លោកសុខ សំណាង ចាងហ្វាងកាសែតដំណឹងថ្មី ដែលលោកធ្លាប់ទទួលរងគ្រោះដួលក្នុងបន្ទប់ទឹក ដោយជំងឺលើសឈាម បណ្តាលឱ្យដាច់សរសៃឈាមក្នុងខួរក្បាលកាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០១០ កន្លងទៅនៅសណ្ឋាគារមួយនៅឯខេត្តព្រះសីហនុ ក្នុងពេលចុះបំពេញការងារនៅទីនោះ រហូតមកដល់ពេលនេះរូបលោកកំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត ដែលត្រូវបងប្អូនបញ្ជូនមកកាលពីព្រឹកព្រលឹមថ្ងៃទី២១ ឧសភា ឆ្នាំ២០១១ ។ ស្ថានភាពជំងឺរបស់លោកមានភាពធ្ងន់ធ្ងរខ្លាំងណាស់ដេកស្តូកស្តឹងមិនដឹងខ្លួន បំពាក់ដោយឧបករណ៍អុកស៊ីសែននៅតែដង្ហើមមិនអាចមានសង្ឃឹមតទៅទៀតបានទេ គឺរង់ចាំតែញាតិមិត្ត និងកូនមកដល់តែប៉ុណ្ណោះ ។
ប្រភពពីប្អូនប្រុសរបស់លោកសុខ សំណាង បានឱ្យដឹងថា លោកសុខ សំណាង បន្ទាប់ពីដួលដាច់សរសៃឈាមក្នុងបន្ទប់ទឹកនៅខេត្តព្រះសីហនុ រួចមក លោកបានទទួលការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំំងអស់លោក លោកជំទាវជាច្រើនរូបទៀត ដោយមានការឧបត្ថម្ភក្នុងការព្យាបាលធ្វើឱ្យរូបលោកមានការធូរស្រាលអាចងើបអង្គុយបាន ហូបបាន ស្តាប់បាន ទោះបីមិនអាចនិយាយបានក៏ដោយ គាត់បានដឹងអ្វីៗគ្រប់យ៉ាងឡើងវិញ នោះគឺជាគុណបំណាច់ដ៏ថ្លៃថ្លាបំផុតមិនអាចកាត់ថ្លៃបានឡើយ ។ ក្នុងពេលនេះលោកសុខ សំណាង មិនត្រឹមមានជំងឺធ្ងន់ធ្ងរប៉ុណ្ណោះទេ គឺប្រពន្ធកូនបានរត់ទៅរស់នៅឯបរទេសចោលទៀតធ្វើឱ្យលោកមានបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ប្អូនប្រុសលោកសុខ សំណាង បានបន្តទៀតថា ដោយជំងឺបងប្រុសបានវិវឌ្ឍទៅមុខមិនបែរក្រោយបែបនេះ ធ្វើឱ្យស្ថានភាពជំងឺក៏កាន់តែមានសភាពធ្ងន់ធ្ងរឡើងៗម្តងទៀតនៅព្រឹកថ្ងៃទី២១ ឧសភា ក៏បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ជាបន្ទាន់តាមរថយន្តសង្គ្រោះ។ រយៈពេលបីថ្ងៃមកហើយមកដល់ថ្ងៃទី២៣ ឧសភា ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរមិនអាចមានសង្ឃឹមឡើងវិញនោះទេ គឺនៅមានតែដង្ហើមរង់ចាំតែកូនរបស់គាត់ត្រឡប់មកពីប្រទេសក្រៅនៅព្រឹកថ្ងៃទី២៤ ឧសភា និងធ្វើការបញ្ជូនទៅលំនៅឋានខ្ទមប្រក់ស័ង្កសីក្បែររោងចក្រអគ្គិសនីទី២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
លោកសុខ សំណាង បច្ចុប្បន្នមានអាយុ៦០ឆ្នាំ ចាប់អាជីពជាអ្នកកាសែតជាង២០ឆ្នាំមកហើយ ។ មុនពេលធ្លាក់ខ្លួនឈឺ គាត់ជាចាងហ្វាងកាសែតដំណឹងថ្មី មានប្រពន្ធនិងកូនពីរនាក់ បានឃ្លាតឆ្ងាយពីរូបគាត់ទៅនៅប្រទេសក្រៅក្នុងពេលមានជំងឺ ។ រូបលោកត្រូវពឹងផ្អែកលើប្អូនស្រី ប្អូនប្រុសបង្កើត និងសប្បុរសជនជួយជាទឹកប្រាក់សម្រាប់ព្យាបាលជំងឺ ប៉ុន្តែពេលនេះជីវិតរបស់លោកជិតដល់ទីបញ្ចប់ទៅហើយ ។ ប្អូនស្រី ប្អូនប្រុសបង្កើតរបស់លោកសុខ សំណាង បានលើកដៃសំពះដល់សប្បុរសជនមេត្តាជួយឧបត្ថម្ភប្រាក់តាមសទ្ធាជ្រះថ្លាដើម្បីចាត់ចែងជីវិតចុងក្រោយរបស់លោកសុខ សំណាង នេះផង និងសូមមេត្តាទាក់ទងមកទូរស័ព្ទលេខ០១៧ ៧២៥ ២១១ រីឯអាសយដ្ឋាននៅភូមិព្រែកតាគង់ ជាប់អគ្គិសនីទី២ ចាក់អង្រែលើ ខណ្ឌមានជ័យ ៕
ចែករំលែកព័តមាននេះ