប់​ទៅ​ដោយ PSG យកឈ្នះ​លទ្ធផល ៥-៤ ។

គួរ​រំលឹក​ថា Lionel Messi បាន​ផ្លាស់​ពី​ក្លិប PSG មក​ចូលរួម​ជាមួយ​ក្លិប Inter Miami កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៣ ជាមួយ​កុងត្រា​២​ឆ្នាំ ខណៈ​ដែល Cristiano Ronaldo បាន​ចេញពី​ក្លិប Manchester United ទៅ​ចូលរួម​ជាមួយ​ក្លិប Al Nassr កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២២ លើ​កុងត្រា​រហូត​ដល់​ឆ្នាំ ២០២៥៕ (​ប្រភព ៖ Goal.com និង beIN SPORTS)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ