ខេត្តកណ្ដាល ៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានចុះទៅបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង កាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ចំណុចដីវាលដែលមានព័ទ្ធរបងជុំវិញ ស្ថិតនៅក្នុងភូមិព្រៃរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយបានធ្វើការឃាត់ខ្លួនអ្នញៀនល្បែងជល់មាន់នេះបាន៧នាក់ រួមជាមួយមាន់គករស់១ក្បាល ងាប់១ក្បាល ព្រមទាំងវត្ថុតាងច្រើនទៀតផងដែរ ។

នគរបាលបានប្រាប់ថា ក្រុមអ្នកលេងល្បែងជល់មានដែលត្រូវឃាត់ខ្លួននោះសុទ្ធតែជាបុរសទាំងអស់រួមមាន១-ឈ្មោះ ដុំ តុលា អាយុ ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិកើតហេតុគឺជាម្ចាស់សង្វៀន ។ ២-ឈ្មោះ ឆែម សុភាព អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិដូនម៉ៅរីករាយ ឃុំដូនម៉ៅរីករាយ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ។ ៣-ឈ្មោះ សែម អុីម អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

៤-ឈ្មោះ គង់ សំភាស់ អាយុ៤៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលភូមិព្រៃសំរោង ឃុំដំណាក់អំបិល ស្រុកអង្គស្នួល ។ ៥-ឈ្មោះ ជឿង សាវី អាយុ៣៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ។ ៦-ឈ្មោះ សន សុវណ្ណា អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកើតហេតុ ។ ៧-ឈ្មោះ យឺន យន អាយុ៥៣ឆ្នាំ មុខរបររត់កង់បី មានទីលំនៅភូមិទន្លាប់ខ្ពស់ជើង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ។

នគរបាលបានប្រាប់ទៀតថា ក្រុមអ្នកញៀនល្បែងជល់មាន់នេះ បាននាំគ្នាបើកលេងដោយលួចលាក់នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងបានដំណើរការមួយរយៈពេលមកហើយ ។ អ្នកទាំងនោះបានលែងភ្នាល់ដាក់លុយច្រើនៗ គួរសម ហើយអ្នកដែលយកមាន់ចូលទៅជល់នៅទីតាំងនោះបានបង់លុយទៅឲ្យម្ចាស់សង្វៀនក្នុងមាន់១គូចំនួន៤ម៉ឺនរៀល (លុយតុង) ។ ដោយអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទប់ស្កាត់រាល់បទល្មើសនានា កម្លាំងនគរបាលស្រុកអង្គស្នួល បានធ្វើការស្រាវជ្រាវ រហូតកំណត់បានទីតាំងសង្វៀនជល់មាន់ខាងលើនោះបានជាក់លាក់ រួចក៏ចុះទៅបង្ក្រាបតែម្ដង ។

នគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្នុងពេលនោះក្រៅពីឃាត់ខ្លួនមនុស្សទាំង៧នាក់ កម្លាំងបានដកហូតយកវត្ថុតាងមួយចំនួនរួមមាន មាន់រស់១ក្បាល ងាប់១ក្បាល,ម៉ូតូម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ2021 ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-1490 ។ ម៉ូតូម៉ាកហ្សូមម័រអ៊ិច ពណ៌ខ្មៅលាយលឿងចាស់ ផលិតឆ្នាំ2017 ពាក់ស្លាកលេខ កណ្តាល 1AE-8554 ។ ជញ្ជីងថ្លឹងគីឡូមាន់១គ្រឿង,ខ្នាយមាន់ធ្វើអំពីដែកចំនួន០២គូ,ស្កុតសម្រាប់រុំជើងមាន់ចំនួន០៣ដុំ ,កន្ត្រកស្ពាយដាក់មាន់១ និងសំបកស្កុតដែលប្រើប្រាស់រួចមួយចំនួន ។ បន្ទាប់មក បាននាំទាំងមនុស្សនិងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ចាត់ការតាមផ្លូវច្បាប់៕







ចែករំលែកព័តមាននេះ