កូវអាគុយពីឡាន១គ្រឿងទៅ១គ្រឿងទៀត តែបញ្ឆេះមិនរួច អត់ដកខ្សែកូវចេញ ឆ្លងចរន្តឆេះផ្អើល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX-300 មួយគ្រឿង ត្រូវបានម្ចាស់ចតទុកចោលមិនដែលជិះយូរ
រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX-300 មួយគ្រឿង ត្រូវបានម្ចាស់ចតទុកចោលមិនដែលជិះយូរ
រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX-300 មួយគ្រឿង ត្រូវបានម្ចាស់ចតទុកចោលមិនដែលជិះយូរមកហើយ លុះពេលបញ្ឆេះ ស្រាប់តែអត់ឆេះ ព្រោះអាគុយអស់ភ្លើង ។ បន្ទាប់មកម្ចាស់រថយន្តបានយកខ្សែភ្លើងទៅតកូវពីរថយន្ត១គ្រឿងទៀតដើម្បីបញ្ឆេះ ប៉ុន្តែនៅតែបញ្ឆេះមិនឆេះឡើយ ។ ខណៈនោះគាត់មិនបានដកខ្សែភ្លើងដែលកូវអាគុយនោះចេញភ្លាមៗទេ គឺទុកចោលមួយសន្ទុះក៏ស្រាប់តែឆ្លងចរន្តក្លាយជាអណ្ដាតភ្លើងបង្កឲ្យមានការឆាបឆេះសន្ធោសន្ធៅតែម្ដង។

ហេតុការណ៍ខាងលើនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងរោងចក្រQMI ស្ថិតនៅក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តម៉ាកឡិចស៊ីសRX-300 មួយគ្រឿងខាងលើនោះ ពណ៌ខ្មៅ រងការខូចខាតស្ទើរទាំងស្រុង ហើយវាជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ ស៊ិន ម៉ាឡា អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ គាំង ចន្ធូ អាយុ៣៣ឆ្នាំ អ្នកទាំង២មានមុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត១គ្រឿងនេះត្រូវបានម្ចាស់ចតទុកចោលនៅក្នុងផ្ទះយូរមកហើយ គាត់មិនដែលជិះវាទេ ដោយសារតែគាត់មានរថយន្ត២គ្រឿង ជាហេតុធ្វើឲ្យអាគុយរបស់វាអស់ភ្លើង។ លុះដល់ថ្ងៃកើតហេតុ គាត់នឹកឃើញចង់បញ្ឆេះវាម្ដង ស្រាប់តែបញ្ឆេះអត់ឆេះសោះ បន្ទាប់មកគាត់ក៏បានយករថយន្តរបស់គាត់១គ្រឿងទៀតមកជិត រួចយកខ្សែភ្លើងតកូវអាគុយគ្នា ហើយកាច់សោដេរបញ្ឆេះច្រើនដង ប៉ុន្តែនៅតែបញ្ឆេះមិនឆេះទៀត។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះម្ចាស់ក៏ឈប់ដេរបញ្ឆេះតទៅទៀត ហើយគាត់ក៏មិនបានដកខ្សែភ្លើងដែលតកូវអាគុយនោះចេញភ្លាមៗទេ មិនដឹងជាភ្លេចឬបែបណានោះទេ គឺទុកចោលមួយសន្ទុះក្រោយមកក៏ស្រាប់តែឆ្លងចរន្តក្លាយជាអណ្ដាតភ្លើង បណ្ដាលឲ្យមានការឆាបឆេះរថយន្តឡិចសុីសRX-300នោះសន្ធោសន្ធៅ បង្កឲ្យមានការភ្ញសក់ផ្អើលទាំងព្រឹកតែម្ដង។

តាមប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពេលនោះម្ចាស់រថយន្តព្រមទាំងអ្នកជិតខាងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ភ្លើងអស់ជាង១០បំពង់ និងតទុយោបាញ់ទឹកផង ទើបភ្លើងរលត់ទៅវិញទាំងស្រុង ។ ប៉ុន្តែរថយន្តនេះបានរងការខូចខាតស្ទើតែទាំងស្រុង តែមិនបានឆេះរាលដល់ផ្ទះនិងសម្ភារៈនៅក្នុងផ្ទះរបស់គាត់ឬផ្ទះអ្នកជិតខាងនោះឡើយ ៕
















ចែករំលែកព័តមាននេះ