រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីកាលពីថ្ងៃទី២៣ ឧសភា ២០១១ ដែលកោះសន្តិភាពទទួលបានឱ្យដឹងថា កម្មវិធីអាហារូបករណ៍រយៈពេលខ្លីធ្វើការជ្រើសរើស២ដងក្នុងមួយឆ្នាំតាមរយៈដំណើរការមួយដែលមានលក្ខណៈប្រកួតប្រជែង ។ សម្រាប់វគ្គទីមួយដើមឆ្នាំ២០១១ នេះ មន្ត្រីរាជការកម្ពុជាចំនួន៦១រូប ត្រូវបានជ្រើសរើស ។ ពួកគាត់នឹងត្រូវទទួលការបណ្តុះបណ្តាលនៅប្រទេសអូស្ត្រាលីនាពាក់កណ្តាលចុងឆ្នាំ២០១១នេះ ។ បើយើងប្រៀបធៀបជាមួយនឹងវគ្គមុនៗនេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់នៃជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការកសាងសមត្ថភាពដល់មន្ត្រីរាជការកម្ពុជា ។
កម្មវិធីអាហារូបករណ៍រយៈពេលខ្លីនេះមានវិសាលភាពធំធេងក្នុងការគាំទ្រទៅលើវិស័យនានា ដែលជាអាទិភាពសម្រាប់ការអភិវឌ្ឍន៍រួមគ្នារវាងអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជាដូចជាវិស័យសុខាភិបាល អភិបាលកិច្ច កំណើនសេដ្ឋកិច្ច បរិស្ថាន ព្រមទាំងផ្នែកគោលនយោបាយការបរទេស និងពាណិជ្ជកម្ម ។ កម្មវិធីអាហារូបករណ៍នេះរៀបចំឡើងជាពិសេសសម្រាប់អ្នកជំនាញមានកម្រិតដែលមានបំណងពង្រឹងបន្ថែមទៅលើសមត្ថភាពរបស់ខ្លួន ។ ចាប់តាំងពីឆ្នាំ២០០៧មក មន្ត្រីរាជការកម្ពុជាចំនួន១៤៨រូប ដែលត្រូវបានជ្រើសរើសទៅទទួលការបណ្តុះបណ្តាល និងបង្កើនសមត្ថភាពជំនាញរយៈពេលខ្លី និងមធ្យមនៅប្រទេសអូស្ត្រាលីក្រោមកម្មវិធីអាហារូបករណ៍រយៈពេលខ្លី ។
ស្ថានទូតអូស្ត្រាលីបន្តថា កម្មវិធីនេះបើកសម្រាប់អ្នកមានជំនាញខ្លះៗ ហើយពួកគេកំពុងមាន ឬអាចមានសក្តានុពលក្នុងការឈានទៅកាន់តួនាទីដឹកនាំណាមួយក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍នានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាមេរិកឡាទីន ការីប៊ីន អាហ្រ្វិក និងមជ្ឈិមបូព៌ា ។ ស្ថានទូតអូស្ត្រាលីសូមជម្រាបផងដែរថា បច្ចុប្បន្នកម្មវិធីអាហារូបករណ៍អូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍ ADS និងកម្មវិធីអាហារូបករណ៍អូស្ត្រាលីសម្រាប់ភាពជាអ្នកដឹកនាំ ALA (www.australiaawards.gov.au) កំពុងជ្រើសរើសនិស្សិតទៅសិក្សាថ្នាក់ក្រោមឧត្តមសិក្សារួមមានបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្ត្រាលី ។
កាលបរិច្ឆេទនៃការឈប់ទទួលពាក្យថ្នាក់ក្រោមឧត្តមសិក្សានេះគឺនៅថ្ងៃទី៣១ ឧសភា ២០១១ ។ សម្រាប់ព័ត៌មានបន្ថែម កម្មវិធីអាហារូបករណ៍អូស្ត្រាលីរយៈពេលខ្លីសម្រាប់ភាពជាអ្នកដឹកនាំសូមចូលទៅកាន់គេហទំព័រ (www.ausaid.gov.au/schola/alafellow.cfm) ៕
ចែករំលែកព័តមាននេះ