រាជធានីភ្នំពេញ៖លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស បានគូសបញ្ជាក់ថា ភូមិសាស្ត្រនយោបាយរបស់កម្ពុជា បច្ចុប្បន្ន ជានយោបាយការទូតទន់ភ្លន់ ពង្រីកមិត្តភាព នៅគ្រប់ទីកន្លែង ក្នុងតំបន់ និងក្នុងពិភពលោក ពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី។
លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ បានថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅព្រលានយន្តអន្តរជាតិភ្នំពេញ ភ្លាមៗ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វិលត្រឡប់មកពីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម។
អតីតអ្នកកាសែតខ្មែរ-បារាំងជាង ៣០ឆ្នាំ លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ បានហៅអ្នកវិភាគនយោបាយ ដែលនាំគ្នា លើកឡើងថា ការដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសវៀតណាម គឺដើម្បីស្អំបេះដូងវៀតណាម ថាគឺជាអ្នកវិភាគ ឬអត្ថាធិប្បាយនយោបាយ បែបស៊ីអារម្មណ៍។
លោក តាន់ ហ្សង់ ហ្វ្រង់ស័រ បានបញ្ជាក់ថា «បងប្អូនកូនក្មួយ ប្រហែលជានៅចាំថា កាលពីប៉ុន្មានឆ្នាំមុន អ្នកអត្ថាធិប្បាយនយោបាយស៊ីអារម្មណ៍មួយចំនួន ហៅពេញៗមាត់ថា រាជរដ្ឋាភិបាលកម្ពុជា ជាអាយ៉ងយួន ដែលជាពាក្យធ្ងន់ធ្ងរ ប៉ុន្តែតាមការសង្កេតមួយរយៈពេលនេះ ពាក្យនេះ បានស្បើយទៅៗ មិនរបូតពីមាត់គាត់ឆាប់រហ័ស ដូចពីមុនទៀតទេ»។
លោកបានបន្តថា ការដែលអ្នកអត្ថាធិប្បាយ លែងនិយាយចេញពីបបូរមាត់ដូច្នេះ ដោយសារតែគាត់ យល់ឃើញថា មហាជនខ្មែរ ចាប់ផ្តើម ឬបាន និងបន្តយល់កាន់តែច្បាស់ពីយន្តការ ឬពីគន្លឹះធំៗ នៃភូមិសាស្ត្រនយោបាយ ក្នុងតំបន់ និងពិភពលោក។
លោកបានគូសបញ្ជាក់ថា «បានន័យថា មហាជនខ្មែរ យល់កាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ ថា កម្ពុជាមិនមែនជាអាយ៉ងយួន ឬជាអាយ៉ងរបស់ប្រទេសណាមួយឡើយ។ ម្ល៉ោះហើយ នៅពេលនេះ ពួកអ្នកវិភាគ ឬពួកអត្ថាធិប្បាយ ដែលមាននិន្នាការនយោបាយច្បាស់ក្រឡែត លែងសូវប្រើពាក្យអាយ៉ង តែប្រើពាក្យស្អំបេះដូង ស្អំចិត្ត យកចិត្តវៀតណាម យកចិត្តចិន ទៅវិញ»។
យ៉ាងណាក្តី លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ក៏បានលើកឡើងទៀតថា ទោះបីជាពួកគេដូរពាក្យនិយាយអត្ថាធិប្បាយក្តី តែគំនិតរបស់គេ នៅតែចោទមកលើរាជរដ្ឋាភិបាលកម្ពុជា នៅតែជាប្រទេសរណប។ ក៏ប៉ុន្តែពួកគាត់ ក៏បានដឹងពីសភាពការណ៍ ដែលថា កម្ពុជា ក៏ដូចជា វៀតណាម ជាប្រទេសសមាជិកអាស៊ាន គឺគ្មានប្រទេសណា រណប ឬប្រទេសណាអាយ៉ងប្រទេសណានោះទេ សូម្បីតែប្រធានាធិបតីចិន ទៅវៀតណាម គ្មានបំណងបង្កើតសត្រូវនោះទេ គឺដើម្បីពិភាក្សាគ្នា រកការទ្រទ្រង់គ្នាទៅវិញទៅមក។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្ថែមថា «ស្ថិតក្នុងបរិបទភូមិសាស្ត្រនយោបាយ ដែលមានការផ្លាស់ប្តូរដ៏សែនរហ័សបំផុតនេះ តាមខ្ញុំយល់ អ្នកវិភាគ ឬអ្នកអត្ថាធិប្បាយ ដែលមាននិន្នាការច្បាស់ក្រឡែត ចាប់ផ្តើមយល់។ ម្លោះហើយ ពេលអស់ការតាំងខ្លួន ជាវិទូ ក្នុងការវិភាគនយោបាយខ្មែរ ហើយដឹងថា មហាជនចាប់អារម្មណ៍លើបញ្ហានយោបាយតំបន់ បានជាពួកគេ បានចាប់ផ្តើមតាំងខ្លួន ជាអ្នកនយោបាយវិទូម្តង ដោយគេប្រើពាក្យស្អំបេះដូង ឬយកចិត្តអ្នកនេះអ្នកនោះវិញម្តង»។
យ៉ាងណាក្តី បើតាមការបញ្ជាក់របស់លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សូមអរគុណដល់អ្នកធ្វើអត្ថាធិប្បាយទាំងនោះ ដែលបានប្រើពាក្យស្អំបេះដូង ដែលពាក្យនេះ មានលក្ខណៈវិជ្ជមានទៅវិញទេ។ព្រោះថា វាស្តែងឲ្យឃើញពីនយោបាយការទូតបែបទន់ភ្លន់របស់កម្ពុជា ក្នុងភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ សង្កត់ធ្ងន់ថា «នយោបាយការទូតទន់ភ្លន់របស់កម្ពុជា គឺពង្រីកមិត្តភាព នៅគ្រប់ទីកន្លែង ក្នុងតំបន់ និងក្នុងពិភពលោក ពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី គឺជាយន្តការ ដែលនឹងហុចមក ក្នុងរយកាលខ្ លីមធ្យម ឬវែង នូវផលប្រយោជន៍ សម្រាប់ប្រទេសជាតិកម្ពុជា»៕ អ៊ាង ប៊ុនរិទ្ធ
ចែករំលែកព័តមាននេះ