រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានប្រកាសពីលទ្ធផលប្រតិបត្តិការស៊ើបអង្កេតករណីឃាតកម្មលើជនជាតិកូរ៉េខាងត្បូង បន្ទាប់ពីប្រទះឃើញរថយន្តដឹកសាកសពមួយគ្រឿងក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលប្រតិបត្តិការស៊ើបអង្កេតករណីឃាតកម្មលើជនជាតិកូរ៉េខាងត្បូងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥បានឲ្យដឹងថា យោងតាមរបាយការណ៍លទ្ធផលប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ក្នុងខណៈដែលនគរបាលចុះល្បាតជំនាញ បានប្រទះឃើញរថយន្តដឹកសាកសពមួយគ្រឿង ក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត វេលាម៉ោង០២:០០នាទីរំលងអធ្រាត្រ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។
ភ្លាមនោះ នគរបាលបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន២នាក់ ដែលទី១-ឈ្មោះ LI XINGPENG ហៅ YOU FU ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២-ឈ្មោះ ZHU RENZHE ហៅ CHEA KER ភេទប្រុស អាយុ៤៣ឆ្នាំ ដែលក្នុងនោះម្នាក់ជាអ្នកបើកបរ និងម្នាក់ទៀតរួមដំណើរដឹកសព ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉ាជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ បានរត់គេចខ្លួន ។
្រោយពិនិត្យអត្តសញ្ញាណឃើញថា សព ឈ្មោះ PARK MINHO ភេទប្រុស អាយុ២២ឆ្នាំ ជា និស្សិតជនជាតិកូរ៉េខាងត្បូងបានធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៥។ បន្ទាប់ពីការធ្វើកោសល្យវិច័យបឋមរកឃើញថា សពជនរងគ្រោះបានស្លាប់ដោយគាំងបេះដូង ដែលបណ្តាលមកពីការធ្វើទារុណកម្ម ដោយមានស្នាមជាំជាច្រើនកន្លែងលើរាងកាយ ។
អង្គហេតុនេះបញ្ជាក់ថា នគរបាលកម្ពុជាពុំបានទទួលព័ត៌មាន ឬបណ្ដឹងពីក្រុមគ្រួសារសព ឬក៏ពីស្ថានទូតកូរ៉េខាងត្បូង ដូចការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ដែលថា គ្រួសារសពបានស្វែងរកកិច្ចអន្តរាគមន៍ ជួយសង្គ្រោះតាមរយៈស្ថានទូត និងនគរបាលមូលដ្ឋាននោះទេ ។
ប្រភពបន្តថា តាមការវិភាគជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងស្នងការដ្ឋាន នគរបាលខេត្តកំពតបានបន្តស៊ើបអង្កេត និងឈានទៅបង្ក្រាបផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលជាកន្លែងស្នាក់នៅរបស់ជនរងគ្រោះមុនពេលស្លាប់ និងជាទីតាំងដែលត្រូវបានកំណត់មុខសញ្ញាថា មានសកម្មភាពអនឡាញខុសច្បាប់ ។
ក្នុងការបង្ក្រាបនោះ នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ LIU HAO XING ហៅ TA THOV ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាអ្នកគ្រប់គ្រងអគារ និងបានដកហូតសម្ភារវត្ថុតាងពាក់ព័ន្ធមួយចំនួន ។ ដោយឡែក ជនសង្ស័យម្នាក់ទៀតឈ្មោះ ហាយ ភេទប្រុស ជនជាតិចិន អាយុប្រហែល៣០ឆ្នាំ បានរត់គេចខ្លួនបាត់ ។ ក្រោយពីការប្រមូលភស្តុតាងការស្តាប់ចម្លើយជនសង្ស័យ ការបំពេញកិច្ចការជំនាញស្របតាមនីតិវិធី កំណត់ដោយច្បាប់ នគរបាលយុត្តិធម៌បានកសាងសំណុំរឿងយ៉ាងមូល និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធី ។
ក្រោយបំពេញនីតិវិធីស៊ើបអង្កេតផ្ទៀងផ្ទាត់ភស្តុតាង និងស្តាប់ចម្លើយជនសង្ស័យទាំងបីនាក់ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំងនោះ និងបក្សពួកចំនួន២នាក់ទៀត ពីបទឃាតកម្ម ដោយអំពើឃោរឃៅ និងបទឆបោក (តាមប្រព័ន្ធបច្ចេកវិទ្យា) ក្នុងមាត្រា២០៥, មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ៤០១ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីបន្តការ ស៊ើបសួរ។
ជាលទ្ធផល ចៅក្រមស៊ើបសួរសាលាសំបូងខេត្តកំពត បានសម្រេចឃុំខ្លួនជនសង្ស័យទាំង៣នាក់ ជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកំពត។ មកដល់ពេលនេះ នគរបាលយុត្តិធម៌ក្រសួងមហាផ្ទៃ កំពុងសស្រាក់សស្រាំធ្វើប្រតិបត្តិការស្វែងរក ចាប់ខ្លួនបក្ខពួកជនល្មើស២នាក់ទៀត តាមការសម្របសម្រួលនីតិវិធីពីសំណាក់អាជ្ញាធរតុលាការឱ្យបានជាដាច់ខាត យកមកអនុវត្តទោសតាមច្បាប់ជាធរមាន។
លើសពីនេះ ក៏កំពុងពន្លាតការស៊ើបអង្កេតរកប្រភពដើមនៃទីកន្លែងកើតបទល្មើសដំបូង រួមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត ប្រសិនបើមានដោយសហការយ៉ាង ជិតស្និទ្ធជាមួយស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាតាមទិដ្ឋភាពច្បាប់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមជម្រាបជូនផងដែរថា ក្រសួងមហាផ្ទៃ កំពុងរៀបចំលិខិតផ្លូវការ ភ្ជាប់ជាមួយឯកសារពាក់ព័ន្ធនានា ជូនស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដើម្បីជ្រាប ។
ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញតំណាងស្ថានទូតកូរ៉េខាងត្បូង ដើម្បី មកស្តាប់ការពន្យល់ផ្ទាល់ និងបង្ហាញបច្ចុប្បន្នភាព បន្ថែមពីលើឯកសារផ្លូវការផងដែរ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់ម្តងទៀតអំពីសុច្ឆន្ទៈរបស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំប្រកបដោយប្រតិភាណរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាប បទល្មើសឆ្លងដែនគ្រប់ប្រភេទជាអាទិ៍ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដែលជាបទល្មើសរួមរបស់ មនុស្សជាតិ តម្រូវឱ្យរដ្ឋនីមួយៗ ចាំបាច់ត្រូវស្រាក់ដៃគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ ឱ្យបានស្រុះគ្នា ស្មើដៃគ្នា ដូចជាការផ្សព្វផ្សាយអប់រំ ឱ្យពលរដ្ឋនៃរដ្ឋនីមួយៗបានយល់អំពីហានិភ័យនៃបទល្មើសប្រភេទនៃបទល្មើសល្បិចកលជនល្មើស និងវិធីបង្ការខ្លួនពីអន្ទាក់នៃបទល្មើស ។
ជារួមដើម្បីប្រយុទ្ធប្រឆាំងនឹង បទល្មើសជាសកលនេះ មានតែរដ្ឋនីមួយៗបន្តសហការជាមួយគ្នាជាជាងការប្រើអារម្មណ៍ ឬឆ្លៀតកេងចំណេញពីការរងគ្រោះរបស់ប្រជាពលរដ្ឋខ្លួន ដោយទម្លាក់បន្ទុកទៅលើប្រទេសណាមួយ ដែលនេះ គឺជាការផ្តល់ឱកាសឱ្យជនល្មើសបន្តប្រព្រឹត្តបទល្មើសបានយ៉ាងស្រួលទៅវិញទេ៕
ចែករំលែកព័តមាននេះ