ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការលក់ឡានអគ្គិសនីក្នុងទីផ្សារម៉ាឡេស៊ីនៅទ្រឹង ព្រោះតម្លៃខ្ពស់ និងកង្វះស្ថានីយសាកថ្ម

3 អាទិត្យ មុន

ប្រទេសម៉ាឡេស៊ី ៖ យោងតាមប្រភពពីសារព័ត៌មាន South China Morning Post កាលពីថ្មីៗនេះ បាន

ប្រទេសម៉ាឡេស៊ី ៖ យោងតាមប្រភពពីសារព័ត៌មាន South China Morning Post កាលពីថ្មីៗនេះ បានរាយការណ៍ថា តម្រូវការរថយន្តអគ្គិសនី នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានរំពឹងថានឹងនៅទ្រឹងរហូតដល់ឆ្នាំក្រោយ ដោយសារតែអ្នកមានប្រាក់ចំណូលខ្ពស់បានទិញរថយន្តថ្មីរួចហើយ។ ស្របពេលដែលប្រជាជនម៉ាឡេស៊ីភាគច្រើន កំពុងស្ទាក់ស្ទើរលើការទិញរថយន្តអគ្គិសនី ព្រោះតែតម្លៃខ្ពស់ និងកង្វះស្ថានីយសាកថ្ម។

យោងតាមទិន្នន័យពីសមាគមយានយន្តម៉ាឡេស៊ី ដែលហៅកាត់ថា MAA បានបង្ហាញថា ទីផ្សាររថយន្តរបស់ប្រទេសម៉ាឡេស៊ីមានការកើនឡើងនៅឆ្នាំ ២០២៣ ជាមួយការលក់សរុបកើនឡើងជិត ១១%។ ទោះយ៉ាងណាក៏ដោយ រថយន្តអគ្គិសនីមានចំនួនត្រឹមតែ ១០,១៥៩គ្រឿងប៉ុណ្ណោះ ពោលត្រឹមជាង ១% នៃចំនួនរថយន្តថ្មីជិត ៨០ម៉ឺនគ្រឿង ដែលបានចរាចរណ៍លើដងផ្លូវ កាលពីឆ្នាំមុន។
អ្នកជំនាញក្នុងវិស័យយានយន្តម៉ាឡេស៊ីបានលើកឡើងថា ការលក់បានឈានដល់ការជាប់គាំង។

អ្នកប្រើប្រាស់បានបង្ហាញចាប់អារម្មណ៍លើរថយន្តអគ្គិសនី ដែលមានតម្លៃសមរម្យ។ ប្រជាជនភាគច្រើនបាននិយាយថា ពួកគេនឹងទិញរថយន្តអគ្គិសនី ប្រសិនបើតម្លៃស្ថិតក្នុងរង្វង់ពី ៧ម៉ឺន ទៅ ៨ម៉ឺន រីងហ្គីត ដែលស្មើនឹង ១៤,៩៤០ ទៅ ១៧,០៦៦ដុល្លារអាម៉េរិក។ ប៉ុន្តែអ្វីៗខុសពីការរំពឹងទុក ដោយសារតែរថយន្តអគ្គិសនី នៅក្នុងប្រទេសម៉ាឡេស៊ីមានតម្លៃលើសពី ១០ម៉ឺន រីងហ្គីត ឬលើសពី ២១,២៥៣ដុល្លារ ដែលមានតម្លៃថ្លៃពេកសម្រាប់ពួកគេ។

រដ្ឋបាលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានកំណត់គោលដៅដ៏មានមហិច្ឆតាក្នុងការផ្លាស់ប្ដូរ ១៥% នៃរថយន្តទាំងអស់នៅលើផ្លូវរបស់ម៉ាឡេស៊ី ទៅជារថយន្តអគ្គិសនី នៅឆ្នាំ ២០៣០ ដែលជាផ្នែកនៃផែនការដ៏ទូលំទូលាយ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតធំៗ រួមទាំងក្រុមហ៊ុន Tesla របស់សហរដ្ឋអាម៉េរិក សម្រាប់ការបង្កើតផលិតកម្មនៅក្នុងប្រទេសម៉ាឡេស៊ី។

យ៉ាងណាមិញ មិនមែនតែប្រទេសម៉ាឡេស៊ីនោះទេ ប៉ុន្តែការចំណាយលើការផ្លាស់ប្ដូរការប្រើប្រាស់រថយន្តសាំងទៅជារថយន្តអគ្គិសនី គឺជាចំណុចដ៏លំបាកមួយនៅទូទាំងតំបន់តែម្ដង។ ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក បានឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់ក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ពោលគឺធ្លាក់ចុះរហូតដល់ ៣១% មកនៅត្រឹម ១.៧៦លានគ្រឿង សម្រាប់រថយន្តអគ្គិសនីសុទ្ធ និងកូនកាត់ Plug-in Hybrids ។ នេះបើរបាយការណ៍ពីសមាគមរថយន្តអ្នកដំណើរចិន ដែលហៅកាត់ថា CPCA៕ (ប្រភព ៖ South China Morning Post រូបភាព ៖ Bloomberg និង The Star)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ