ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​និង​ចិន សម្រេច​អ្វីខ្លះ​ក្នុង​​ជំនួប​នៅ​ប៉េ​កាំ​ង?

3 អាទិត្យ មុន
  • ភ្នំពេញ

​កម្ពុជា​និង​ចិន​ក្រៅពី​ពូន​ជ្រុំ​ ក៏​ដូច​ជា​លើកកម្ពស់​ទំនាក់ទំនង​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ​និង​ចំណងមិត្តភាព​ដែកថែប ភាគី​ទាំង​ពីរ​កំពុង​តែ​រិ​ត​បន្តឹង​នូវ​ក្របខណ្ឌ កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ជា​ពិសេស​ ការ​បង្កើត​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​​ និង «​ច្រករបៀង​មច្ឆា…

​កម្ពុជា​និង​ចិន​ក្រៅពី​ពូន​ជ្រុំ​ ក៏​ដូច​ជា​លើកកម្ពស់​ទំនាក់ទំនង​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ​និង​ចំណងមិត្តភាព​ដែកថែប ភាគី​ទាំង​ពីរ​កំពុង​តែ​រិ​ត​បន្តឹង​នូវ​ក្របខណ្ឌ កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ជា​ពិសេស​ ការ​បង្កើត​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​​ និង «​ច្រករបៀង​មច្ឆា និង​អង្ករ​»​។

ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ទាំងនេះ ក្រសួងការបរទេស​កម្ពុជា​បាន​ប្រកាស​ថា នៅ​ក្នុង ដំណើរ​ទស្សនកិច្ច​របស់​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ការ​បរទេស និងសហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នៅ ចិន ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៤ លោក​បាន​ពិភាក្សា​ជាមួយនឹង​លោក វ៉ាង យី (WANG YI) សមាជិក​ការិយាល័យ នយោបាយ និង​ជា​ប្រធាន​ការិ​យាល័យ​គណៈកម្មការ​កិច្ច ការ​បរទេស​នៃ​គណៈកម្មាធិការ មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លើ​បញ្ហា​នេះ​បន្ថែម​ទៀត​។

ក្នុង​ឱកាស​ទស្សនកិច្ច​នេះ លោក សុខ ចិន្តា​សោភា ​ពិភាក្សា​ដោយ​ភាព​ស៊ីជម្រៅ និង​គ្របដណ្តប់​លើ​ការងារ​អាទិភាព​ជា​ច្រើន​ដែល​ត្រូវជំរុញ​អនុវត្ត ដើម្បី​លើកកម្ពស់​ទំនាក់ទំនង ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក្នុង​នោះ​រួម​មាន​កិច្ចសហប្រតិបត្តិការ​វិស័យ នយោបាយ ការពារ​ជាតិ​និង​សន្តិសុខ ពាណិជ្ជកម្ម​និង​វិនិយោគ ថាមពល ការ​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ការ​ផ្លាស់​ប្តូ​រវាង​ប្រជាជន​និង​ប្រជាជន អប់រំ ទេសចរណ៍ និង​វប្បធម៌​។

រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ បាន​ពិភាក្សា​នូវ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​កុងសង់ស៊ីស របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ជា​ពិសេស​ កា​រប​ង្កើត​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​” និង «​ច្រករបៀង​មច្ឆា និង​អង្ករ​» កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ថាម​ពល​ស្អាត​ការ​អភិវឌ្ឍ​ផ្លូវដែក និង​ការ​ជំរុញ​កំណើន ពាណិជ្ជកម្ម​តាម រយៈ​ការ​អនុវត្ត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​។

ក្នុង​គោលបំណង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ច្រើន លោក វ៉ាង យី ស្វាគមន៍​សំណើ​កម្ពុជា ឱ្យ​ភាគី​ចិន​សិក្សា​លទ្ធភាព ពង្រីក ឬ​បង្កើត​តំបន់​សេដ្ឋកិច្ច ពិសេស​ថ្មី​បន្ថែម​ទៀត​នៅ​កម្ពុជា និង​ផ្តល់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សំដៅ បង្កើន​ចំនួន កម្លាំង​ពលកម្ម​ជំនាញ​នៅ​កម្ពុជា និង​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ធំ​ៗ​នៅ​កម្ពុជា រួម​មាន​ផ្នែក​ដឹក​ជញ្ជូន ឡូ​ជី​ស្ទិ​ក ប្រព័ន្ធ​ស្រោ​យ​ស្រព និង​ប្រព័ន្ធ​ធា​រាស្ត្រ រួម​ទាំង គម្រោង គ្រប់គ្រង​ធនធានទឹក ចម្រុះ​ហ្វូ​ណ​ន​តេ​ជោ​ដែល​មាន​សារសំខាន់ ជា​យុទ្ធសាស្ត្រ​ដោយ​ចិន​មានបទ​ពិសោធន៍ ជោគជ័យ​ជា​យូរ​មក​ហើយ​លើ​វិស័យ​ទាំងនេះ​។

លោក វ៉ាង យី ក៏​បាន​សន្យា​លើកទឹកចិត្ត ក្រុមហ៊ុន និង​សហគ្រាស ចិន​ឱ្យ​ធ្វើការ​វិនិយោគ នៅ​កម្ពុជា និង​ពង្រីក​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា ថែម​ទៀត​។ ភាគី​ទាំង​ពីរ​បាន ឯកភាព​ផង​ដែរ​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ និង មាន​សក្តានុពល ដូច​ជា អប់រំ ទេស​ចរណ៍ កសិកម្ម​ទំនើប កា​រត​ភ្ជាប់ សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​បញ្ញា​សិប្បនិម្មិត​។

ប្រមុខ​ការទូត​ទាំង​ពីរ​បាន​ពិភាក្សា និង​ផ្លាស់​ប្តូរ​ទស្សនៈ​ជាមួយ​គ្នា លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ផលប្រយោជន៍​រួម ហើយ​បាន​អះអាង​ជា​ថ្មី​ក្នុង​ការ​ជំរុញ​កិច្ច​សហ ប្រតិបត្តិការ​ឱ្យ​កាន់ តែ​ជិត​ស្និទ្ធ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី រួម​មាន​អាស៊ាន​-​ចិន មេគង្គ​-​ឡាន​ឆាង និងអង្គការ​សហប្រជាជាតិ ដើម្បី​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​។

លោក សុខ ចិន្តា​សោភា និង​ថ្នាក់ដឹកនាំ​ចិន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កំណើន ភាពរឹងមាំ​នៃ ចំណងមិត្តភាព​ដែកថែប ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ ដែល ត្រូវ​បាន​លើកទឹកចិត្ត​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច និង​ការ​ប្រាស្រ័យ​ទាក់ទង កម្រិត​ខ្ពស់​ជា ញឹកញាប់ ហើយ​បាន​ឯកភាព​បន្ត​ជំរុញ​ឱ្យ​កាន់តែ​ច្រើន និង​ជិត​ស្និទ្ធ​ថែម​ទៀត ទាំង​ក្នុង​ក្រប​ខណ្ឌ​នីតិប្រតិបត្តិ និង នីតិបញ្ញត្តិ​។ ថ្នាក់ដឹកនាំ​ចិន​បាន​សង្កត់ធ្ងន់​អំពី​ការ​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​ការ​ជ្រើសរើស​មាគ៌ា​អភិវឌ្ឍន៍​ប្រទេស ស្រប​តាម​លក្ខខណ្ឌ​ជាតិ​របស់​ខ្លួន និង​ក្នុង​ការ​ដើរតួ​នាទី​កាន់តែ​សំខាន់​លើ​ឆាក​អន្តរជាតិ​។

លោក សុខ ចិន្តា​សោភា ក៏​បាន​គូសបញ្ជាក់​អំពី​ជំហរ​ជា​គោលការណ៍​របស់​កម្ពុជា ក្នុង ការ​ប្រកាន់ខ្ជាប់​នូវ “​គោល នយោបាយ​ចិន​មួយ​» និង​ចាត់​ទុក​បញ្ហា​ហុងកុង តៃវ៉ាន់ ទី​បេ និង​ស៊ី​ន​ជាំ​ង ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ព្រម ទាំង​បន្ត​គាំទ្រ​តួនាទី​កាន់តែសកម្ម​របស់​ចិន ក្នុង​កិច្ចការ​អន្តរជាតិ​។ ភាគី​ទាំង​ពីរ​បាន​ទទួលស្គាល់​សារៈសំខាន់ នៃ​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន ក៏​ដូច​ជា​វប្បធម៌​និង​វប្បធម៌ និង​បាន​ឯកភាព​គ្នា​សហការ​ជិត​ស្និទ្ធ ក្នុង​ការ​បង្កើន ការ​ផ្លាស់​ប្តូរ​នេះ ជា​ពិសេស​ក្នុង​ចំណោម​យុវជន ។

អត្ថបទសរសេរ ដោយ