ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆមាសទី១ ឆ្នាំ២០២៣ នេះ កម្ពុជា បង្ក្រាប និងសង្គ្រោះជនរងគ្រោះពី​អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម​ផ្លូវភេទ ចំនួន ៨៧​​ករណី​

5 ខែ មុន
  • ភ្នំពេញ

​ភ្នំពេញ៖ របាយការណ៍ ឆមាសទី១ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធ​ប្រឆាំងអំពើ​ជួញដូរមនុស្ស បង្ហាញ​ថា ការ​បង្ក្រាប និងសង្គ្រោះជនរងគ្រោះ ដែលធ្វើ​ឡើងដោយ​នាយកដ្ឋាន​ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន…

​ភ្នំពេញ៖ របាយការណ៍ ឆមាសទី១ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធ​ប្រឆាំងអំពើ​ជួញដូរមនុស្ស បង្ហាញ​ថា ការ​បង្ក្រាប និងសង្គ្រោះជនរងគ្រោះ ដែលធ្វើ​ឡើងដោយ​នាយកដ្ឋាន​ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រួមទាំង​ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺ​បានតាមដាន​ស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និង​អំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ៨៧ករណី (ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ មានចំនួន ៧៤ករណី កើនឡើងចំនួន ១៤ករណី) ស្មើនឹង ១៧,៥៦%។

ក្នុងនោះ របាយការណ៍ ក៏បានបង្ហាញថា ក្នុងប្រតិបត្តិការនោះ អាជ្ញាធរសមត្ថកិច្ច បានឃាត់ខ្លួនជន​សង្ស័យ បញ្ជូនទៅសាលាដំបូងចំនួន ៩៦នាក់/៨៣នាក់ (ស្រី ១៥នាក់) អនីតិជន ១៥នាក់។ ជនសង្ស័យ​បរទេស ចំនួន ០៤នាក់ (ស្រី០១នាក់) មានជនជាតិចិនម្នាក់ ហ្វីលីពីន ម្នាក់ អាមេរិក ម្នាក់ និងជនជាតិវៀតណាម​ម្នាក់​។ សង្គ្រោះ​ជនរងគ្រោះ ចំនួន ២៨១នាក់/១៥៦នាក់(ស្រី ១៧៧នាក់) ក្នុងនោះ អាយុក្រោម ១៥ឆ្នាំ ៧៨នាក់ អាយុ១៥-១៧ឆ្នាំ ២៣នាក់ និងអាយុពី ១៨ឆ្នាំឡើង ១៨០នាក់ (ប្រគល់ឱ្យមន្ទីរសង្គមកិច្ច ៧០នាក់ និង ប្រគល់ឱ្យគ្រួសារ ២១១នាក់)។

របាយការណ៍ ក៏បានបង្ហាញថា ករណីអំពើជួញដូរមនុស្ស៖ បង្ក្រាបបាន ១០ករណី/១៦ករណី (ថយចុះ០៦ករណី) ឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ (ស្រី០២នាក់) អនីតិជនម្នាក់ ជនបរទេស ០៣នាក់ (ស្រីម្នាក់) មានជនជាតិចិនម្នាក់, ហ្វីលីពីន (ស្រី ) ម្នាក់ អាមេរិកម្នាក់។ សង្គ្រោះជន​រងគ្រោះចំនួន ១៤៣នាក់ (ស្រី៤៩នាក់) ក្នុងនោះ អាយុក្រោម ១៥ឆ្នាំ ០៦នាក់ អាយុ១៥-១៧ឆ្នាំ ០៣នាក់ និងអាយុ ១៨ឆ្នាំឡើង ១៣៤នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ១១នាក់ និងប្រគល់ឱ្យ​គ្រួសារ ១៣២នាក់)។

ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ៖ បង្ក្រាបបាន ៧៧ករណី/៥៨ករណី (កើន១៩ករណី) ឃាត់ខ្លួន​ជនសង្ស័យចំនួន ៨៥នាក់ (ស្រី១៣នាក់) អនីតិជន ១៤នាក់ និងជនជាតិវៀតណាម ម្នាក់។ សង្គ្រោះ​ជនរងគ្រោះចំនួន ១៣៨នាក់ (ស្រី១៣៧នាក់) មានអាយុក្រោម ១៥ឆ្នាំ ៧២នាក់ អាយុ១៥-១៧ឆ្នាំ ២០នាក់ និងអាយុ១៨ឆ្នាំឡើង ៤៦នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៥៩នាក់ និងប្រគល់ឲ្យគ្រួសារ ៧៩នាក់)។

របាយការណ៍ខាងលើនេះ ត្រូវបានលើកបង្ហាញ កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះ ក្នុងពិធី​ខួបលើកទី១៧ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យា ជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស»។

ការប្រារព្ធទិវាជាតិនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​លោក​អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ។ ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ បណ្ដាក្រសួង ស្ថាប័នរបស់​រាជរដ្ឋាភិបាល ព្រះសង្ឃ អាជ្ញាធរជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងបណ្ដាដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សិស្សានុសិស្ស ប្រជាពលរដ្ឋសរុបប្រមាណ ៣​០០០នាក់។

ការជួបជុំនៅកោះពេជ្រនេះ គឺជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយរបស់គណៈកម្មាធិការជាតិ ដែលមានគោលបំណងផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជនជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការដៃគូជាតិ-អ​ន្តរជាតិ វិស័យឯកជន ក៏ដូចជា បុព្វជិត គ្រប់និកាយសាសនាទាំងឡាយ នៅទូទាំងប្រទេសកម្ពុជា ឲ្យចូលរួមសហការ ដើម្បីការពារប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ពីរាល់ទម្រង់នៃជួញដូរមនុស្ស​ និងការកេង​ប្រវ័ញ្ចគ្រប់រូបភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ